(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្ដប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវលុបបំបាត់ឱ្យអស់រាល់បាតុភាពអសកម្មនានា ពិសេសមន្ត្រីនគរបាលចរាចរណ៍ចំពោះការអនុវត្តច្បាប់ចរាចរណ៍ថ្មី ត្រូវមានអត្តចរិតសុភាពរាបសា ជាមួយប្រជាពលរដ្ឋ ប៉ុន្តែត្រូវម៉ឺងមាត់ចំពោះមុខច្បាប់ ដើម្បីឱ្យការអនុវត្តច្បាប់មានប្រសិទ្ធភាព ដើម្បីធានានូវសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នៅដងផ្លូវជូនប្រជាពលរដ្ឋ។
ការជំរុញបែបនេះរបស់លោក ផាន់ ចាន់ធុល បានធ្វើឡើងនាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញ នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ជូនមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។
លោកអភិបាលខេត្ត បានថ្លែងថា យើងជាមន្ត្រីអនុវត្តច្បាប់ ដូច្នេះត្រូវគោរពឱ្យបានម៉ឺងម៉ាត់ នូវវិន័យរបស់កងកម្លាំង ដើម្បីក្លាយខ្លួនជាមន្ត្រីគំរូ មានរបៀបរបបការងារល្អ ដោយឆ្លើយតបបាននូវរាល់សំណូមពរការងារនាបច្ចុប្បន្ននេះ ជាពិសេសត្រូវពង្រឹងកិច្ចសហការល្អ ជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដោយយកច្បាប់ជាមូលដ្ឋាន ហើយត្រូវមានយុត្តិធម៌ និងមិនលំអៀងចំពោះប្រជាពលរដ្ឋ។
នាឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានជំរុញដល់កងកម្លាំងសមត្ថកិច្ច អនុវត្តន៍ ច្បាប់ទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ បំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយក្រមសីធម៌ វិជ្ជាជីវៈ និងវិន័យរបស់កងកម្លាំង ដើម្បីធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ។
បើតាមការបញ្ជាក់របស់លោកឧត្ដមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាល ខេត្តប៉ៃលិន ដែលបានប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង គឺមានចំនួន១៥រូប៖ ក្នុងនោះថ្នាក់ឧត្តមសេនីយ៍ត្រី ១រូប ថ្នាក់វរសេនីយ៍ឯក ៣រូប ថ្នាក់វរសេនីយ៍ទោ ៧រូប និងថ្នាក់វិរសេនីយ៍ត្រី ៤រូប៕