(ភ្នំពេញ)៖ ទីភ្នាក់ងារ សហប្រតិបត្តិការ អន្ដរជាតិ កូរ៉េ (កយកា-KOICA) បានផ្តល់សម្ភារបង្ការមេរោគកូវីដ១៩ មួយចំនួនជូនដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរកុមារជាតិ។
ពិធីប្រគល់សម្ភារបង្ការមេរោគកូវីដ១៩ បានធ្វើឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពលោក នោ ហ្យន់ជូន (Rho Hyun-Jun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំការិយាល័យប្រទេសកម្ពុជា, លោក អ៉ឹម សួរ ប្រធានសមាគមន៍អតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA), លោកសាស្រ្តាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងលោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ។
KOICA បានអះអាងថា ការផ្តល់សម្ភារនេះ ដើម្បីជួយសម្រាលបន្ទុកមន្ទីរពេទ្យថ្នាក់ជាតិទាំងពីរក្នុងការឆ្លើយតបឱ្យទាន់ពេលវេលានៃការរាតត្បាតជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ និងដើម្បីធានាសុខសុវត្ថិភាពដល់អ្នកជំងឺក៏ដូចជាបុគ្គលិកមន្ទីរពេទ្យផងដែរ។
សម្ភារៈដែលបានផ្តល់ជូនដោយទីភ្នាក់ងារ KOICA ផ្តល់ជូននេះរួមមាន៖ ម៉ាស់ពេទ្យចំនួន ១០ម៉ឺន, ម៉ាស់អិន៩៥ (N95) ចំនួន ៤,៥០០ម៉ាស់, ជែលលាងដៃសម្លាប់មេរោគចំណុះ ៥០០មិល្លីលីត្រចំនួន ២,០០០ដប ហើយនិងភេសជ្ជៈប៉ូវកម្លាំងមួយចំនួនផងដែរ។ ដោយឡែកសមាគមន៍ CAMKAA ក៏បានផ្តល់ជូនម៉ាស់ពេទ្យចំនួន ២ម៉ឺនម៉ាស់បន្ថែមទៀត។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៧មក ទីភ្នាក់ងារ KOICA បាននឹងកំពុងតែជួយដល់ក្រសួងសុខាភិបាលលើជំហានទី១ នៃគម្រោងការពារស្រាវជ្រាវ និងឆ្លើយតបទៅនឹងជំងឺឆ្លងផ្សេងៗ ដូចជាជំងឺកូវីដ១៩នាពេលបច្ចុប្បន្ននេះស្រាប់ តាមរយៈមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (US CDC)។
ជំហានទី២នៃគម្រោងនឹងចាប់ផ្តើមជាផ្លូវការនៅក្នុងខែឧសភា ឆ្នាំ២០២០នេះ ដោយមានទឹកប្រាក់ជំនួយសរុបចំនួន ៨.៥លានដុល្លាអាមេរិក សម្រាប់រយៈពេល៦ឆ្នាំ៕