(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានស្នើដល់ក្រុមអ្នកផលិតអំបិល ក៏ដូចជាអ្នកផ្គត់ផ្គង់អំបិលលើទីផ្សារ ក្នុងប្រទេសត្រូវរួមគ្នា ធ្វើយ៉ាងណាសិក្សាត្រៀមបម្រុងអំបិល សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់លើទីផ្សារ ក្នុងប្រទេសឱ្យបានគ្រប់គ្រាន់ ព្រោះតម្រូវការអំបិល ប្រើប្រាស់ត្រូវការប្រើប្រាស់ក្នុងវិស័យជាច្រើន ជាពិសេសការប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតែម្តង។
ការស្នើបែរនេះ របស់លោក ជាវ តាយ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ ក្នុងលោកអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំ ស្ដីពីការពិនិត្យពិភាក្សា លើការងារផលិតអំបិលក្នុងខេត្ត ដោយមានចូលរួមពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំ អង្គភាពចំណុះសាលាខេត្ត មន្ទីរ និងអាជ្ញាធរក្រុង ស្រុក និងឃុំ សង្កាត់ ពាក់ព័ន្ធនៃក្រុងកំពត និងស្រុកទឹកឈូព្រមទាំងក្រុមអ្នកផលិតអំបិល ជាច្រើនរូបច្រើនផងដែរ។
លោកអភិបាលខេត្ត ជាវ តាយ បានលើកឡើងថា កិច្ចប្រជុំពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីរួមគ្នាពិនិត្យ ពិភាក្សាអំពីវឌ្ឍនភាព នៃការផលិតអំបិល ក្នុងខេត្តកំពត ឆ្នាំ២០២០នេះ ដោយធ្វើយ៉ាងណាឱ្យការផលិតអំបិល បន្តធានាបានទាំងគុណភាព និងបរិមាណឆ្លើយតបតម្រូវការផ្គត់ផ្គង់លើទីផ្សារប្រើប្រាស់ក្នុងប្រទេសកម្ពុជា ឱ្យបានគ្រប់គ្រាន់ប្រកបដោយនិរន្តរភាពថែមទៀត។
លោកអភិបាលខេត្តបានឱ្យដឹងថា បើទោះបីក្នុងរយៈកាលឆ្នាំ២០១៨-២០១៩ កន្លងមកនេះ មានការប្រឈមខ្លះ ដែលពាក់ព័ន្ធនឹងការផលិតអំបិល ដោយសារកត្តាអាកាសធាតុ ស្រែអំបិលមួយចំនួនមិនបានអនុវត្តការផលិត និងមួយចំនួនទៀតអនុវត្ត ហើយខ្វះកម្លាំងពលកម្មផងជាលទ្ធផល ក្នុងផលិតផលអំបិលមានការខ្វះខាត ក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។ ប៉ុន្តែសម្រាប់ឆ្នាំ២០២០នេះ បើទោះបីមានការថយទាំងចំនួនក្រុមអ្នកផលិត និងបរិមាណផ្ទៃដីស្រែផលិត ក៏ពិតមែន ក៏ប៉ុន្តែតាមការសង្កេតឃើញថា ការងារផលិតផលអំបិល មានលក្ខណៈអំណោយផលល្អ គ្មានបញ្ហាការរាំងស្ទះដល់ការងារផលិត កត្តាទាំងនេះបានធ្វើឱ្យក្រុមអ្នកផលិត មានការខិតខំយកចិត្តទុកដាក់ប្រឹងប្រែងទទួលខុសត្រូវខ្ពស់ នៃការផលិត ឆ្លើយតបការប្រើប្រាស់ក្នុងប្រទេសបានល្អប្រសើរ។
ប៉ុន្តែបើទោះបីយ៉ាងណា លោក ជាវ តាយ ក៏បានដាក់ការបារម្ភផងដែរ ពីតម្រូវការនៃការគត់ផ្គង់អំបិល លើទីផ្សារក្នុងប្រទេស បើប្រៀបធៀបការ ផលិតអំបិលឆ្នាំនេះ មានបរិមាណប្រមាណត្រឹមតែ៧៦,២៨៤តោន ហើយក្នុងរយៈពេល៤ខែដើមឆ្នាំនេះ មានការលក់ចេញ មានចំនួន៣៥,២០៧តោន ហើយនៅសល់ស្តុកក្នុងឃ្លាំង មានចំនួនប្រមាណតែជាង៤ម៉ឺនតោនប៉ុណ្ណោះ និងបូកចំនួនអំបិលប្រមាណជាង១ម៉ឺនតោន នៅក្នុងខេត្តកែបផង ឃើញថាចំនួននៅសល់ នេះបើប្រៀបធៀបនឹងផែនការផ្គត់ផ្គង់ប្រើប្រាស់ក្នុងប្រទេសប្រចាំឆ្នាំ មានរហូតដល់ជាង ១០ម៉ឺនតោន។ បានន័យថាអំបិល ក្នុងឆ្នាំ២០២០ នេះអាចប្រឈមនឹងការខ្វះខាត សម្រាប់ឆ្នាំ២០២០-២០២១ ខាងមុខនេះ។
យោងតាមរបាយការណ៍ របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ខេត្តកំពត បច្ចុប្បន្នមានផ្ទៃដីផលិតអំបិល សរុបចំនួនជាង៣,៧២៦ ហិកតា មានក្រុមអ្នកផលិតចំនួន ១៧៩ក្រុម ចែកចេញជា ៦មណ្ឌល។ រីឯការងារផលិតអំបិលនៅក្នុងឆ្នាំ២០២០ នេះបានផលិតលើផ្ទៃដី សរុបត្រឹមតែចំនួន ២,៨៥៧ហិកតា និងមានក្រុមផលិតចំនួន ១៣៥ក្រុមតែប៉ុណ្ណោះ។ ឯចំណែកលទ្ធផលនៃការងារផលិត គិតត្រឹម ក្នុងរយៈពេល៤ខែដើម ឆ្នាំ២០២០នេះ សម្រេចបានចំនួនជាង ៧៦,២៨៤តោន និងមានការលក់ចេញ បានចំនួនជាង ៣៥,២០៧តោន ក្នុងនោះ មានតម្លៃអំបិល គុណភាពពណ៌ស ១២,០០០រៀល ក្នុងមួយបាវ និងអំបិលគុណភាពខ្មៅ តម្លៃ ៩,០០០រៀល ក្នុងមួយបាវ៕