(ភ្នំពេញ)៖ គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានកំណត់ទិសដៅបន្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ នូវអនុក្រឹត្យលេខ៣៩ ដោយធ្វើការតាមដានត្រួតពិនិត្យជាប្រចាំ បន្តធានានិរន្តរភាពឲ្យបាន ដើម្បីកែលម្អចំណុចខ្វះខាតនានា ធ្វើឲ្យការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក កាន់តែមានប្រសិទ្ធភាព។
ទិសដៅនេះ បានកំណត់នៅកិច្ចប្រជុំបូកសរុបវាយតម្លៃ ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ៣៩ របស់រាជរដ្ឋាភិបាល ក្នុងរយៈពេល ៧ថ្ងៃ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នៅក្រសួងមហាផ្ទៃ។ នេះបើយោងតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «អង្គប្រជុំបានកំណត់ទិសដៅបន្ត អនុវត្តន៍យ៉ាងម៉ឺងម៉ាត់ នូវអនុក្រឹត្យលេខ៣៩ ដោយធ្វើការតាមដានត្រួតពិនិត្យជាប្រចាំ បន្តធានានិរន្តរភាពឲ្យបាន ដើម្បីកែលម្អចំណុចខ្វះខាតនានា ធ្វើឲ្យការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក កាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានោះ ខិតខំបន្តផ្សព្វផ្សាយអប់រំ ស្តីពីច្បាប់ចរាចរណ៍ និងអនុក្រឹត្យលេខ៣៩ ទៅតាមគ្រប់រូបភាពទាំងអស់»។
បើតាមអ្នកនាំពាក្យរូបនេះ កិច្ចប្រជុំក៏បានកំណត់ទិសដៅតាមដានប្រតិកម្មរបស់សាធារណជន ត្រូវធ្វើការបកស្រាយ ឆ្លើយតបទាន់ពេលវេលា សំដៅកាត់បន្ថយទស្សនៈភាន់ច្រឡំរបស់សាធារណជន និងបន្សាបនូវឥទ្ធិពលព័ត៌មានក្លែងក្លាយ ដែលធ្វើឲ្យពុលដល់បរិយាកាស សន្តិសុខសង្គម។ ក្នុងនោះ ក៏ត្រូវខិតខំពង្រឹងវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ ដល់កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយ និងលុបបំបាត់ឲ្យបាន ការខុសឆ្គងរបស់មន្ត្រី និងចៀសវាងការថ្នាំងថ្នាក់ ជាមួយនឹងប្រជាពលរដ្ឋ រួមទាំងខិតខំលើកកម្ពស់សមត្ថភាព ដោយខំបំប៉នបន្ថែមទៀត ដល់មន្ត្រីចរាចរណ៍ផ្លូវគោក។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឲ្យដឹងបន្ថែមថា កិច្ចប្រជុំខាងលើ បានត្រួតពិនិត្យនូវលទ្ធផលតាមរបាយការណ៍របស់អនុគណៈកម្មការទី២ ដែលក្នុងនោះបានបញ្ជាក់ថា រយៈពេល៧ថ្ងៃ សមត្ថកិច្ចបានពិន័យយានយន្តល្មើសច្បាប់សរុប ១៣៩៦៨ករណី ស្មើនឹង ១៣៩៦៨គ្រឿង ក្នុងនោះ ទោចក្រយានយន្ត ត្រីចក្រយានយន្ត ចំនួន ១៨០១៥គ្រឿង រថយន្តគ្រប់ប្រភេទ ចំនួន ៣១៥៣គ្រឿង។
បទល្មើស ដែលមានតួលេខខ្ពស់ គួរឲ្យកត់សម្គាល់នោះ គឺពាក់ព័ន្ធនឹងទោចក្រយានយន្ត គឺមិនមានពាក់មួកសុវត្ថិភាព គ្មានផ្លាកលេខ ល្មើសសញ្ញាចរាចរណ៍ ដឹកលើសចំណុះ និងប្រើប្រាស់ទូរស័ព្ទ ក្នុងពេលបើកបរ។ ដោយឡែករថយន្ត គួរឲ្យកត់សម្គាល់ គឺមិនពាក់ខ្សែក្រវាត់ ល្មើសល្បឿន លើសចំណុះ ល្មើសសញ្ញាចរាចរណ៍ ប្រើប្រាស់ទូរស័ព្ទពេលបើកបរ និងករណីគ្មានប័ណ្ណបើកបរ។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា «តាមរយៈការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមខ្លឹមសារអនុក្រឹត្យលេខ៣៩ បានសង្កេតឃើញថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ ១សប្តាហ៍កន្លងទៅនេះ មានស្ថានភាពល្អប្រសើរ។ បើប្រៀបធៀបនឹងដើមខែមេសា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ៤៣លើក ថយចុះ១២លើក ស្មើ២២% ស្លាប់២៤នាក់ ថយចុះ១១នាក់ ស្មើ៣០% របួស៥៦នាក់ ថយចុះ២នាក់ ស្មើ៣%។ ប៉ុន្តែបើយើងប្រៀបធៀបរយៈពេល ១សប្តាហ៍ដូចគ្នា នៃខែឧសភា ឆ្នាំ២០១៩ ឃើញថា គ្រោះថ្នាក់ថយចុះរហូតដល់ ៥២លើក ស្មើ៥៤% ស្លាប់ថយ១៦នាក់ ស្មើ៤០% របួសថយ៥៩នាក់ ស្មើ៥១%»។
អង្គប្រជុំក៏បានសន្និដ្ឋាន និងវាយតម្លៃថា ការចាត់តាំងអនុវត្តន៍រឹតបន្តឹងអនុវត្តន៍ច្បាប់ចរាចរណ៍ តាមខ្លឹមសារអនុក្រឹត្យលេខ៣៩នេះ បានជះឥទ្ធិពលដល់ស្ថានភាពចរាចរណ៍។ ជាក់ស្តែង តាមរបាយការណ៍បានជម្រាបជូនដំបូងថា ចំនួនគ្រោះថ្នាក់ របួស និងខូចខាតយានយន្ត មានការថយចុះ គួរឲ្យកត់សម្គាល់។
ចំណុចបង្កឲ្យបានជោគជ័យនេះ ក៏កើតឡើងដោយមានកិច្ចសហការពីស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ រួមទាំងបណ្តាញព័តមានរដ្ឋ និងឯកជន និងបណ្តាញទំនាក់ទំនងសង្គម ក្នុងការផ្សព្វផ្សាយអំពីគោលបំណងតែមួយគត់ គឺប្រយោជន៍ការអនុវត្តច្បាប់ ក៏ដូចជាការបំភ្លឺ រាល់ព័ត៌មានក្លែងក្លាយ។ មួយផ្នែកទៀត នគរបាលចរាចរណ៍ មានឆន្ទៈមុះមុតក្នុងការអនុវត្តច្បាប់ស្តីពីការរឹតបន្តឹងអនុវត្តន៍ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ៣៩ ដើម្បីរួមចំណែកកាត់បន្ថយនូវហេតុការណ៍ និងភាពងាយរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍។
អ្នកនាំពាក្យបន្ថែមថា «យើងក៏ពិនិត្យឃើញចំណុចអវិជ្ជមានខ្លះ នៅពេលដំណើរការអនុវត្ត ដោយសារការរំខានពីក្រុមអមិត្ត ការបំពុលសភាពការណ៍ បង្ហោះព័ត៌មានប្រតិដ្ឋ ធ្វើឲ្យមានការភ័ន្តច្រឡំ ពីសំណាក់អ្នកប្រើប្រាស់ផ្លូវ និងសាធារណមតិ។ ម្យ៉ាងទៀត ការឆ្លើយតបប្រតិកម្មទៅនឹងពួកអគតិនេះ យើងឃើញមានចំណុចខ្លះ មានភាពយឺតយ៉ាវ ដែលធ្វើឲ្យពួកនេះមានឱកាសចែកចាយព័ត៌មាន បានតាមចិត្ត ជះឥទ្ធិពលដល់បរិយាកាសសង្គម»។
ក្នុងនោះ ក៏មានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ និងជាកម្មវត្ថុធ្វើឲ្យពួកអគតិ ប្រឆាំង យកជាលេសដើម្បីវាយប្រហារ។ ចំណុចនោះ គឺដោយសារកំហុសរបស់មន្ត្រីនគរបាលមួយចំនួនតូច ដែលអនុវត្តន៍ច្បាប់លើសពីគោលការណ៍ណែនាំ និងគ្មានភាពរស់រវើកចំពោះស្ថានភាពជាក់ស្តែង ថែមទាំងពាក់ព័ន្ធឥរិយបទផងដែរ។
ជាការឆ្លើយតបជាមួយប្រតិកម្មនោះ សមត្ថកិច្ចបានចាត់វិធានការច្បាប់ ចំពោះការប្រព្រឹត្តបទល្មើសក្លែងក្លាយ ចំពោះការតាមរក កោះហៅ បំភ្លឺ និងឲ្យសារភាពទទួលស្គាល់កំហុស ព្រមទាំងអប់រំធ្វើកិច្ចសន្យា និងចាក់ផ្សាយជាសាធារណៈ លុបបំបាត់ការភ័ន្តច្រឡំ ពីមហាជន។ ក្នុងនោះ បានឃាត់ខ្លួន និងសួរនាំ ហើយឲ្យទៅផ្ទះវិញចំនួន ៥នាក់ នៅរាជធានីភ្នំពេញ ៣នាក់ កំពង់ស្ពឺ២នាក់។ ជាមួយគ្នានេះ សមត្ថកិច្ចជំនាញ ក៏កំពុងស្រាវជ្រាវស្វែងរកប្រភពមេខ្លោងញុះញង់ ដឹកនាំ និងប្រឌិដ្ឋព័ត៌មានក្លែងក្លាយទាំងនេះដែរ។
ជាមួយគ្នានោះ សមត្ថកិច្ចក៏បានលើកទឹកចិត្តដល់បណ្តាញសង្គមមួយចំនួន ដែលបានបកស្រាយ និងក្នុងន័យអំពាវនាវ ឲ្យគោរពច្បាប់ចរាចរណ៍ផ្លូវគោក។ ជាពិសេសបានសហការជាមួយក្រសួងប្រៃសណីយ៍ ពង្រឹងបណ្តាញប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ១១៧ ដើម្បីត្រៀមឆ្លើយដោះស្រាយ និងពន្យល់ប្រជាពលរដ្ឋ ដែលគាត់ងឿងឆ្ងល់នៅពេលដែលសមត្ថកិច្ចនគរបាលចរាចរណ៍ផាកពិន័យ ឬពាក់ព័ន្ធនឹងច្បាប់ នីតិវិធីនានាក្នុងការធ្វើចរាចរណ៍ នៅតាមដងផ្លូវ។
អ្នកនាំពាក្យបញ្ជាក់ថា «ប្រព័ន្ធយើងចាប់ផ្តើមដំណើរការមួយរយៈហើយ និងឃើញថាមានការហៅចូលច្រើន ដែលសួរពាក់ព័ន្ធនឹងការផាកពិន័យ សិទ្ធិបើកបរ ការដឹកលើសចំណុះ រថយន្តបិទកញ្ចក់ខ្មៅ ជាដើម។ អគ្គស្នងការនគរបាលជាតិ ដែលមានអនុគណៈកម្មការទី២ បានរៀបចំក្រុមប្រតិកម្មរហ័ស ដោយមានការទទួលចាត់តាំងពីអគ្គស្នងការ រហូតដល់ស្នងការដ្ឋាន នគរបាលរាជធានីខេត្ត ដើម្បីបកស្រាយ បំភ្លឺប្រជាពលរដ្ឋ និងវាយបកភ្លាមៗតាមបណ្តាញសង្គម ចំពោះព័ត៌មានបំពុលផ្សេងៗ»។
អគ្គស្នងការនគរបាលជាតិ ក៏បានត្រួតពិនិត្យណែនាំជាប្រចាំ ដល់ស្នងការនគរបាលរាជធានីខេត្ត ឲ្យកែសម្រួលនូវវិធានការត្រួតពិនិត្យ ដោយជំរុញឲ្យអនុវត្តន៍តាមគោលការណ៍ ដែលបានដាក់ចេញ ព្រមទាំងសម្រួលឡើងវិញ នូវរបៀបរបបក្នុងការកំណត់គោលដៅបង់ប្រាក់ពិន័យ រួមទាំងអប់រំឥរិយាបទ ការប្រតិបត្តិរបស់មន្ត្រីអនុវត្តន៍ច្បាប់។
ចំណុចនេះ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន គូសបញ្ជាក់ថា «យើងក៏បានដាក់ពិន័យមន្ត្រីដែលធ្វើខុស និងអប់រំមន្ត្រីមួយចំនួនដែរ។ ជាក់ស្តែង អធិការរងស្រុកមួយរូប នៅខេត្តស្វាយរៀង ទទួលរងពិន័យ ហើយមន្ត្រីមួយចំនួនទៀត ដែលបំពេញការងារមានអាកប្បកិរិយាមិនល្អ ឬក៏ធ្វើលើសគោលការណ៍កំណត់ ត្រូវបានយកមកអប់រំ»៕