(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ បានចុះសួរសុខទុក្ខមន្ត្រីចំនួន៤រូប នៃអធិការដ្ឋាននគរបាលខណ្ឌកំបូលមានជ័យ ទួលគោក និងសែនសុខ ដែលកំពុងសម្រាកព្យាបាលជំងឺ។
ក្នុងឱកាសនោះដែរ លោកស្នងការ ក៏បានណែនាំដល់មន្ត្រី ដែលមានជំងឺឲ្យយកចិត្តទុកដាក់ ក្នុងការថែនាំសុខភាពឲ្យបានល្អ និងឲ្យមិត្តរួមការងារ ត្រូវឆ្លៀតពេល មកសួរសុខទុក្ខ គាត់ឲ្យបានជាប្រចាំ ដើម្បីជាការលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់គាត់។
ជាមួយនោះដែរ លោកស្នងការ បាននាំយកថវិកា និងសម្ភារមួយចំនួន យកទៅផ្តល់ជូនមន្ត្រីទាំង៤រូប ដែលកំពុងសម្រាកព្យាបាលជំងឺ។
មន្ត្រីមានជំងឺទាំង៤រូប បានបង្ហាញនូវទឹកចិត្ត និងអារម្មណ៍រំភើប រីករាយយ៉ាងខ្លាំង ដោយបានលោកស្នងការ បានចុះមកសួរសុខទុក្ខដោយផ្ទាល់ គាត់បានបញ្ជាក់ថា ទាំងនេះហើយជាការលើកទឹកចិត្ត ដ៏ធំធេងដល់មន្ត្រីក្រោមឱវាទទាំងអស់ដែលកំពុងមានបញ្ហា និងមានជំងឺផ្សេងៗ។
បន្ទាប់ពីចុះសួរសុខទុក្ខមន្ត្រី៤រូប នៃអធិការនគរបាលខណ្ឌទាំង៤ លោកឧត្តមសេនីយ៍ឯក ស ថេត បានបន្តចុះសួរសុខទុក្ខ ដោយផ្ទាល់ដល់គេហដ្ឋាន លោកឧត្តមសេនីយ៍ត្រី គ្រុយ សេងហ៊ត ស្នងការរង ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ។
លោកស្នងការ ក៏បាននាំយកជាថវិកា និងសម្ភារមួយចំនួន ដើម្បីប្រគល់ជូនដល់លោកស្នងការ ក្នុងការជួយសម្រាលបន្ទុកខ្លះ សម្រាប់ព្យាបាលជំងឺ។
ជាមួយនោះដែរ លោកស្នងការរង បានបង្ហាញពីអារម្មណ៍កក់ក្តៅ និងរីករាយ ដោយបានឃើញ លោកស្នងការចុះមកសួរសុខទុក្ខដោយផ្ទាល់ ហើយតែងតែយកចិត្តទុកដាក់ជានិច្ច ដល់សុខទុក្ខរបស់មន្ត្រីក្រោមឱវាទ នៅពេលពួកគាត់ជួបបញ្ហា និងមានជំងឺ៕