(ភ្នំពេញ)៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសច្រានចោលចំពោះការចុះផ្សាយព័ត៌មាន ដែលចោទប្រកាន់ថា កងកម្លាំងរាជអាវុធហត្ថស្រុកពារាំង ខេត្តព្រៃវែង ចុះប្លន់អ្នកជល់មា ន់ដោយចាប់ក្រៀកខ្វេះយកលុយរាប់ពាន់ដុល្លារ ដើម្បីចែកគ្នា។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ បានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ កន្លងមកនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកពារាំង បានចុះបង្ក្រាបល្បែងជល់មាន់ នៅភូមិល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ខណៈកម្លាំងចុះដល់កន្លែងជល់មាន់នោះ ទាំងអ្នកភ្នាល់ ទាំងអ្នកមើល បានរត់គេចខ្លួនដោយបន្សល់នូវវត្ថុតាង មួយចំនួនរួមមាន៖ ម៉ូតូចំនួន ១៣គ្រឿង, ជញ្ជីងថ្លឹងមាន់ ១គ្រឿង, កន្ត្រក់ដាក់មាន់ចំនួន ៥ និងមាន់ងាប់ចំនួន ២ក្បាល។
ចំពោះករណីនេះដែរ កម្លាំងជំនាញនគរបាលយុត្តិធម៌ បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការដោយមានការស្នើសុំដីកាបញ្ជាឱ្យចូលខ្លួន ទៅលើជនសង្ស័យចំនួន២នាក់ ដែលជាបុគ្គលពាក់ព័ន្ធនឹងការបើកទីតាំងជល់មាន់នេះ ដោយបច្ចុប្បន្ននេះ បុគ្គលទាំងពីរនាក់នេះ បានរត់គេចខ្លួន។
បន្ថែមពីនេះ បើតាមការស្រាវជ្រាវ និងចម្លើយរបស់សាក្សីឈ្មោះ ឌុល ថា បានឆ្លើយថាឈ្មោះ ស៊ីម ហៅ ហេល ឡុក ហៅ ខាំ ស៊ីម ជាភ្នាក់សារព័ត៌មាន «ដើមរាំង» បានលួចថតម៉ូតូរបស់ខ្លួន យកមកចុះផ្សាយថាខ្លួន ជាអ្នកលែងល្បែងជល់មាន់ ពេលកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកចុះបង្ក្រាប បានសូកលុយ ដើម្បីសុំម៉ូតូមកវិញ តាមពិតរូបគេពុំបានទៅលេងល្បែងជល់មាន់នោះទេ ហើយពុំបានសូកលុយអាវុធហត្ថសុំយកម៉ូតូវិញនោះទេ។
ចំពោះបុគ្គលឈ្មោះ ស៊ីម ហៅ ខាំ ស៊ីម ដែលជាអ្នកសារព័ត៌មាន «ដើមរាំង» បានចុះផ្សាយថា ត្រូវកម្លាំងអាវុធហត្ថស្រុក២នាក់ ក្រៀកប្លន់ខ្វេះលុយឆៅៗ ភ្លាមៗកម្លាំងអាវុធហត្ថ បានសហការជាមួយមេភូមិ ទៅដល់ផ្ទះរបស់ឈ្មោះ ស៊ីម ដើម្បីសុំកិច្ចសហការ បំភ្លឺពីរូបគាត់ចំពោះការផ្សាយនេះ ដើម្បីឱ្យគាត់ជួយចង្អុលបង្ហាញមុខ បុគ្គលដែលប្រព្រឹត្តនោះ ប៉ុន្តែ មិនអាចសុំការបំភ្លឺបាននោះទេ ព្រោះឈ្មោះ ស៊ីម បានចេញពីផ្ទះមិនដឹងទៅណា ហើយក៏គ្មានទូរស័ព្ទសម្រាប់ទាក់ទងផងដែរ។
យោងតាមរបាយការណ៍ និងការត្រួតពិនិត្យរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានបញ្ជាក់ថា លោកវរសេនីយ៍ត្រី ហាស់ ហ៊ាង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង និងលោកអនុសេនីយ៍ទោ ឃឹម ប្រុស ជាមេបញ្ជាការរង ព្រមទាំងកម្លាំងដែលចុះប្រតិបត្តិការនោះ មិនបានក្រៀកលូកហោប៉ៅខ្វេះយកលុយ ហើយក៏មិនបានយកលុយពីម្ចាស់ម៉ូតូផងដែរ។
ពាក់ព័ន្ធនឹងករណីនេះដែរ កងរាជធអាវុធហត្ថ បាននឹងកំពុងធ្វើពាក្យបណ្តឹង ប្តឹងទៅក្រសួងព័ត៌មាន និងតុលាការមានសមត្ថកិច្ច ឱ្យចាត់ការទៅតាមច្បាប់ ចំពោះបុគ្គល និងបណ្តាញព័ត៌មាន ដែលចុះផ្សាយបំផ្លើស ញុះញង់ មានចរិកបំបែកបំបាក់សាមគ្គីផ្ទៃក្នុងកងរាជអាវុធហត្ថ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស៖