(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ បានអំពាវនាវប្រជាពលរដ្ឋ បើសិនជួបគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ សូមប្រើប្រាស់មន្ទីរពេទ្យរដ្ឋ ឬហៅទៅលេខ១១៩ ជៀសវាងជនឆក់ឱកាសឆ្លៀតយកផលចំណេញផ្ទាល់ខ្លួន។
ការអំពាវនាវយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល លោកស្រី ឱ វណ្ណឌីន ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកថវិកាបង់ថ្លៃពេទ្យ ប្រគល់ជូនជនរងគ្រោះប្ដីប្រពន្ធ ដែលត្រូវមន្ទីរពេទ្យ «មន្ទីរសំរាកព្យាបាល សុធារិទ្ធបែកចាន» ក្នុងស្រុកអង្គស្នួល យកតម្លៃព្យាបាលថ្លៃហួសហេតុ ក្រោយជួបគ្រោះចរាចរណ៍។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រសិនបើយើងមិនស្គាល់គ្លីនិក ឬយើងមិនស្គាល់ពេទ្យណាទេ សូមឲ្យទៅប្រើប្រាស់សេវារដ្ឋ ព្រោះមន្ទីរពេទ្យរដ្ឋ បច្ចុប្បន្ននេះមានភាពល្អប្រសើរមែនទែន ហើយក៏មានការយកចិត្ដទុកដាក់ខ្ពស់»។
លោកស្រីបន្ដទៀតថា «យើងកំពុងតែធ្វើបច្ចុប្បន្នភាព នូវបច្ចេកវិទ្យាផ្សេងៗទៀត ដើម្បីផ្ដល់សេវាជូនដល់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយបច្ចេកវិទ្យា ក៏ដូចជាទៅតាមក្រមសីលធម៌វិជ្ជាជីវៈ របស់គ្រួពេទ្យរបស់យើង»។
ត្រង់ចំណុចនេះ លោកស្រី ឱ វណ្ណឌីន ចង់បញ្ជាក់ថា បើសិនបើបងប្អូនមិនស្គាល់គ្លីនិក ឬក៏មិនស្គាល់មន្ទីរពេទ្យណានោះទេ សូមឲ្យទៅប្រើប្រាស់សេវារដ្ឋ ព្រោះថា មន្ទីរពេទ្យរដ្ឋរបស់យើង បច្ចុប្បន្ននេះ មានភាពល្អប្រសើរ និងមានការយកចិត្ដទុកដាក់ខ្ពស់ ពីខាងមន្ទីរពេទ្យ។
បើតាមអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងទៀតថា «ខ្ញុំអំពាវនាវហើយ អំពាវនាវទៀត បើសិនមានការជួបគ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវ អញ្ជើញហៅទៅលេខ ១១៩ កុំឲ្យមានជនឆក់ឱកាស ដើម្បីឆ្លៀតយកផលចំណេញផ្ទាល់ខ្លួន»។
គូសបញ្ជាក់ថា ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ បានចេញលិខិតព្រមាន ចំពោះលោកវេជ្ជបណ្ឌិត គូរ គីបហៀក ប្រធានមន្ទីរសំរាកព្យាបាល សុធារិទ្ធបែកចាន និងលោកវេជ្ជបណ្ឌិត ស្រស់ សុភ័ក្ត្រ ម្ចាស់ទុនមន្ទីរសំរាកព្យាបាល សុធារិទ្ធបែកចាន ដែលមានទីតាំងនៅផ្ទះលេខ៤១ ផ្លូវជាតិលេខ៤ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ទៅលើករណីដែលបានយករថយន្ត គិលានសង្គ្រោះ ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ មកព្យាបាលនៅក្នុង មន្ទីរសំរាកព្យាបាលរបស់ខ្លួន ខុសទៅនឹងសារាចរណែនាំរបស់ក្រសួងសុខាភិបាល។
បើតាមក្រសួងសុខាភិបាល ករណីដែលប្រធានមន្ទីរសំរាកព្យាបាល សុធារិទ្ធបែកចាន បំពានសារាចរណែនាំរបស់ក្រសួង បានកើតមានឡើងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ហើយលើសពីនេះ មន្ទីរសម្រាកព្យាបាល ក៏យកតម្លៃសេវាព្យាបាលច្រើនលើសពីប្រក្រតី ដែលមិនមានតារាងតម្លៃច្បាស់លាស់ ដាក់នៅក្នុងមន្ទីរសំរាកព្យាបាល សម្រាប់ឱ្យអតិថិជន ឬអ្នកជំងឺបានដឹងជាមុន ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។ បន្ថែមលើការព្រមាននេះ ក្រសួងបានធ្វើការផាកពិន័យស្របតាមច្បាប់ ដែលមានជាធរមាន៕