(ព្រៃវែង)៖ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកមេសាង ខេត្តព្រៃវែង នៅថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ នូវប្រឡាយទឹកស្ដារថ្មីប្រវែង៥,៥២៣ម៉ែត្រ ស្ថិតនៅឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។
ថ្លែងក្នុងឱកាសនោះ លោក ប៉ាវ ហមផាន ក៏ដូចជាឧត្តមសេនីយ៍សន្តិបណ្ឌិត ចាន់ គឹមសេង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវសមិទ្ធផល ដែលទទួលបាននៅថ្ងៃនេះឲ្យល្អ ដើម្បីជាប្រយោជន៍ដល់បងប្អូន ក្នុងការបង្កបង្កើនផលស្រែចំការ។ ជាពិសេសក្នុងគ្រា ដែលប្រទេសជាតិ ក៏ដូចជាពិភពលោក កំពុងកើតមានវិបត្តិនៃជំងឺកូវីដ១៩ បងប្អូនប្រជាពលរដ្ឋត្រូវថែរក្សាអនាម័យជាប្រចាំ ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីបង្ការការពារ ជំងឺកូវីដ១៩។
សូមជ្រាបថា ដោយមានការចង្អុលបង្ហាញផ្ទាល់ ពីឧត្តមសេនីយ៍សន្តិបណ្ឌិត ចាន់ គឹមសេង អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកមេសាង ក្រោមការឧបត្ថម្ភគាំទ្រដោយលោក បេ ទាឡេង អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំអង្គរស និងសហការី បានសម្រេចជួយស្ដារប្រឡាយបីខ្សែចាប់ពីថ្ងៃទី៤ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ រួចរាល់ជាស្ថាពរ៖
* ប្រឡាយបានស្ដាររួចមានប្រវែង ៥,៥២៣ម៉ែត្រ
* ប្រវែងទទឹងមាត់លើ៤ម៉ែត្រ ប្រវែងទទឹងបាតក្រោម ២ម៉ែត្រ និងជម្រៅ១,៥០ម៉ែត្រ
* ចំណាយអស់ទឹកប្រាក់សរុប ៨៨,៣៦៨,០០០រៀល។
សូមបញ្ជាក់ថា ឃុំអង្គរស មានអាងស្តុកទឹកមួយកន្លែង នៅភូមិព្រែកពន្លៃ និងមានប្រឡាយមេមួយខ្សែ ចេញពីព្រែកពន្លៃ ទៅដល់ប្រឡាយកូនភ្លោះប្រវែង ៧,៥០០ម៉ែត្រ ឆ្លងកាត់៥ភូមិ គឺភូមិពន្លៃ ភូមិអង្គរស ភូមិអង្គ ភូមិត្រពាំងធំ និងភូមិសំបួរ ហើយមានប្រឡាយ៣ខ្សែ ដែលបែកចេញពីប្រឡាយមេព្រែកពន្លៃ៖
* ខ្សែទីមួយប្រវែង២,៣៣៩ម៉ែត្រ ស្ថិតនៅភូមិត្រពាំងធំ និងភូមិអង្គ ឃុំអង្គរស
* ខ្សែទីពីរប្រវែង៤០៦ម៉ែត្រ ស្ថិតនៅភូមិអង្គរស ឃុំអង្គរស
* ខ្សែទីបីប្រវែង ២,៧៧៨ម៉ែត្រ ស្ថិតនៅភូមិអង្គរស និងភូមិពន្លៃ ឃុំអង្គរស
ប្រឡាយទាំងបីខ្សែនេះ មានប្រវែង៥,៥២៣ម៉ែត្រ បម្រើឲ្យប្រជាពលរដ្ឋចំនួន៤ភូមិ ស្មើនឹង៧៣០គ្រួសារ ស្រោចស្របលើផ្ទៃដីបង្កបង្កើនផលស្រែវស្សា និងស្រែប្រាំងបាន២៧៥ហិកតា៕