(ម៉ូស្គូ)៖ នៅក្នុងរយៈពេលត្រឹម ២៤ម៉ោងប៉ុណ្ណោះ អាជ្ញាធរសុខាភិបាលរុស្ស៊ីនៅថ្ងៃសៅរ៍នេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១០,៨១៧ករណីបន្ថែមទៀត ដែលប្រការបានធ្វើឲ្យករណីឆ្លងនៅក្នុងប្រទេសមួយនេះ កើនដល់ ១៩៨,៦៧៦ករណី ជាប់លេខ ៥លើពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២០។
នៅក្នុងរយៈពេល ២៤ម៉ោងដូចគ្នានេះ ក្រៅពីករណីឆ្លង រុស្ស៊ីក៏បានកត់ត្រាករណីស្លាប់ថ្មីៗចំនួន ១០៤នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនករណីស្លាប់សរុបនៅទូទាំងប្រទេសរុស្ស៊ីកើនដល់ ១,៨២៧នាក់។ ដោយឡែកអ្នកជំងឺដែលបានជាសះស្បើយឡើងវិញសរុបមានចំនួន ៣១,៩១៦នាក់។
គួរជម្រាបថា ថ្ងៃសៅរ៍នេះជាថ្ងៃទី ៧ ជាប់ៗគ្នាមកហើយដែលប្រទេសមួយនេះ បានស្គាល់អត្រានៃអ្នកឆ្លងប្រចាំថ្ងៃលើសពី ១០,០០០ករណី។ ប្រទេសរុស្ស៊ី ក៏កំពុងមានបញ្ហាជាមួយនឹងការធ្វើតេស្តផងដែរ ដោយក្រុមជំនាញរុស្ស៊ី កាលពីប៉ុន្មានថ្ងៃមុននេះបានអះអាងថា ការធ្វើតេស្ត COVID-19 របស់ខ្លួនកន្លងមកនេះ មួយចំនួនបានចេញលទ្ធផលខុស៕