(កំពង់ចាម-ត្បូងឃ្មុំ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ បាននាំអំណោយដំណាប់ល្មើ ជាង១០តោន ដើម្បីផ្តល់ជូនសាសនិកឥស្លាម តាមភូមិនានាក្នុងខេត្តចំនួន៦ រួមមាន ខេត្តកំពង់ចាម, ត្បូងឃ្មុំ, ក្រចេះ, ស្ទឹងត្រែង, រតនគិរី និងមណ្ឌលគិរី។ អំណោយនេះមានសរុប២៨តោន ជាអំណោយមកពីសប្បុរសជន អារ៉ាប់រួមអេមីរ៉េត សម្រាប់ចែកចាយទៅកាន់គោលដៅខេត្ត ក្រុងមួយចំនួនទូទាំងប្រទេស។
ជាមួយគ្នានេះ ក៏មានអំណោយបានមកពីសប្បុរសជនម៉ាឡេស៊ី ក្រុមហ៊ុន រ៉ាហ្វូលីន ហូលឌីង តាមរយៈអង្គការមូលនិធិអភិឌ្ឍន៍មុស្លិមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ភូមិរការ ឃុំសំបូរមាស ក្រុងកំពង់ចាម ចំនួន១០០គ្រួសារ និងប្រជាពលរដ្ឋភូមិស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចំនួន១០០គ្រួសារផងដែរ ក្នុងមួយគ្រូសារទទួលបាន អង្ករ១០គីឡូ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដូចជា ស្ករសរ ត្រីខ ទឹកដោះគោ ប្រេងឆា អំបិលជាដើម។
នៅក្នុងពិធីសំណេះសំណាល ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ចំនួនខាងលើមិនអាចធ្វើការចែកចាយទូទាំងប្រទេសទាំងអស់ទេ តែបានដោះស្រាយទៅកាន់តំបន់ដែលខ្វះខាតជាក់ស្តែង។
ក្នុងឱកាសនោះ លោក អូស្មាន ហាស្សាន់ បានរំលឹកផងដែរថា ការស្លៀកពាក់ស្បៃបិទជិតទាំងក្បាល និងមុខត្បិតមានពលរដ្ឋខ្លះ នៅប្រទេសឥស្លាម ក្នុងតំបន់មួយចំនួន ជាពិសេសនៅមជ្ឈឹមបូព៌ា ដែលអនុវត្តយកការគ្របមុខសម្រាប់ស្រ្តី ពេលចេញទៅតំបន់សាធារណៈនោះ គ្រាន់តែជាការយល់ឃើញមួយជ្រុង ជាមួយនឹងប្រពៃណីរបស់ពួកគាត់ ស្របតាមស្ថានភាពនៅប្រទេសគាត់តែប៉ុណ្ណោះ ដែលមិនមែនជាកាតព្វកិច្ចនៃច្បាប់ឥស្លាមនោះទេ។
ស្ថានភាពនៅកម្ពុជាយើងពីដើមមកពុំមានឡើយ ការស្លៀកពាក់បែបនេះ ទាំងក្របខណ្ឌប្រពៃណី ឬក្របខណ្ឌសាសនាឥស្លាម គ្រាន់តែទើបបច្ចុប្បន្នយើងឃើញថា មានមួយចំនួនតូច បានយកការអនុវត្តប្រពៃណីនេះ ហើយយល់ឃើញថា ជាកាតព្វកិច្ចក្នុងច្បាប់ឥស្លាម តែតាមពិតស្រ្តីឥស្លាម គេអនុញ្ញាតឲ្យបើកទម្រង់មុខ និងប្រអប់ដៃ ដោយមិនមានបញ្ហាអ្វីឡើយ៕