(ភ្នំពេញ)៖ ប្រមុខការទូតរបស់ចិន លោក វ៉ាង យី បានហៅមិត្តភាពរវាងចិន និងកម្ពុជា រយៈពេលជាង៦០ឆ្នាំមកនេះ ជាមិត្តភាពមួយដែលមិនអាចបំបែកបាន និងជាមិត្តភាពបានទប់ទល់ទៅនឹងការសាកល្បងនៃការផ្លាស់ប្តូរអន្តរជាតិថែមទៀតផង។ លោក វ៉ាង យី បានបន្ថែមថា មិត្តភាពរវាងចិន និងកម្ពុជា ជាគំរូនៃការផ្លាស់ប្តូររវាងប្រទេស និងរដ្ឋ។
ការកត់សម្គាល់របស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានធ្វើឡើងក្នុងពេលលោកចូលគាល់ និងជួបសវនាការជាមួយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ នៅទីរដ្ឋធានីប៉េកាំង ប្រទេសចិន ទីដែលព្រះមហាក្សត្រខ្មែរកំពុងគង់ប្រថាប់ពិនិត្យព្រះរាជសុខភាព។
តាមរយៈការផ្សាយលើទំព័រ Facebook «Royal du Cambodge» ដែលជាទំព័រ Facebook តែងផ្សព្វផ្សាយព្រះរាជសកម្មភាពព្រះមហាក្សត្រខ្មែរ និងសែរាជវង្សនោះ បានឱ្យដឹងថា នៅក្នុងជំនួបសវនាការនេះព្រះមហាក្សត្រខ្មែរបានមានព្រះរាជបន្ទូលតបទៅនឹងប្រមុខការទូតចិនវិញថា ទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិនដែលជាមរតករបស់ព្រះវររាជបិតាជាតិខ្មែរ សម្តេច នរោត្តម សីហនុ តាំងពីឆ្នាំ១៩៥៨មកនោះ បានចូលរួមចំណែកយ៉ាងសំខាន់ៗ ក្នុងការលើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន ឱ្យកាន់តែមានភាពល្អប្រសើរ។
ព្រះអង្គមានព្រះរាជបន្ទូលបន្តថា ដោយឈរលើមូលដ្ឋាននៃការបង្កើតភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ភាគីទាំងពីរកំពុងខិតខំប្រឹងប្រែងលើកកម្ពស់ការកសាងសហគមន៍ នៃវាសនារួមគ្នា និងឈានទៅរកយុគសម័យថ្មីនៃការអភិវឌ្ឍន៍រួម និងវិបុលភាពរួមគ្នារវាងចិន និងកម្ពុជា។
យោងតាមការចេញផ្សាយរបស់ «Royal du Cambodge» សម្តេច នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលនៅចំពោះមុខរដ្ឋមន្ត្រីការបរទេសចិនថា «ខ្ញុំនឹងបន្តទៅមុខតាមផ្លូវចំណងមិត្តភាពកម្ពុជា-ចិន ដែលបានកសាងដោយ សម្តេចព្រះ នរោត្តម សីហនុ និងថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសចិន។ បន្តមរតក និងអភិវឌ្ឍមិត្តភាពរវាងប្រទេសទាំងពីរ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែប្រសើរថែមទៀតដល់ប្រជាជននៃប្រទេសទាំងពីរ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថាទំនាក់ទំនងកម្ពុជា-ចិន នឹងត្រូវបានពង្រឹងបន្ថែមទៀត ហើយមិត្តភាពប្រជាជននឹងបន្តកាន់តែស៊ីជម្រៅថែមទៀតផងដែរ»។
នៅក្នុងជំនួបសវនាការនេះ ក៏មានការជជែកលើបញ្ហារីករាលជំងឺកូវីដ១៩រវាងប្រទេសទាំងពីរផងដែរ។ លោក វ៉ាង យី បានគូសបញ្ជាក់ថា បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺរលាកសួតប្រភេទថ្មី (COVID-19) ក្រោមការបញ្ជាផ្ទាល់របស់ប្រធានាធិបតី Xi JinPing រដ្ឋាភិបាលចិនបានចាត់ទុកជីវិតប្រជាជន សុខភាព និងសុវត្ថិភាព ជាអាទិភាព ហើយបានយកអំណាចរបស់ប្រទេសចិន ចាត់វិធានការការពារ និងត្រួតពិនិត្យឱ្យបានហ្មត់ចត់បំផុត រហូតទទួលបានជោគជ័យក្នុងការគ្រប់គ្រងការរីករាលដាលប្រកបដោយប្រសិទ្ធភាព។
លោក វ៉ាង យី បានលើកឡើងដែរថា ភាគីចិន ក៏មានសេចក្តីរីករាយដោយឃើញថា ក្រោមម្លប់បារមីរបស់ព្រះមហាក្សត្រ និងក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឱ្យកម្ពុជាអាចប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ទទួលបានលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់។
ប្រមុខការទូតចិនរូបនេះ បានបង្ហាញភាពជឿជាក់ថា ប្រជាជនកម្ពុជា នឹងជៀសផុតពីការរីករាលដាលនៃជំងឺនេះ។
បើទោះបីថា កម្ពុជា និងចិន បានទទួលជោគជ័យច្រើនលើការទប់ស្កាត់ជំងឺកូវីដ១៩ តែលោក វ៉ាង យី បានមើលឃើញថា កម្ពុជា និងចិន នៅតែប្រឈមនឹងហានិភ័យនិងបញ្ហាប្រឈមនៃការងើបឡើងវិញនៃជំងឺកូវីដ១៩នេះ ចំពោះប្រជាជនក្នុងស្រុក និងការនាំចូលពីខាងក្រៅ។
លោក វ៉ាង យី បានលើកឡើងថា ភាគីទាំងពីរ គួរតែពង្រឹងថែមទៀតនូវសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍ក្នុងការការពារ និងគ្រប់គ្រង ហើយស្ដារឡើងវិញនូវជីវិតសេដ្ឋកិច្ច និងសង្គម ខណៈពេលប្រកាន់ខ្ជាប់នូវការការពារ និងការត្រួតពិនិត្យ ចំពោះការរីករាលដាលនៃជំងឺ COVID-19។
លោក វ៉ាង យី ក៏បានរំលឹកផងដែរថា ពីការចូលរួមគាំទ្រផ្នែកស្មារតីរបស់កម្ពុជាចំពោះប្រទេសចិន នៅពេលចិនរងការវាយប្រហារពីជំងឺកូវីដ១៩នេះ។ លោក វ៉ាង យី បានរំលឹកថា នៅពេលដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត ប្រទេសកម្ពុជា បានផ្តល់ការគាំទ្រយ៉ាងរឹងមាំជូនដល់ប្រទេសចិន។ ក្នុងនោះព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានសម្តែងសមានទុក្ខចំពោះលោកប្រធានាធិបតី Xi JinPing និងបានផ្តល់ជំនួយជាសាច់ប្រាក់។ ខណៈដែលព្រះករុណា ព្រះមហាក្សត្រ ទ្រង់គង់ប្រថាប់ពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង ព្រះអង្គបានសព្វព្រះរាជហឫទ័យបង្ហូតទង់ព្រះមហាក្សត្រត្រឹមពាក់កណ្តាលដង នៅមុខព្រះរាជដំណាក់ ដើម្បីកាន់ទុក្ខដល់អ្នកស្លាប់ដោយសារជំងឺ COVID-19។
ចំណែកឯសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គបានប្រារព្ធពិធីតាមបែបព្រះពុទ្ធសាសនានៅព្រះបរមរាជវាំងនៃប្រទេសកម្ពុជា ដើម្បីបួងសួងដល់ប្រជាជនចិន។ ដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុនសែន ទៅកាន់ប្រទេសចិន ក៏បានសម្តែងការគាំទ្រយ៉ាងខ្លាំង។
លោក វ៉ាង យី បានគូសបញ្ជាក់ថា ភាគីចិន និងចងចាំជានិច្ចនូវការគាំទ្រទាំងនេះ។
ក្នុងជំនួបនេះ ព្រះករុណា ព្រះមហាក្សត្រខ្មែរ ក៏បានអបអរសាទរប្រទេសចិន ចំពោះសមិទ្ធិផលសំខាន់ៗដែលសម្រេចបាន ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺ COVID-19 ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រធានាធិបតី Xi JinPing និងបានវាយតម្លៃខ្ពស់ចំពោះទស្សនវិជ្ជាអភិបាលកិច្ចដែលផ្តោតលើប្រជាជនរបស់ប្រទេសចិន និងបានថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានជួយដល់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ៕