(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចរៀបចំធ្វើការជួសជុលកែលម្អរបន្ទប់រៀន ចំនួន២បន្ទប់ និងក្រាលខឿនផ្លូវរៀបការ៉ូឡា ដាក់បង្កាន់ដៃដែក ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព នៅសាលាបឋមសិក្សាពញាក្រែក ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ទួលសង្កែទី១។
ការសម្រេចរបស់អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឡើងនៅក្រោយពីទទួលបានកញ្ចប់ថវិកា ពីឧក្ដមសេនីយ៍ឯក យឹម លាង នាយករងខុទ្ធកាល័យសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជាអគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌប្ញស្សីកែវ ចំនួន១៥,៥០០,០០០រៀល តាមរយៈលោកឧកញ៉ា សំ ប៊ន អនុប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌឫស្សីកែវ កាលពីថ្ងៃ១២ ខែឧសភា ឆ្នាំ២០២០។
ជាមួយការផ្ដល់កញ្ចប់ថវិកា ជូនរដ្ឋបាលខណ្ឌឫស្សីកែវ តាមរយៈសំណើររបស់លោក ជា ពិសី ដើម្បីធ្វើការជួសជុលកែលម្អរបន្ទប់រៀន ចំនួន២បន្ទប់ និងក្រាលខឿនផ្លូវរៀបការ៉ូឡា ដាក់បង្កាត់ដៃដែក ក្នុងការលើកកម្ពស់សោភ័ណ្ឌភាព នៅសាលាបឋមសិក្សាពញាក្រែកនេះ, លោកឧកញ៉ា សំ ប៊ន អនុប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌឫស្សីកែវ បានពាំនាំនូវការផ្ដាំផ្ញើរបស់ឧក្ដមសេនីយ៍ឯក យឹម លាង ដល់អាជ្ញាធរខណ្ឌ និង សង្កាត់និមួយៗ ស្ដីពីការខិតខំប្រឹងប្រែងទប់ស្កាត់លប់បំបាត់បន្ថែមទៀត សម្រាប់គោលការណ៍ភូមិ-សង្កាត់មានសុវត្ថិភាព ពិសេសបញ្ហាគ្រឿងញៀន និងអំពើអបាយមុខនានា អោយកាន់តែប្រសើរថែមទៀត និងត្រូវបន្តរួមគ្នាផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងទប់ស្ដាត់លប់បំបាតជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល៕