(កោះកុង)៖ ដើម្បីបង្កើតមិត្តភាព កាយសម្បទារឹងមាំ និងសុខភាពល្អ លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរខេត្តកោះកុង បានរៀបចំកន្លែងហាត់ប្រាណ និងដាក់ឧបរណ៍លំហាត់ ប្រាណចំនួន ១២គ្រឿង សរុបតម្លៃ១៥៥០០ដុល្លារអាមេរិក ជាការចូលរួមឧបត្ថម្ភរបស់សប្បុរសជន ដាក់ឲ្យប្រើប្រាស់ជាសាធារណៈជូនប្រជាពលរដ្ឋ ដែលមានទីតាំងខាងមុខសាលាស្រុកបូទុមសាគរ។
ឧបករណ៍លំហាត់ប្រាណជាសាធារណៈទាំងនេះ បានរៀបចំដាក់ឲ្យប្រើប្រាស់នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ក្រោមវត្តមានលោកស្រី មិថុនា ភូថង អភិបាលខេត្ត, លោក ហាក់ ឡេង ព្រមទាំងមន្ត្រីក្រោមឱវាទ និងមានការចូលពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
លោក ហាក់ ឡេង បានថ្លែងឲ្យដឹងថា ដើម្បីលើកស្ទួយផ្នែកវិស័យកីឡាបានមួយកម្រិត ដើម្បីបង្កើនមិត្តភាព កាយសម្បទារឹងមាំ និងសុខភាពល្អ ដល់ប្រជាពលរដ្ឋ លោកបានរៀបចំឧបករណ៍លំហាត់ប្រាណទាំង ១២គ្រឿង ឲ្យប្រើប្រាស់ជាសាធារណៈ គ្រប់វ័យមិនថាចាស់ ឬក្មេងឡើយ គឺលំហាត់ប្រាណចូលរួមបានទាំងអស់គ្នា ដោយមិនថាអ្នកមាន ឬអ្នកក្រឡើយ ឲ្យតែចំណង់ចំណូលចិត្ត។
តម្លៃចំណាយសរុប ១៥៥០០ដុល្លារនេះ ត្រូវបានលោកអភិបាលស្រុកប្រាប់ថា សម្រាប់ឧបករណ៍ហាត់ប្រាប់ចំនួន ១២គ្រឿងនេះតម្លៃប្រមាណ ៦ពាន់ដុល្លារ ដែលបានកម្មង់បញ្ជាទិញពីក្រុងបាងកក ប្រទេសថៃ ហើយខ្ទង់ជិត ១ម៉ឺនដុល្លារទៀតចំណាយលើការរៀបចំកន្លែងហាត់ប្រាណ ដូចជា ចាក់ដី និងចាក់សាប ជាដើម។
លោកបានថ្លែងបន្តថា ដោយលោកបានមើលឃើញការលំហាត់ប្រាណ ប្រជាពលរដ្ឋមួយចំនួនបានដើរ ឬរត់លំហាត់ប្រាណនៅតាមដងផ្លូវជាតិ ដែលមានរថយន្តតូចធំ ម៉ូតូធ្វើចរាចរណ៍រាល់ម៉ោងរាល់ថ្ងៃ លោកមានការព្រួយបារម្ភពីការគ្រោះថ្នាក់ ហេតុដូច្នេះលោកបានចំណាយថវិកាផ្ទាល់ខ្លួន ទិញឧបករណ៍លំហាត់ប្រាណចំនួន ១២គ្រឿង ដើម្បីឲ្យឈប់លំហាត់ប្រាណនៅតាមដងផ្លូវ វិលមកហាត់ប្រាណទីនេះវិញ ដើម្បីបញ្ជៀសការគ្រោះថ្នាក់ផង ហើយបានស្គាល់គ្នាជាមិត្តផង។ លោកសំណូមពរថា អ្វីដែលសំខាន់សូមចូលរួមថែរក្សាទាំងអស់គ្នា ចំពោះឧបករណ៍នេះឲ្យបានល្អ ព្រោះជារបស់សាធារណៈទាំងអស់គ្នា។
លោកតា លោកយាយ បានសម្តែងការត្រេកអរយ៉ាងខ្លាំង ដោយថ្នាក់ដឹកនាំខេត្ត-ស្រុក បានរៀបចំកន្លែងលំហាត់ប្រាណគ្រប់វ័យដល់ពួកគាត់ ដោយមិនប្រកាន់ពីវណ្ណៈ ជាពិសេសអាចបញ្ជៀសការគ្រោះថ្នាក់បានផងដែរ ព្រោះកាលពីមុនៗពួកគាត់លំហាត់នៅតាមចញ្ចើមផ្លូវជាតិ ឬផ្លូវលំដែលផ្លូវសម្រាប់ធ្វើចរាចរណ៍រថយន្ត និងម៉ូតូដែលជាបញ្ហាប្រឈមគ្រោះថ្នាក់បំផុត តែឥឡូវអភិបាលស្រុក បានរៀបចំឧបករណ៍លំហាត់ប្រាណនេះ លោកសប្បាយចិត្តឥតឧបមា។ ពួកគាត់ បានសន្យថា នឹងខិតខំថែរក្សាឲ្យបានល្អ និងចូលរួមធ្វើអនាម័យថែរក្សាបរិស្ថានឲ្យល្អផងដែរ ដើម្បីសុខភាព៕