(កំពង់ឆ្នាំង)៖ នៅថ្ងៃទី១១-១៣ ខែឧសភា ឆ្នាំ២០២០ លោក តេង រតនា ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង និងលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ខ្លឹមសារអង្គប្រជុំរបស់ក្រសួងយុត្តិធម៌ ស្តីអំពីការត្រៀមខ្លួនអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនាពេលខាងមុខនេះ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធានសាលាដំបូង និងលោកព្រះរាជអាជ្ញា បានជំរុញឱ្យចៅក្រម តំណាងអយ្យការ ក្រឡាបញ្ជី ត្រូវតែគោរពវិន័យក្នុងម៉ោងការងារម៉ោងប្រចាំការតាមវេន និងជំរុញឱ្យពន្លឿនចំណាត់ការសំណុំរឿងនៅគ្រប់ដំណាក់កាលនៃនីតិវិធី ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយអនុវត្តតាមច្បាប់ និងជំរុញបង្កើនការអនុវត្តនីតិវិធីបញ្ជូនរឿងទៅជំនុំជម្រះ តាម CD និង CI។
ជាមួយគ្នានេះដែរ សាលាដំបូង និងអយ្យការអមសាលាដំបូង ក៏បានរៀបចំកិច្ចប្រជុំមន្ត្រីនគរបាលយុត្តិធម៌ រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២០ ដោយមានអ្នកចូលរួមចំនួន ១០០នាក់។
សមាសភាពចូលរួមមានមន្ត្រីជាន់ខ្ពស់ មកពីផ្នែកនគរបាលជាតិ កងរាជអាវុធហត្ថ មន្ទីរកសិកម្ម ជលផលព្រៃឈើ បរិស្ថាន គយ សុខាភិបាល និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ដើម្បីលើកយកបញ្ហា ប្រឈមពាក់ព័ន្ធនឹងការកកស្ទះសំណុំរឿងកន្លងមក ព្រមទាំងផ្សព្វផ្សាយពីទិសដៅរបស់ក្រសួងយុត្តិធម៌ ដែលនឹងអនុវត្តយុទ្ធនាការដោះស្រាយការ កកស្ទះសំណុំរឿងនៅតាមតុលាការ នាពេលឆាប់ៗខាងមុខនេះផងដែរ។
សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងគ្រប់អង្គភាពបានប្តេជ្ញាចិត្តថា នឹងជួយសហការក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង តាមការស្នើសុំរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។
កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចបង្កើតគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រា យការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជ ធានី-ខេត្ត។
គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្តមានភារកិច្ច៖
*ទី១៖ ដឹកនាំ និងសម្របសម្រួលការងាររួមលើការអនុវត្ត យុទ្ធនាការ ដោះស្រាយបញ្ហាកកស្ទះ សំណុំរឿងនៅតាមសាលាដំបូង និងអយ្យការ អមសាលាដំបូងរាជធានីខេត្ត
*ទី២៖ ដាក់ចេញនូវគោលការណ៍ណែនាំ វិធាននានា និងផែនការសកម្មភាព ចាំបាច់ដើម្បីអនុវត្តយុទ្ធនាការ ឲ្យមានប្រសិទ្ធភាព សំដៅរួមចំណែកលើកម្ពស់សមត្ថភាព ស្ថាប័នក្នុងការបម្រើសេវាយុត្តិធម៌ឲ្យបានល្អប្រសើរ ក៏ដូចជារួមចំណែកកាត់បន្ថយភាពចង្អៀតណែននៅពន្ធនាគារ
*ទី៣៖ ដាក់ចេញនូវដំណោះស្រាយបញ្ហាប្រឈមនានាដែលកើតចេញពីការអនុវត្តយុទ្ធនាការ
*ទី៤៖ តាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធនាការ៕