(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មការប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាម និងជាអភិបាលខេត្តកំពង់ចាម បានថ្លែងអំពាវនាវ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋ
ជាថ្មីឱ្យបន្តធ្វើអនាម័យ ថែរក្សាសុខភាព បង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ បើទោះបីជាពេលនេះស្ថានភាពជំងឺនេះនៅក្នុងប្រទេសកម្ពុជា មានការថមថយហើយក៏ដោយ។
លោក អ៊ុន ចាន់ដា បានថ្លែងអំពាវនាវដូច្នេះនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ខណ:ពេលដែលលោកបានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយ ខែបួសរ៉ាម៉ាឌន ជូនប្រជាពលរដ្ឋខ្មែរឥស្លាម ចំនួន៤៦០គ្រួសារ នៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា បានថ្លែងបន្តថា ថ្វីត្បិតតែមកដល់បច្ចុប្បន្ននេះស្ថានភាពនៃការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ នៅកម្ពុជាមានសភាពថមថយបន្តិច និងដោយឡែក នៅក្នុងខេត្តកំពង់ចាម អ្នកជម្ងឺចំនួន១៦នាក់ បានជាសះស្បើយអស់ហើយក្ដី ក៏យើងនៅតែព្រួយបារម្មណ៍ចំពោះការផ្ទុះឡើងនៃជម្ងឺកូវីដ១៩ ក្នុងរលកទី២ ខណៈដែលជម្ងឺនេះកំពុងបន្តគម្រាមកំហែងសាជាថ្មី នៅក្នុងប្រទេសមួយចំនួនក្នុងពិភពលោក។
ដូច្នេះក្នុងនាមប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅទីនេះ និងក្នុងខេត្តកំពង់ចាមទាំងមូលត្រូវចូលរួមទាំង អស់គ្នា ដើម្បីទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩ ដោយត្រូវអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ក៏ដូចជាអង្កការសុខភាពពិភពលោក និងបន្តយកចិត្តថែរក្សាអនាម័យ សម្អាតខ្លួនប្រាណ លាងសម្អាតដៃជាប់ជាប្រចាំ និងចេះប្រើប្រាស់ម៉ាស់ ឬក្រម៉ា នៅពេលក្អក ឬកណ្តាស់ និងកាត់បន្ថយការជួបជុំនិងការធ្វើដំណើរទៅតំបន់ផ្សេងៗ។
លោកអភិបាលខេត្ត ក៏បានស្នើឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ការរាតត្បាត នៃជម្ងឺកូវីដ១៩ តាមរយៈ ឧគ្ឃោសនស័ព្ទចល័ត តាមទីប្រជុំជនក្នុង ក្រុង-ស្រុក និងអចល័តនៅតាមសាលាឃុំ-សង្កាត់ ទីវត្តអារាម វិហារសាសនា និងមានផ្សព្វផ្សាយតាមខ្នងផ្ទះ តាមទីសាធារណៈនានាផងដែរ។
សូមបញ្ជាក់ថា ក្នុងពិធីនោះអាជ្ញាធរខេត្តកំពង់ចាម បានចែកអំណោយខែបួសរ៉ម៉ាឌនជូនប្រជាពលរដ្ឋសាសនិកឥស្លាមចំនួន៤៦០គ្រួសារ ដោយក្នុង០១គ្រួសារៗ ទទួលបាន អង្ករ ១០គីឡូក្រាម ស្ករស០២គីឡូ ទឹកដោះគោ២កំប៉ុង ប្រេងឆា ១លីត្រ និងទឹកសេរ៉ូ ១ដប៕