(កំពង់ស្ពឺ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និង Dr. Nick Beresford ប្រធានអង្គការ UNDP ប្រចាំនៅកម្ពុជា អាជ្ញាធរស្រុក ឃុំ និងសហការី នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញមកឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យពីវឌ្ឍនភាព នៃការអនុវត្តគម្រោងស្តីពី «ការគ្រប់គ្រងរួមគ្នាដើម្បីការពារ និងស្តារសេវាកម្មទីជម្រាល និងប្រព័ន្ធបរិស្ថាន នៅតំបន់ជួរភ្នំក្រវ៉ាញប៉ែកខាងលើ នៃអាងស្ទឹងព្រែកត្នោត»។
គម្រោងនេះ ត្រូវបានអនុវត្តដោយសហគមន៍ តំបន់ការពារធម្មជាតិរស្មីសាមគ្គី និងគាំទ្រថវិកា ដោយរាជរដ្ឋាភិបាល GEF និង UNDP ចំនួន១.៥លានដុល្លារ។
ក្រោយពេលបានចុះពិនិត្យឃើញទិដ្ឋភាព ជាក់ស្តែងនូវការផ្គត់ផ្គង់ និងប្រើប្រាស់ទឹក ស្រះទឹកសហគមន៍ ព្រៃឈើសហគមន៍ និងផលិតកម្មដំណាំបន្លែ រួចមកលោករដ្ឋមន្រ្តី វេង សាខុន និងលោកអភិបាលខេត្ត ព្រមទាំងសហការី បានអញ្ជើញមកជួបសំណេះសំណាល ជាមួយបងប្អូនប្រជាសហគមន៍ ចំនួន៥០គ្រួសារ។
ក្នុងពិធីសំណេះសំណាល ជាបន្តបន្ទាប់លោក ម៉ុន សំអាត ប្រធានសហគមន៍ លោក ឈាង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរាយការណ៍ អំពីសកម្មភាពរបស់សហគមន៍ ការគ្រប់គ្រង ថែរក្សាការពារព្រៃឈើសហគមន៍ ផលប្រយោជន៍នៃការប្រើប្រាស់ទឹក ដែលឧបត្តម្ភដោយគម្រោង ការទទួលបានផល និងអនុផលព្រៃ ឈើ និងដំណាំរួមផ្សំ ការងារបង្កបង្កើនផលដើមរដូវវស្សា ស្ថានភាពសហគមន៍កសិកម្ម និងសហគមន៍ព្រៃឈើទូទាំងខេត្ត។
ដោយឡែក Dr. Nick Beresford ក៏បានធ្វើចំណាប់អារម្មណ៍ ចំពោះវឌ្ឍនភាពនៃគម្រោងដោយបានសង្កត់ធ្ងន់ ទៅលើលទ្ធភាពនៃការផ្គត់ផ្គង់ និងប្រើប្រាស់ទឹក ដោយបានជួយសម្រាលបញ្ហាប្រចាំថ្ងៃ បង្កលក្ខណៈងាយស្រួលក្នុងការងារដាំដុះ ការការពារ និងអភិរក្សាព្រៃឈើសហគមន៍ ការកែលម្អ និងអភិរក្សគម្របព្រៃឈើ និងដីកសិកម្ម និងជាពិសេសជីវភាពរបស់សមាជិកសហគមន៍ត្រូវបានកែលម្អ។
មានមតិសំណេះសំណាលនាឱកាសនេះ លោករដ្ឋមន្រ្តី ក្នុងនាមថ្នាក់ដឹកនាំក្រសួង និងលោកអភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រី និងសម្តេចវិបុលសេនាភក្តី មកជូនបងប្អូនទូទាំងស្រុកឱរ៉ាល់ និងទូទាំងខេត្តកំពង់ស្ពឺ ហើយសម្តេចបានជូនពរ ឲ្យបងប្អូនប្រជាសហគមន៍គ្រប់ៗក្រុមគ្រួសារនៅទីនេះ និងនៅទីជិតឆ្ងាយ ឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងមានសុខភាពល្អ និងជាពិសេសអនុវត្ត ឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមការពារជំងឺឆ្លងសកលកូវីដ-១៩។
បន្ទាប់មកលោកបានថ្លែងអំណរគុណ ជូនចំពោះរាជរដ្ឋាភិបាល អង្គការ UNDP និង GEF ដែលបានផ្តល់ថវិកាគាំទ្រអនុវត្តគម្រោង ហើយបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការ គាំទ្រអនុវត្តគម្រោងសម្រេចទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដូចយើងបានឃើញ នាព្រឹកនេះ រួមមានការទាញយកទឹកធម្មជាតិពីភ្នំឱរ៉ាល់ មកប្រើប្រាស់ក្នុងសហគមន៍ ការជីកស្រះស្តុកទឹក ការការពារ ថែរក្សា និងអភិរក្សព្រៃឈើ សហគមន៍ ការគ្រប់គ្រងដីជម្រាល និងដីកសិកម្ម ការកាយព្រំដីព្រៃ ឈើសហគមន៍ ការដាំឫស្សី និងបន្លែរួមផ្សំ និងជាពិសេសជីវភាព ត្រូវបានកែលម្អបានយ៉ាងល្អប្រសើរ ហើយពិតណាស់អ្វីដែលប្រជាសហគមន៍ បាននិងកំពុងទទួលនាថ្ងៃនេះ គឺជាក្តីប្រាថ្នាចង់បានយ៉ាងទទួច របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។
ក្រៅពីនេះ ដើម្បីប្រែក្លាយសហគមន៍តំបន់ការពារធម្មជាតិរស្មីសាមគ្គី ឲ្យកាន់តែរីកចម្រើន រក្សាបាននូវនិរន្តរភាពនៃការការពារ ថែរក្សា និងគ្រប់គ្រងព្រៃឈើធម្មជាតិ នៅតំបន់នេះឲ្យបានគង់វង្ស និងបង្កើនផលិតភាពផលិតកម្មដំណាំ បន្ថែមទៀត លោករដ្ឋមន្ត្រីបានស្នើសុំឲ្យនាយកគម្រោង និង UNDP ជួយបណ្តុះបណ្តាល ការងារបច្ចេកទេសកសិកម្មថ្មីៗ ដែលធន់ការប្រែប្រួលអាកាសធាតុ បង្កើតរបរកសិកម្មបន្ថែម ដូចជាចិញ្ចឹមមាន់ ដំណាំប្រើទឹកតិច។
ទាក់ទាញគម្រោងនានា យកមកអនុវត្តនៅតំបន់នេះឲ្យបានច្រើន ពិសេសសហគមន៍ព្រៃឈើ ប្រយោជន៍ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍតំបន់ភ្នំឱរ៉ាល់ ឲ្យមានការរីកចម្រើននាពេលអនាគត។ យោងតាមការស្នើសុំ លោកបានស្នើឲ្យមន្ទីរបរិស្ថានខេត្តជួយសហការ ចុះបញ្ជីសហគមន៍នេះផង ដើម្បីទទួលបាននូវសិទ្ធិស្របច្បាប់ត្រឹមត្រូវ។
តាមរបាយការណ៍របស់លោក មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកគម្រោង បានឱ្យដឹងថា គម្រោងនេះ មានគោលបំណងស្តារ កែលម្អ និងថែរក្សាគម្រប ព្រៃឈើ ធ្វើឲ្យមុខងារទីជម្រាលមានស្ថិរភាព លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងផ្តល់សេវាកម្មប្រព័ន្ធបរិស្ថាន ឲ្យមាននិរន្តរភាព។ ដោយឡែក ការអភិរក្សដីកសិកម្ម ការអនុវត្តកសិ-រុក្ខកម្ម ការគ្រប់គ្រងព្រៃឈើសហគមន៍ ឲ្យមាននិរន្តរភាព និងការលើកកម្ពស់សមត្ថភាពគ្រប់គ្រង និងត្រួតពិនិត្យទីជម្រាល គឺស្ថិតនៅក្នុងសមាសភាគទាំងបីរបស់គម្រោង ហើយសមាសភាគនីមួយៗ មានការវិវឌ្ឍរីកចម្រើន គួរឲ្យកត់សម្គាល់។
ជាក់ស្តែងទុយោទឹកប្រវែង ២៧,០០០ម៉ែត្រ ត្រូវបានតចូលក្នុងភូមិ៣ ផ្តល់លទ្ធភាពឲ្យពលរដ្ឋ២៤៣គ្រួសារ ប្រើប្រាស់ទឹកក្នុងគ្រួសារ និងក្នុងវិស័យកសិកម្ម។ ស្រះទឹកធំៗ ចំនួន ៣ ត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងសហគមន៍ កសិករ៣៤គ្រួសារ បានដាំឫស្សីផ្អែម ខ្ញី រំដេង និងស្លឹកគ្រៃ ស្វាយចន្ទី គ្រប់គ្រង និងថែរក្សាព្រៃឈើសហគមន៍ បានចំនួន ៤,០៧៨ហិតា -ល-៕