(ភ្នំពេញ)៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ បានផ្ញើសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៦៧ព្រះវស្សា ស្តេចយាងចូល៦៨ព្រះវស្សា។
Facebook របស់ស្ថានទូតអាមេរិកនៅកម្ពុជា បានបង្ហោះសារយ៉ាងដូច្នេះថា៖ «ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថនរោត្តម សីហមុនី នៅថ្ងៃនេះ លោកឯកអគ្គរដ្ឋទូត តាងនាមឲ្យបុគ្គលិកស្ថានទូតអាមេរិកទាំងអស់ សូមថ្វាយព្រះសព្ទសាធុការពរ សូមព្រះអង្គ ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ និងសេចក្តីសុខក្សេមក្សាន្ត»។
នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានព្រះជន្មគម្រប់ ៦៧ព្រះវស្សា យាងចូល ៦៨ព្រះវស្សាហើយ។
ព្រះអង្គ បានព្រះរាជសម្ភពនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣។ ព្រះអង្គជាព្រះរាជបុត្រ របស់អតីតព្រះវររាជបិតាជាតិខ្មែរ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ នរោត្ដម មុនីនាថ សីហនុ។
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាព្រះរាជបុត្រច្បងរបស់សម្ដេចព្រះនរោត្ដម សីហនុ និងសម្តេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ។ ព្រះអង្គមានព្រះអនុជមួយព្រះអង្គ ព្រះនាម នរោត្ដម នរិន្ទ្រពង្ស ដែលបានយាងសោយទិវង្គតនៅឆ្នាំ២០០៣៕