(សៀមរាប)៖ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងនគរបាលទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ កម្លាំងការិយាល័យសន្តិសុខផ្ទៃក្នុងរបស់លោក បានចូលរួមសហការពីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប បានឃាត់លោក ព្រលឹងសំរេច ស៊ិនវុឌ្ឍី ហៅតាលៀង (ឈ្មោះដើម ស៊ីម ឈុនលៀង) អាយុ៥៦ឆ្នាំ មានមុខរបរជាអ្នកសារព័ត៌មានរស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាបពីបទក្លែងបន្លំ និងកំហែងយក។
លោកឧត្តមសេនីយ៍ត្រីស្នងការរងបានបន្តទៀតថា ជនម្នាក់នេះបានធ្វើសកម្មភាពដោយប្រើប្រាស់ទូរសព្ទហៅទៅម្ចាស់អាជីវកម្មមួយកន្លែង នៅស្រុកក្រឡាញ់ ដោយប្រាប់គេថា ខ្លួនជាមន្ត្រីបរិស្ថានខេត្ត និងមានបញ្ជាពីថ្នាក់ដឹកនាំខេត្តឲ្យជួយដោះស្រាយលុយខ្លះ បើមិនអញ្ចឹងទេ នឹងឲ្យក្រុមការងារចុះត្រួតពិនិត្យអាជីវកម្ម។ ក្រោយការសាកសួរ សាមីខ្លួនបានឆ្លើយសារភាពថា ខ្លួនពិតជាបាន ធ្វើសកម្មភាពមែន។
លោកបានបន្តថា ការឃាត់ខ្លួននេះ បានធ្វើឡើងក្រោយពីបានទទួលពាក្យបណ្តឹងពីតំណាងមន្ទីរបរិស្ថានខេត្តសៀមរាប ក្រោមការស៊ើបអង្កេតបឋមពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ស្នងការ។
លោកថា «សកម្មភាពនេះនាំឲ្យប៉ះពាល់ដល់ មន្ទីរបរិស្ថានខេត្ត និងថ្នាក់ដឹកនាំខេត្ត»។ បច្ចុប្បន្ន សមត្ថកិច្ចបានកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធីច្បាប់៕