(កំពង់ធំ)៖ លោក អួង សារឿន អភិបាលស្រុកបារាយណ៍ បានថ្លែងថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាក្ដីកង្វល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។
លោកបានបានថ្លែងយ៉ាងដូច្នេះ នៅក្នុងការចុះផ្សព្វផ្សាយពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងចែកអំណោយមនុស្សធម៌ដល់គ្រួសារងាយរងគ្រោះ និងចាស់ជរាគ្មានទីពឹងនៅក្នុងភូមិចំនួន៣ នៅក្នុងឃុំឈូកខ្សាច់ គឺភូមិចាន់ល្ហង ភូមិថ្មី និងភូមិដូនតុំ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ។
លោក អួង សារឿន បានបន្តក្រើនរំលឹកដល់ប្រជាជនគ្រប់រូប ឲ្យយកចិត្តចំពោះជំងឺកូវីដ-១៩ ទោះបីជាប្រទេសយើងប៉ុន្មានខែចុងក្រោយនេះ រកមិនឃើញនៅអ្នកឆ្លងថ្មីយ៉ាងណាក៏ដោយ ក៏មិនត្រូវប្រហែសឡើយ ត្រូវតែធ្វើអនាម័យអោយបានជាប្រចាំ ដូចជាត្រូវលាងដៃជាមួយនឹងសាប៊ូ ទឹកអាកុលឲ្យបានញឹកញាប់នៅពេលដែលប៉ះ ឬកាន់របស់អ្វីមួយ ព្រមទាំងពាក់ម៉ាស ឬក្រម៉ានៅពេលធ្វើដំណើរទៅទីសាធារណៈ ឬទៅផ្សារ និងគោរពតាមការណែនាំរបស់ក្រសួងសុខភិបាល។
លោកបានបន្តថា អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋដែលខ្វះខាតនេះ បានមកពីមន្ត្រីរាជការ ព្រះសង្ឃ និងសប្បុរសជនជុំវិញស្រុក ក្នុងការជួយដោះស្រាយបញ្ហា ជូនពលរដ្ឋបានមួយរយៈពេលខ្លីមែន តែវាជាទឹកចិត្តដ៏ថ្លៃថ្លា នៅក្នុងជួយគ្នាក្នុងគ្រាមានទុក្ខលំបាក។
អំណោយមនុស្សធម៌ ដែលបានចែកជូនដល់គ្រួសារងាយរងគ្រោះ ចាស់ជរាគ្មានទីពឹងចំនួន ១២គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករ មី ទឹកត្រី ទឹកស៉ីអ៉ីវ ស្ករ អំបិល ប៊ីចេង ប្រេងឆា សាប៊ូលាងដៃ និងថវិកាមួយចំនួនផងដែរ៕