(តាកែវ)៖ ភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបូរី ឃុំព្រែកថ្កោល ស្រុកអង្គរបូរី ខេត្តតាកែវ ដែលល្បីមានទំនាក់ទំនងតាម Facebook ជាមួយនារីម្នាក់ មិនទាន់លាចាកសិក្ខាបទនៅឡើយទេ បើទោះបីកាលពីពេលថ្មីៗនេះ ព្រះអង្គបានសន្យាថា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ ព្រះអង្គនឹងលាចាកសិក្ខាបទក៏ដោយនោះ។
ព្រះអង្គ បានសន្យាថា នឹងប្រព្រឹត្តតាមព្រះវិន័យឲ្យបានល្អឡើងវិញទៀតផង។ នេះបើយោងតាមលិខិតដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ។
យោងតាមលិខិត ដែលថ្វាយ និងប្រគេនសម្តេចព្រះសង្ឃរាជ សម្តេចព្រះសង្ឃនាយក ព្រះមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ និងញាតិញោមទាំងអស់ របស់ព្រះតេជគុណ ឡុង ចន្ថា បានមានសង្ឃដីកា បញ្ជាក់យ៉ាងដូច្នេះថា៖ «ផ្នួសរបស់ខ្ញុំព្រះករុណាអាត្មាភាព មិនទាន់អស់និស្ស័យនៅឡើយនោះ ទូលព្រះបង្គំទទួលកំហុស នឹងប្រព្រឹត្តតាមព្រះវិន័យ ឲ្យបានល្អប្រសើរឡើងវិញ»។
តាមការគ្រោងទុក ភិក្ខុ ឡុង ចន្ថា ដែលគង់នៅវត្តភ្នំបូរី ឃុំព្រែកថ្កោល ស្រុកអង្គរបូរី ខេត្តតាកែវ ធ្លាប់បានសុំលាចាកសិក្ខាបទ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ ក្រោយធ្លាយសំឡេងមានទំនាក់ ទំនងជាមួយនារីម្នាក់ តាមបណ្ដាញសង្គម Facebook។ ការបែកធ្លាយសំឡេងនេះ នាំឲ្យមានការរិះគន់យ៉ាងខ្លាំងពីមហាជន។
ក្នុងកិច្ចសន្យាដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ ភិក្ខុ ឡុង ចន្ថា បានមានសង្ឃដីកាថា សំឡេងដែលបែកធ្លាយតាមសង្គម Facebook ជាមួយនារីម្នាក់ ដែលនាំឲ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនា និងសង្គមជាតិ បើគិតជាទោសក្នុងព្រះវិន័យមិនដល់ថ្នាក់សឹកទេ ប៉ុន្ដែដើម្បីកុំឲ្យខូចតម្លៃព្រះពុទ្ធសាសនា ទើបសុំលាចាកសិក្ខាបទតែម្ដង។
គួរជម្រាបថា សម្ដេចព្រះសង្ឃនាយក នន្ទ ង៉ែត ក៏បានចេញសេចក្ដីណែនាំប្រគេនជូន ព្រះមេគុណខេត្តតាកែវផងដែរ ដើម្បីកោះនិមន្ដភិក្ខុ ឡុង ចន្ថា មកធ្វើការដោះស្រាយបញ្ហានេះ នៅសាលាគណខេត្តជាបន្ទាន់។ ក្នុងករណីភិក្ខុរូបនេះ មិនព្រមចូលមកក្នុងសង្ឃសវនាការសាលាគណខេត្ត ត្រូវសហការជាមួយអាជ្ញាធរដែលមានសមត្ថកិច្ច អនុវត្តវិធានការរដ្ឋបាល៕