(ភ្នំពេញ)៖ លោក Inuboshi លេខាទី៣នៃស្ថានទូតជប៉ុន បានបញ្ចប់បេសកកម្មការងាររបស់ខ្លួននៅកម្ពុជាហើយ នៅថ្ងៃសប្តាហ៍នេះ។ លោក Inuboshi បានថ្លែងថា លោកពិតជារីករាយណាស់ ដែលបានបំពេញការងាររយៈពេលជាងពីរឆ្នាំនៅកម្ពុជា។
លោកក៏អរគុណផងដែរដល់ពលរដ្ឋកម្ពុជា ដែលបានផ្តល់ភាពកក់ក្តៅដល់រូបលោកក្នុងពេលធ្វើការងារនៅកម្ពុជា។
តំណែងលេខាទី៣ នៃស្ថានទូតជប៉ុន នឹងត្រូវជំនួសដោយកញ្ញា Kusunoki។ មុននឹងចូលមកបំពេញការងារក្នុងតំណែងនេះ កញ្ញា Kusunoki បានអញ្ជើញមកសិក្សាអក្សរសាស្ត្រខ្មែរតាំងពីឆ្នាំ២០១៨មកម្ល៉េះ។
ទាំងលោក Inuboshi និងកញ្ញា Kusunoki សុទ្ធតែចេះនិយាយភាសាខ្មែរ។ លោក Inuboshi មិនត្រឹមតែចេះនិយាយភាសាខ្មែរនោះទេ លោកថែមទាំងចេះដេញចាប៉ីដងវែងថែមទៀតផង។
មុននឹងចាកចេញពីកម្ពុជា លោក Inuboshi បានដេញចាប៉ីបទ «ឱ!សត្វមហោរី» មួយបទទុកជាចំណងដៃ និងអនុស្សាវរីយ៍ដ៏គួរឱ្យចងចាំជាមួយប្រជាពលរដ្ឋកម្ពុជា។ ទន្ទឹមគ្នានេះ កញ្ញា Kusunoki ក៏បានចូលមកច្រៀងបទ «ឱ!សត្វមហោរី» ផងដែរ ដើម្បីជាចំណងដៃនៃការចាប់ផ្តើមការងាររបស់កញ្ញានៅកម្ពុជា។
ការដេញចាប៉ីដងវែង និងច្រៀងចម្រៀង «ឱ!សត្វមហោរី» ពីសំណាក់លោក Inuboshi និងកញ្ញា Kusunoki ទទួលបានការស្វាគមន៍ប្រកបដោយក្តីពេញចិត្តយ៉ាងជ្រាលជ្រៅ។ កាយវិការរបស់ជនជាតិជប៉ុនទាំងពីររូប បានរួមចំណែកផ្សព្វផ្សាយ និងលើកតម្កើងនូវវប្បធម៌ដ៏ផូរផង់របស់កម្ពុជា៕