(កណ្ដាល)៖ ប្រជាពលរដ្ឋចំនួន ២១គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ រលំផ្ទះ និងរបើកដំបូល នៅស្រុកល្វាឯម បានសំដែងទឹកចិត្តសប្បាយរីករាយពេកក្រៃបន្ទាប់ពីលោក គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល តែងតែយកចិត្តទុកដាក់ចែកអំណោយមនុស្សធម៍ដល់ពួកគាត់ ដែលជាកាយវិការដ៍ល្អឯក និងទឹកចិត្តដ៏ល្អរបស់ថ្នាក់ដឹកនាំ កាកបាទក្រហមថ្នាក់ ដឹកនាំខេត្ត ដែលបានគិតគូរយកចិត្តទុកដាក់ ជួយដល់ពលរដ្ឋដែលបានរងគ្រោះ ដោយសារគ្រោះធម្មជាតិ។
ការចែកអំណោយនេះប្រព្រឹត្តិទៅនារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ដឹកនាំដោលោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហម ក្រោមការបង្គាប់ពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។
មានមតិសំណេះសំណាល លោក ទៀង សុគន្ធ ជំនួសឱ្យលោក គង់ សោភ័ណ្ឌ បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះទាំងអស់ដោយក្តីនឹករឭក។
លោក ទៀង សុគន្ធ បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្តេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់សុខទុក្ខប្រជាពលរដ្ឋទូទៅ ទោះបីស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ហើយការចុះជួយសង្គ្រោះទៀតសោត គឺធ្វើឡើងដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ទន្ទឹមនឹងពិធីនេះដែរលោក កន សុខកាយ អភិបាលស្រុកល្វាឯម ក៏បានលើកទឹកចិត្តដល់គ្រួសាររងគ្រោះសូមកុំអស់សង្ឃឹមត្រូវមានសាមគ្គីភាពក្នុងគ្រួសារត្រូវពង្រឹង ជីវភាពបន្ថែមទៀត ដោយខិតខំធ្វើការរកប្រាក់ចំណូលតាមជំនាញរៀងៗខ្លួន ដើម្បីធ្វើឱ្យជីវភាពគ្រួសារមានភាពប្រសើរឡើង។
លោកអភិបាលស្រុក ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តទាំងអស់គ្នាក្នុងការទប់ស្កាត់ការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដោយប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវអនាម័យ៣គឺ៖ ហូបស្អាត ផឹកស្អាត និងការរស់នៅស្អាត ពិសេសត្រូវលាងសម្អាតដៃដោយសាប៊ូ ឬទឹកអាល់កុល និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវនៅពេលយើងចេញទៅក្រៅផ្ទះ ឬទៅប្រាស្រ័យទាក់ទងជាមួយមហាជននានា៕