(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានថ្លែងក្រើនរំលឹកដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ធំថា ត្រូវការពារខ្លួនពីជំងឺកូវីដ១៩ និងកុំធ្វេសប្រហែសឲ្យសោះ បើទោះបីជានៅកម្ពុជាមួយរយៈនេះ មិនមានករណីឆ្លងថ្មីក៏ដោយ ហើយថែមទាំងជំរុញ ឲ្យប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ។
លោក សុខ លូ ក្រើនរំលឹកបែបនេះ នៅក្នុងឱកាសចូលរួមប្រគល់អំណោយសាខាកាកបាទក្រហមខេត្តកំពង់ធំ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកតាំងគោក ចំនួន៧៨គ្រួសារ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ នៅឃុំសូយោង ឃុំជ្រលង និងឃុំទ្រៀល។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមកុំឲ្យធ្វេសប្រហែសពីជំងឺកូវីដ-១៩នេះឱ្យសោះ បើទោះបីជាកម្ពុជាមិនទាន់រកឃើញ ករណីឆ្លងថ្មីទៀត ក្នុងរយៈពេលកន្លងមកនេះក្តី»។
លោក សុខ លូ ថែមទាំងណែនាំឲ្យប្រជាពលរដ្ឋត្រូវរក្សាអនាម័យ លាងដៃនឹងសាប៊ូ ជេល ទឹកអាល់កុល ឬទឹកសម្លាប់មេរោគ ត្រូវរក្សាគម្លាតគ្នា ដើម្បីរួមគ្នាបន្តបង្កា និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។
លោកបានឱ្យដឹងទៀតថា រហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១២២ករណី ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ១២១ករណី នៅសល់តែ ១នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ទោះជាយ៉ាងនេះក្តីកម្ពុជា មិនបានបន្ធូរបន្ថយវិធានការក្នុងការបង្ការ ការពារចំពោះការរីករាលដាល នៃជំងឺកូវីដ-១៩នេះនៅឡើយ។
អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋខ្វះខាត ចាស់ជរានាពេលនេះ មានការចូលរួមចំណែកពីសប្បុរសជន ជូនដល់ប្រជាពលរដ្ឋ៧៨គ្រួសារ ដោយមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម, ទឹកត្រី ១យួរ, ត្រីខ ១យួរ និងឃីត១កញ្ចប់។ ជាមួយគ្នានេះ ក្រុមការងារបន្តដំណើរចុះសួរសុខទុក្ខមន្រ្តីចត្តាឡីស័ក និងចែកសម្ភារប្រឆាំងជំងឺកូវីដ-១៩ ដែលប្រចាំការនៅស្រុកតាំងគោកផងដែរ៕