(កណ្ដាល)៖ ក្រោយពីម្ចាស់រថយន្តម៉ាក កាមរីបាឡែន បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គម Facebook ករណីបាត់គ្រឿងរថយន្តរបស់ខ្លួននោះ ហើយត្រូវបានគេយកទៅចែកចាយ យ៉ាងព្រោងព្រាត តាមបណ្តាញសង្គម Facebook នោះ នៅទីបំផុតទៅ នារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួល ខេត្តកណ្តាល បានប្រគល់ប្រាក់ចំនួន ១,២០០ដុល្លារជូនម្ចាស់រថយ ន្តវិញ។
លោក ហុក តាំងហុង អាយុ៣៣ឆ្នាំ រស់នៅឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលត្រូវជាបងថ្លៃម្ចាស់រថយន្ត បានបង្ហោះវីដេអូតាមបណ្តាញសង្គម Facebook ក្រោយពេលលោកបានទៅមើល រថយន្តដែលត្រូវរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍កាលពីកំលុងខែមេសា ឆ្នាំ២០១៩កន្លងទៅ។
ពេលទៅមើលរថយន្តនោះ លោកបានមើលឃើញថា រថយន្តប្អូនថ្លៃរបស់ខ្លួន បានបាត់គ្រឿងក្នុងជាច្រើន ហើយក៏យកវីដេអូនេះមកបង្ហោះ Facebook បណ្តាលឲ្យមានចែកចាយព្រោងព្រាត។ ក្រោយបានព័ត៌មាននេះ និងមានការរិះគន់ផងនោះ ខាងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ក៏បានប្រគល់ប្រាក់ចំនួន ១២០០ដុល្លារជូនម្ចាស់រថយន្តវិញ៕