(ព្រះវិហារ)៖ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ខេត្តព្រះវិហារ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកនូវអំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិការបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចុះចែកជូនគ្រួសារក្រីក្រតាមខ្នងផ្ទះ នៅភូមិអន្លង់ស្វាយ ភូមិចម្លង និងភូមិថ្កែន ស្ថិតក្នុងឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ។
លោក ហោ ប៊ុនហួរ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងីកូវីដ១៩ ខេត្ត ដែលជានិច្ចកាលលោកតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ។
លោកអភិបាលស្រុក បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់ទីកន្លែង ក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានជីវភាពធូរធារ។ ស្របពេលដែលជំងឺកូវីដ១៩ បានរីករាលដាលពេញ សកលលោក សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យប្រជាពលរដ្ឋត្រូវចូលរួមទប់ស្កាត់ការពារពីជំងឺនេះ ទោះបីបងប្អូនមិនបានចេញប្រកបការងា រកស៊ីទទួលទាន ក៏ដោយ ក៏សម្តេចបានណែនាំឱ្យអាជ្ញាធរដែនដី និងក្រុមការងារត្រូវនាំអំណោយចែកជូនប្រជាពលរដ្ឋដែលក្រីក្រនៅតាមខ្នងផ្ទះ។
លោកអភិបាលស្រុក បន្ថែមថា ថ្វីត្បិតតែអំណោយដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះមានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាក របស់បងប្អូន បានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រជាពលរដ្ឋគ្រប់រូបនិងមិនដែលទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយសារការអត់ឃ្លាននោះឡើយ។
ជាមួយគ្នានេះដែរលោក ហោ ប៊ុនហ៊ួរ ក៏បានធ្វើការផ្សព្វផ្សាយ ណែនាំឱ្យបងប្អូនប្រជាពលរដ្ឋត្រូវមានវិធានការការពារ ការថែររក្សាសុខភាព អនាម័យជាប្រចាំដោយលាង សម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំ និងពាក់ម៉ាស់ការពារ ដើម្បីចូលរួមការពាទប់ស្កាត់មេរោគកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕