(ភ្នំពេញ)៖ រយៈពេល១៤ថ្ងៃ ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា ពោលគឺថ្ងៃទី០១-១៤ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ បានផាកពិន័យយានយន្ត ២២៣៨១គ្រឿង ក្នុងនោះម៉ូតូ ១៦៥៧៩គ្រឿង និងរថយន្ត ៥៨០២គ្រឿង។ នេះបើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់បណ្តាញព័ត៌មាន Fresh News។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា រយៈពេល ១៤ថ្ងៃនេះ គេសង្កេតឃើញគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ៩៣លើក ស្លាប់ ៤៨នាក់ និងរបួស ១២២នាក់។ សម្រាប់ថ្ងៃទី១៤ ខែឧសភានេះ យានយន្តដែលល្មើសត្រូវបានត្រួតពិនិត្យ និងផាកពិន័យ មាន ១០១២គ្រឿង ក្នុងនោះម៉ូតូមាន ៦៦៩គ្រឿង និងរថយន្ត ៤៤៣គ្រឿង។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឲ្យដឹងថា សម្រាប់ម៉ូតូ បទល្មើសត្រូវបានកត់សម្គាល់ភាគច្រើន គឺអត់មួក បំពានស្លាកសញ្ញា ដឹកលើសចំណុះ ស្រវឹង អត់ផ្លាកលេខជាដើម។ សម្រាប់រថយន្តវិញ ពាក់ព័ន្ធនឹងការល្មើសល្បឿន អត់ពាក់ខ្សែក្រវាត់ គ្មានបណ្ណបើកបរ និងបើកបរប្រើប្រាស់ទូរស័ព្ទជាដើម។
រយៈពេល ១៤ថ្ងៃនេះ ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ រយៈពេល ១៣ថ្ងៃនេះ៕