(ភ្នំពេញ)៖ គណៈរដ្ឋមន្រ្តីកម្ពុជា នឹងបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០ ស្អែកនេះ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈមួយចំនួន។ នេះបើតាមការប្រកាសរបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
កិច្ចប្រជុំពេញអង្គនេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយរបៀប វារៈនៃកិច្ចប្រជុំនេះ គឺពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖
១៖ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
២៖ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
៣៖ សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។
៤៖ បញ្ហាផ្សេងៗ
* សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
៤.១៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការគេចវេះពន្ធ និងការចៀសវាងពន្ធ រវាងព្រះរាជាណាចក្រកម្ពុជា និងម៉ាឡេស៊ី។
៤.២៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការគេចវេះពន្ធ និងការចៀសវាងពន្ធ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
៤.៣៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យ ព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែនស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩៕