(ភ្នំពេញ)៖ គិតត្រឹមម៉ោង១៧ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ និងមន្រ្តីសាធារណៈចំនួន ៧៣ ៦៤០នាក់ មកពីក្រសួង ស្ថាប័ន ចំនួន៤១ បានចូលរួមវិភាគទានប្រាក់បៀវរត្សដោយស្ម័គ្រចិត្ត ជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយមានចំនួនទឹកប្រាក់សរុបកើនដល់ ៤០,៣៧៦,២២៦,៩៩៣រៀល ឬប្រហាក់ប្រហែល ជាង៩លាន ៨សែន ដុល្លារសហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានចេញសេចក្តីសម្រេចមួយ បង្កើតគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ គណៈកម្មការនេះដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន អមដោយអនុប្រធានប្រធាន៥រូប និងសមាជិកជា៤០នាក់ ដែលក្នុងនោះមាន២០នាក់ មកពីបណ្តាក្រសួងស្ថាប័នផ្សេងៗ និងសមាជិកដទៃទៀតជាអភិបាលរាជធានីខេត្តទាំងអស់នៅកម្ពុជា៕