(ភ្នំពេញ)៖ ជយោ! សូមអបអរសាទរអ្នកជំងឺទាំង១២២រូប ដែលកើតជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា បានព្យាបាលជាសះស្បើយអស់ហើយ។ អ្នកជំងឺចុងក្រោយគេទី១២២ ដែលមានស្រុកកំណើត នៅខេត្តបន្ទាយមានជ័យ ត្រូវបានព្យាបាលជាសះស្បើយ។ ទន្ទឹមនឹងការព្យាបាលអ្នកជំងឺឱ្យជាសះស្បើយអស់ហើយនោះមកដល់ត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ រយៈពេល ៣៣ថ្ងៃហើយ ដែលកម្ពុជារកមិនឃើញមានអ្នកឆ្លងជំងឺនេះថ្មីនោះឡើយ។
សូមអរគុណទ័ពអាវសរបស់កម្ពុជាទាំងជួរមុខ និងជួរក្រោយ ដែលបានពួតដៃយ៉ាងស្វាហាប់ និងពលីកម្មសព្វបែបយ៉ាងដោយមិនខ្លាចនឿយហត់ប្រយុទ្ធជាមួយជំងឺកូវីដ១៩ដោយអង់អាចក្លាហាន។
ប្រទេសកម្ពុជាត្រូវបានរកឃើញអ្នកកើតជំងឺកូវីដ១៩ករណីដំបូងលើបុរសជនជាតិចិន មកពីទីក្រុងវូហាន ខេត្តហឺប៉ី ប្រទេសចិន ក្នុងខែមករា ឆ្នាំ២០២០។ បន្ទាប់ពីបុរសរូបនេះបានព្យាបាលជាទៅ កម្ពុជាក៏បានរកឃើញករណីទី២កើតលើបុរសជនជាតិខ្មែរនៅក្នុងខេត្តសៀមរាប នៅក្នុងខែមីនា។ បុរសជនជាតិខ្មែររូបនេះ គឺជាជនជាតិខ្មែរដំបូងគេដែលបានឆ្លងជំងឺកូវីដ១៩ ដោយឆ្លងពីបុរសជនជាតិជប៉ុន ដែលធ្វើការជាមួយគ្នា។
ចាប់ពីខែមីនានោះមករហូតដល់ខែដើមខែមេសា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ជាបន្តបន្ទាប់រហូតដល់ទៅ១២២រូប។ អ្នកដែលបានឆ្លងជំងឺកូវីដ១៩នេះ មានជនជាតិខ្មែរ៥១រូប និងជនបរទេស ៧១រូប។ ជនបរទេសដែលបានរកឃើញឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជានេះ រួមមាន៖ ចិន អាមេរិក អង់គ្លេស បារាំង កាណាដា ប៊ែលហ្សិក ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាម។
បើទោះបីថាមកដល់ពេលនេះ កម្ពុជាមិនទាន់ឆ្លងផុតពីហានិភ័យ និងដំណាក់កាលនៃការឆ្លងជំងឺកូវីដ១៩ ដែលជាមេរោគបង្កការភ័យខ្លាច និងចលាចលនៅក្នុងពិភពលោកយ៉ាងណាក្តី តែការព្យាបាលអ្នកជំងឺឱ្យជាសះស្បើយអស់ និងមិនគ្រោះថ្នាក់ដល់អាយុជីវិតអ្នកជំងឺ គឺជាភាពជោគជ័យប្រកបដោយមោតទនភាព និងគួរឱ្យរីករាយជាពន់ពេក។
ក្នុងសង្គ្រាមប្រយុទ្ធជាមួយនឹងជំងឺកូវីដ១៩នេះ កម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍ សមត្ថភាពវិស័យសុខាភិបាលនៅមានកម្រិតនៅឡើយនោះ ទទួលបានការវាយតម្លៃបង្កប់ដោយការពេបជ្រាយមួយចំនួនផង ពីក្រុមជនមាននិន្នាការនយោបាយប្រឆាំងរាជរដ្ឋាភិបាល និងបណ្តាជននៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួនទៅលើសមត្ថភាពបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំង និងព្យាបាលជំងឺកូវីដ១៩។ ពួកគេបានព្រមានទៀតថា កម្ពុជា នឹងត្រូវប្រឈមនឹងការគំរាមកំហែងធ្ងន់ធ្ងរដល់អាយុជីវិតប្រជាពលរដ្ឋ ដោយសារតែជំងឺរាតត្បាតមួយនេះ។
ផ្ទុយពីការវាយតម្លៃប្រកបដោយភាពទុទ្ទិដ្ឋិនិយមពីក្រុមជនទាំងនេះ កម្ពុជា បែរជាទទួលបានការវាយតម្លៃ និងកោតសរសើរមិនដាច់ពីមាត់ពីអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ពាក់ព័ន្ធការដាក់ចេញវិធានការ និងចំណាត់ការទាំងឡាយ ប្រកបដោយភាពប្រាកដនិយម ច្បាស់លាស់ និងទាន់ពេលវេលា ដើម្បីឆ្លើយតប បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩។
បន្ថែមពីលើនេះ ក្រុមប្រទេសដែលគេមានមោទនភាពថាជាប្រទេសមានវិស័យសុខាភិបាលជឿនលឿន ពោរពេញដោយបច្ចេកវិទ្យាទំនើបនោះ បែរជារងគ្រោះធ្ងន់ធ្ងរពីការវាយប្រហារជំងឺកូវីដ១៩ ជីវិតពលរដ្ឋរាប់សិបម៉ឺននាក់បានឆ្លង និងរាប់ពាន់ រាប់ម៉ឺននាក់ទៀតបានបាត់បង់ជីវិត។
មកដល់ត្រឹមព្រឹកថ្ងៃទី១៦ ខែឧសភា ជំងឺកូវីដ១៩ បាននិងកំពុងរីកសាយភាយ និងវាយប្រហារលើប្រទេស និងដែនដីចំនួន២១៣។ អ្នកឆ្លងជំងឺមានជិត ៥លាននាក់ អ្នកស្លាប់មានជាង ៣០ម៉ឺននាក់ និងអ្នកព្យាបាលជាងមានជាង ១.៧លាននាក់។ ប្រទេសដែលមានអ្នកឆ្លង និងស្លាប់ដោយជំងឺកូវីដ១៩ច្រើនជាងគេ សុទ្ធតែជាប្រទេសដែលមានវិស័យសុខាភិបាលជឿនលឿន និងជាប្រទេសមហាអំណាចសេដ្ឋកិច្ចផងដែរ។
ប្រទេសចំនួន៥ ដែលមានអ្នកឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩ច្រើនជាងគេ ហើយកំពុងបន្តរីករាលដាលខ្លាំងមិនទាន់ស្រាកស្រាននៅឡើយនោះ រួមមាន៖ សហរដ្ឋអាមេរិក នាំមុខគេ បន្ទាប់មកមានអេស្បាញ រុស្ស៉ី អង់គ្លេស និងអ៉ីតាលី។
ជំងឺកូវីដ១៩ ជាជំងឺឆ្លងថ្មីមួយដែលមិនទាន់មានថ្នាំបង្ការ ឬថ្នាំព្យាបាលឱ្យច្បាស់លាស់នៅឡើយនោះទេ។ ដូច្នេះសមត្ថភាពនៃការព្យាបាលជំងឺមួយនេះ មិនចំណុះនៅលើប្រទេសមានវិស័យសុខាភិបាលខ្លាំងក្លា ឬប្រទេសមានវិស័យសុខាភិបាលទុនខ្សោយនោះឡើយ ពោលបច្ចេកទេសនៃការព្យាបាលជំងឺនេះមានកម្រិតប្រហាក់ប្រហែលគ្នាប៉ុណ្ណោះ។
ប៉ុន្តែអ្វីដែលជាប្រសិទ្ធភាពក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លងប្រភេទថ្មីមួយនេះ គឺការដាក់ចេញនូវវិធានការ និងចំណាត់ការឱ្យបានទាន់ពេលវេលាធ្វើយ៉ាងណាកុំឱ្យជំងឺមួយនេះឆ្លងរាតត្បាតខ្លាំង។
សម្រាប់សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចមួយចំនួនទៀត ប្រការដែលនាំឱ្យប្រទេសទាំងនេះ ឆ្លងរីករាលដាលខ្លាំងស្ទើរតែបាត់បង់ម្ចាស់ការបែបនេះ ការប្រមាថចំពោះស្ថានការណ៍ និងការប្រមាថលើឥទ្ធិពលនៃជំងឺនេះជារឿងចម្បង។
អ៉ីតាលីជាប្រទេសនៅតំបន់អឺរ៉ុប ដែលបានរងការរីករាលដាលជំងឺកូវីដ១៩មុនដំបូងគេ។ ផ្តើមចេញពីពលរដ្ឋដែលមើលស្រាល និងប្រមាថចំពោះជំងឺកូវីដ១៩ថា គ្មានអនុភាពវាយប្រហារសុខភាពរបស់ពួកគេនោះ ធ្វើឱ្យពួកគេផ្គើន និងមិនគោរពតាមវិធានការ ក៏ដូចជាការណែនាំទាំងឡាយរបស់រដ្ឋ និងអ្នកជំនាញ ហើយនៅតែបន្តធ្វើសកម្មភាពដើរហើរ និងជួបជុំ ទីបំផុតធ្វើឱ្យជំងឺនេះវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុត។
ក្រៅពីអ៉ីតាលី បណ្តាប្រទេសដទៃទៀតនៅតំបន់អឺរ៉ុប រួមទាំងអាមេរិកផង មិនត្រឹមតែប្រជាពលរដ្ឋនោះទេ ដែលមើលស្រាលចំពោះការរីករាលដាលជំងឺកូវីដ១៩នេះ សូម្បីតែមេដឹកនាំប្រទេសទាំងអស់នេះ ហាក់មិនមានភាពច្បាស់លាស់ និងប្រាកដនិយមក្នុងការគ្រប់គ្រង និងដឹកនាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមួយនេះផងដែរ។ ពួកគេនៅតែអល់អែក និងបែងចែកមិនដាច់ថារវាងជម្រើសរក្សាដំណើរការសេដ្ឋកិច្ច និងការរាំងខ្ទប់ជំងឺកូវីដ១៩មិនឱ្យរីករាលដាលមួយណាសំខាន់ជាង?
មេដឹកនាំនៃបណ្តាប្រទេសទាំងនេះ ដោយបារម្ភពីផលប៉ះពាល់ដល់សេដ្ឋកិច្ចនៅក្នុងប្រទេស ពួកគេនៅតែស្ទាក់ស្ទើរក្នុងការសម្រេចចិត្តបិទប្រទេស និងដំណើរគោរចរដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ បើទោះបីជំងឺបានវាយលុកចូលក្នុងប្រទេសទៅហើយក្តី។ ព្រោះតែភាពអល់អែក និងស្ទាក់ស្ទើរលើការសម្រេចចិត្តក្នុងការជ្រើសរើសវិធានការរាំងខ្ទប់ប្រទេស ឬត្រូវរក្សាដង្ហើមសេដ្ឋកិច្ចនេះ ទីបំផុតធ្វើឱ្យការរីករាលជំងឺកូវីដ១៩មានសភាពអាណោចអាធម។
សម្រាប់កម្ពុជាវិញ ជនដែលមិនសូវជាផ្តល់គុណសម្បត្តិ និងលើកទឹកចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលនោះ គេអាចនឹងលើកឡើងថា ការដែលកម្ពុជាមិនសូវមានជំងឺរីករាលដាលបែបនេះ ដោយសារតែកត្តាចំនួនប្រជាពលរដ្ឋតិចតួច និងបញ្ហាអាកាសធាតុ ដែលជួយរាំងខ្ទប់ការរីករាលជំងឺកូវីដ១៩។
តែបើយោងទៅតាមស្ថិតិប្រទេសកំពុងរាតត្បាតដោយសារជំងឺកូវីដ១៩នៅលើពិភពលោក បានបង្ហាញឱ្យឃើញថា ការរីករាតត្បាតជំងឺកូវីដ១៩មិនចំណុះលើប្រទេសតូច ប្រជាជនតិច ឬអាកាសធាតុនោះឡើយ។ ដ្បិតថា បណ្តាប្រទេសដែលមានអាកាសធាតុក្តៅជាងកម្ពុជា ដូចជានៅតំបន់អាហ្វ្រិក និងនៅបណ្តាប្រទេសមានចំនួនប្រជាជនតិចជាងកម្ពុជានោះ ក៏មានអត្រាឆ្លងជំងឺនេះច្រើនជាងកម្ពុជាឆ្ងាយណាស់ដែរ។
នៅពេលយើងពិនិត្យទៅលើទិដ្ឋភាពនេះ ទើបយើងអាចមើលឃើញថា ការដែលកម្ពុជាអាចគ្រប់គ្រង និងទប់ស្កាត់មិនឱ្យជំងឺកូវីដ១៩រីករាលដាលខ្លាំងមិនមែនជារឿងសាមញ្ញ ឬផ្អែកលើព្រេងវាសនានោះឡើយ។ លទ្ធផលដ៏គាប់ប្រសើរ គឺបានកើតចេញភាពប្រាកដនិយម និងច្បាស់លាស់ក្នុងការដឹកនាំ គ្រប់គ្រង និងចាត់ចែងរបស់រាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាអគ្គមេបញ្ជាការកំពូលក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ១៩ សត្រូវឥតស្រមោលនេះ បានតាមដាន អង្កេត និងវាយតម្លៃដោយម៉ត់ចត់មុននឹងដាក់ចេញវិធានការមួយដំណាក់ៗជាមួយភាពប្រយ័ត្នប្រយែង និងច្បាស់លាស់ជាទីបំផុត។
មេដឹកនាំដែលមានជីវិតជាអតីតយុទ្ធជន និងជាមេបញ្ជាការលើសមរភូមិសង្គ្រាមប្រយុទ្ធរាប់ភ្លេចរូបនេះ ត្រូវបានគេដឹងថា ជាមេបញ្ជាការមួយរូបមិនដែលមើលងាយសត្រូវ ឬមើលស្រាលសមរភូមិសង្គ្រាមម្តងណានោះឡើយ ព្រោះតែហេតុបែបនេះហើយទើបធ្វើឱ្យមេបញ្ជាការរូបនេះច្បាំងយកឈ្នះស្ទើរគ្រប់សមរភូមិ។ បទពិសោធន៍នេះ ក៏បានក្រើនរំលឹកអគ្គមេបញ្ជាការកំពូលរូបនេះ មិនឱ្យមើលស្រាល និងធ្វេសប្រហែសក្នុងសមរភូមិសង្គ្រាមប្រយុទ្ធនឹងជំងឺកូវីដ១៩ដូចគ្នា។
ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់កម្ពុជា បានឆ្លើយតបបន្ទាន់តាមការដាក់ចេញវិធានការចាំបាច់ជាច្រើនមានដូចជាការសម្រេចបង្កើតគណៈកម្មការជាតិដែលប្រមូលផ្តុំសមាសភាពមកពីគ្រប់ក្រសួងស្ថាប័ន និងអាជ្ញាធរក្រោមជាតិ ដែលមានសម្តេចផ្ទាល់ជាប្រធាន ដើម្បីបញ្ជាចាត់ចែងការងារ។
ក្រៅពីគណៈកម្មការថ្នាក់ជាតិហើយនោះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានគណៈកម្មការអន្តរក្រសួងមួយទៀត ដែលជាអ្នកប្រតិបត្តិការផ្ទាល់លើការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ។ គណៈកម្មការអន្តរក្រសួងនេះ មានលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលជាអ្នកដឹកនាំដោយផ្ទាល់ ហើយមានសមាសភាពមកពីគ្រប់ក្រសួងស្ថាប័ន។
ក្រៅពីការចាត់ចែងកម្លាំងត្រៀមបម្រុងក្នុងការឆ្លើយតបឱ្យមានប្រសិទ្ធភាពខ្ពស់ហើយនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីថែមទាំងបានត្រៀមចាត់ចែងនូវកញ្ចប់ថវិកា ក៏ដូចជារៀបចំត្រៀមបម្រុងសម្ភារ បរិក្ខា ម៉ាស់ និងសម្លាក់បំពាក់ការពារជំងឺសម្រាប់ក្រុមគ្រូពេទ្យយ៉ាងល្អិតល្អន់ថែមទៀតផង។ ក្រៅពីវិធានការចាំបាច់ទាំងនេះហើយនោះ នៅតាមបណ្តាញសង្គមមានដូចជា Telegram ឬ WhatsApp សម្តេចតេជោនាយករដ្ឋមន្ត្រី បានទម្លាក់បទបញ្ជា និងវិធានការជារឿយៗដល់មន្ត្រីប្រតិបត្តិការងារ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ការចម្លង និងការរីករាលដាលជំងឺ។
ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី បានតម្កល់តម្លៃជីវិតរបស់ប្រជាពលរដ្ឋជាចម្បង និងសំខាន់ជាងបញ្ហាដទៃទៀត ដូចនឹងពាក្យស្លោកដែលគេនិយាយថា «រក្សាព្រៃគង់ មិនបារម្ភរឿងខ្វះអុសដុត» នោះឡើយ។ ហេតុផលនេះនៅពេលជំងឺកូវីដ១៩ កើតមាននៅកម្ពុជាកាន់តែច្រើន សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏មិនអល់អែកនោះដែរ ក្នុងការបិទជើងយន្តហោះមកពីបណ្តាប្រទេសមួយចំនួនដែលរាតត្បាតដោយជំងឺកូវីដ១៩ខ្លាំងនៅតំបន់អឺរ៉ុប និងនៅអ៉ីរ៉ង់ជាដើម។ បន្ថែមពីលើនេះ សម្តេចក៏បានសម្រេចបិទព្រំដែនជាមួយប្រទេសជិតខាង បិទកន្លែងប្រមូលផ្តុំជាច្រើនទៀត ដូចជាសាលារៀន ក្លឹបកម្សាន្ត ខារ៉ាអូខេជាដើម។
មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅឆ្នាំនេះ ក៏មិនត្រូវបានអនុញ្ញាតឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋបានឈប់សម្រាកនោះដែរ។ ហើយក៏ប្រហែលថាជាលើកដំបូងផងដែរសម្រាប់កម្ពុជា ចាប់តាំងពីក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត (៧ មករា ១៩៧៩) ដែលរាជរដ្ឋាភិបាលបានសម្រេចបិទប្រជាពលរដ្ឋមិនឱ្យធ្វើដំណើរគោចរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ក្នុងកំលុងពេលបុណ្យចូលឆ្នាំកន្លងទៅនេះ ដើម្បីបង្ការការប្រមូលផ្តុំដែលជាភាពប្រឈមមួយក្នុងការចម្លង និងរីករាលដាលជំងឺ។
ការអប់រំផ្សព្វផ្សាយពីវិធានការទប់ស្កាត់ និងការពារជំងឺកូវីដ១៩ ត្រូវបានផលិតឡើង និងផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម ព្រមទាំងការចុះផ្សព្វផ្សាយដោយផ្ទាល់នៅតាមភូមិឋានរបស់ប្រជាពលរដ្ឋពីសំណាក់ក្រុមការងារថ្នាក់ជាតិ។
ក្នុងកំលុងពេលកម្ពុជាកើតមានជំងឺកូវីដ១៩ ពីខែមករា ដល់ខែមេសា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញមុខក្នុងសន្និសីទព័ត៌មានដ៏កម្រចំនួន៤លើក ដើម្បីផ្ញើសារទៅកាន់ប្រជាពលរដ្ឋពីវិធានការទាំងឡាយរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតដ៏កាចសាហាវនេះ។ តាមរយៈសន្និសីទព័ត៌មាននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដោយផ្ទាល់មាត់ទៅកាន់ប្រជាពលរដ្ឋឱ្យចូលរួមប្រយុទ្ធប្រឆាំងជំងឺ និងការពារខ្លួនកុំឱ្យឆ្លងជំងឺ។
សរុមរួមមកការគ្រប់គ្រង ចាត់ចែង និងដាក់ចេញនូវវិធានការដ៏ច្បាស់លាស់ និងម៉ត់ចត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការចូលរួមអនុវត្តន៍ប្រកបដោយការយកចិត្តទុកដាក់ពីមន្ត្រីគ្រប់ក្រសួងស្ថាប័ន ជាពិសេសមន្ត្រីក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យជាកងទ័ពអាវសទាំងអ្នកនៅជួរមុខ និងជួរក្រោយ ជាលទ្ធផលដ៏គាប់ប្រសើរសម្រាប់កម្ពុជាទប់ស្កាត់មិនឱ្យជំងឺកូវីដ១៩រីករាលដាលខ្លាំង។
លទ្ធផលដ៏គួរឱ្យរីករាយនេះ ក៏មិនអាចកាត់ផ្តាច់ផងដែរ ពីការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ពោលប្រជាពលរដ្ឋកម្ពុជា ប្រជាពលរដ្ឋល្អ បានគោរពតាមបទបញ្ជា និងការណែនាំទាំងឡាយរបស់រាជរដ្ឋាភិបាល និងមន្ត្រីជំនាញ ដោយអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវវិធានអនាម័យក្នុងការការពារជំងឺ។
បើទោះបីថាមកដល់ថ្ងៃទី១៦ ខែឧសភា មានរយៈពេល៣៣ថ្ងៃ ដែលកម្ពុជារកមិនឃើញមានអ្នកកើតជំងឺកូវីដ១៩ករណីថ្មី ហើយអ្នកជំងឺត្រូវបានព្យាបាលអស់យ៉ាងណាក្តី តែមន្ត្រីជំនាញក្រសួងសុខាភិបាល និងមន្ត្រីជំនាញរបស់អង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានព្រមានថា កម្ពុជាមិនទាន់ឆ្លងផុតពីដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩នោះឡើយ ហើយនៅតែប្រឈមចំពោះរលកនៃការរីករាលដាលនៃដំណាក់កាលទីពីរ។
ដើម្បីបន្តរក្សាស្ថានភាពដ៏ល្អប្រសើររបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលកម្ពុជាមិនទាន់ទម្លាក់ចោលនោះឡើយនូវវិធានការទាំងឡាយដែលបានដាក់ចេញ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋគ្រប់រូបក៏ត្រូវបន្តស្មារតីអនុវត្តន៍តាមវិធានទាំងឡាយដែលក្រសួងបានណែនាំ ដូចជាឧស្សាហ៍លាងសំអាតដៃជាមួយសាប៊ូ ជែល ឬអាល់កុលបាញ់សម្លាប់មេរោគ ពាក់ម៉ាស់ពេលទៅកាន់ទីប្រជុំជន ពេលក្អក ឬកណ្តាស់ត្រូវខ្ទប់មាត់ជាដើមនោះ។ ការពារខ្លួនយើង ការពារគ្រួសារ និងសហគមន៍យើងមិនឱ្យឆ្លងជំងឺកូវីដ១៩ គឺជាការចូលរួមចំណែកដ៏ធំជួយជាតិកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕