(កំពង់ឆ្នាំង)៖ លោក សាន់ យូ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចម្រុះរបស់ខេត្ត ប្រជុំផ្សព្វផ្សាយការអនុវត្តន៍ផែនការសុវត្តិភាពអាយុជីវិត ប្រជាពលរដ្ឋ ១៦គ្រួសារកំពុងរស់នៅ ក្នុងអគារទ្រុឌទ្រោម ១៣ល្វែង ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងទទួលបានជោគជ័យ ដោយប្រជាពលរដ្ឋព្រមចាកចេញពីអគារទ្រុឌទ្រោមនោះ និងរងចាំសាងសង់អគារថ្មី ក្នុងពេលឆាប់ៗនេះផងដែរ។
ការប្រជុំផ្សព្វផ្សាយនេះដែលបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ ដោយមានការយកចិត្តទុកដាក់គិតគូររបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងដែនដី និងលោកអភិបាលខេត្តកំពង់ឆ្នាំង អំពីសុវត្តិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ អាជ្ញាធរខេត្តបានដាក់ចេញនូវវិធានការរដ្ឋបាល និងផែនការសម្របសម្រួលឲ្យប្រជាពលរដ្ឋចាកចេញពីអគារទ្រុតទ្រោម ដោយរៀបចំ ផែនការរើរុះ និងផែនការអភិវឌ្ឍន៍សំណង់នេះឡើងវិញ ដើម្បីសុវត្តិភាពអាយុជីវិត និងទ្រព្យសម្បត្តិ បងប្អូនប្រជាពលរដ្ឋត្រូវតែពិចារណា និងចាកចេញពីអគារដែលមានអាយុកាល ៨៩ឆ្នាំមកហើយនេះ។
លោក លី សុភា ប្រធានមន្ទីរ រៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំងបានលើកឡើងថា តាមការចុះស្រាវជ្រាវរបស់ក្រុមការងារថ្នាក់ខេត្ត និងក្រុមការងារបច្ចេកទេសរបស់ក្រសួងដែនដីកន្លងមកបានបញ្ជាក់ថា អគារនៃសំណង់ផ្ទះទាំង១៣ល្វែងនេះ បានកសាងឡើងនៅក្នុងឆ្នាំ១៩៣១ ជំនាន់អាណានិគមនិយមបារាំងមកដល់ពេលនេះមានអាយុកាល៨៩ឆ្នាំហើយ ដែលគុណភាពសំណង់មានសរស ធ្នឹម ដែកត្រូវបានច្រេះរបេះចេញពីស៊ីម៉ង់តិ៍ និងបេតុង ពុកផុយអស់ទៅហើយ ដែលអាចនឹងរលំបាក់ស្រុតក្នុងពេលណាមួយជាមិនខាន ហេតុនេះហើយទើបអាជ្ញាធរខេត្ត និងក្រសួងដែនដី តម្រូវឲ្យបងប្អូនត្រូវតែចាកចេញជាបន្ទាន់ ជៀសវាងបង្កការគ្រោះថ្នាក់ជាយថាហេតុ។
លោក សាន់ យូ បានបញ្ជាក់ទៀតថា នៅក្នុងផែនការរបស់អាជ្ញាធរខេត្តគឺ ១៖ ជួយសម្របសម្រួលជាមួយក្រសួងវប្បធម៌ដែលបានចុះបញ្ជីអគារផ្ទះ១៣ល្វែងនេះ ដែលបានកំណត់ថា បើជួសជុលឬធ្វើថ្មីត្រូវតែរក្សារចនាបថដើម, ២៖ ជួយសម្របសម្រួលការគូរប្លង់សាងសង់ថ្មីដោយរក្សាឈ្មោះម្ចាស់អគារចាស់ទាំង១៦គ្រួសាររស់នៅលើអគារទាំង១៣ល្វែង ជាម្ចាស់កម្មសិទ្ធដដែល ដោយមិនគិតប្រាក់ឡើយ, ៣៖ ជួយសម្រួលរកក្រុមហ៊ុនមកចរចាជាមួយម្ចាស់អគារ ក្នុងការរុះរើវាយអគារចាស់ និងកសាងអគារសំណង់ថ្មីតាមការឯកភាពពីម្ចាស់អគារ គឺត្រូវជួលក្រុមហ៊ុនឲ្យធ្វើអគារថ្មីតែម្តង ឬចាំទិញអគារថ្មីពីក្រុមហ៊ុន ឬត្រូវទិញបង់រំលោះ។
ដោយឡែកចំពោះវិធានការរដ្ឋបាលវិញ បើម្ចាស់អគារមិនព្រមចាកចេញ គឺ១៖ កម្លាំងសមត្ថកិច្ចចម្រុះត្រូវចុះកត់ត្រាទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋម្ចាស់អគារទាំង១៣ល្វែង, ២៖ ត្រូវហ៊ុមព័ទ្ធអគារ ផ្តាច់ទឹកផ្តាច់ភ្លើងដើម្បីទប់ស្កាត់ការបាក់ស្រុតអគារជាយថាហេតុ, ៣៖ សមត្ថកិច្ចចម្រុះគ្រប់ស្ថាបន័ពាក់ព័ន្ធនឹងចុះធ្វើការងារជាក់ស្តែង គឺដឹកជញ្ជូនទ្រព្យសម្បត្តិម្ចាស់អគារទៅទុកនៅក្នុងទីតាំងបណ្តោះអាសន្នណាមួយ ឬក៏ទីតាំងសម្រាប់ស្នាក់នៅបណ្តោះអាសន្នរបស់បងប្អូនដែលមានស្រាប់ ចំពោះផែនការខាងលើនេះ អាជ្ញាធរខេត្តនិងក្រុមការងារចម្រុះនិងត្រូវអនុវត្តន៍ឲ្យបានរួចរាល់ នៅក្នុងខែមិថុនាខាងមុខនេះ។
សូមបញ្ជាក់ផងដែរថា នៅក្នុងកិច្ចពិភាក្សានការប្រជុំនេះដែរ ប្រជាពលរដ្ឋចំនួន១៤គ្រួសារ ក្នុងចំណោម១៦ គ្រួសារដែលបានមកចូលរួមប្រជុំ និងបានឯកភាពជាមួយផែនការរបស់ក្រុមការងារចម្រុះ គឺព្រមចាកចេញពីអគារទ្រុឌទ្រោម ដោយស្នើសុំជួបចរចាគ្នាជាមួយក្រុមហ៊ុនរុះរើ និងក្រុមហ៊ុនសាងសង់អគារថ្មីក្នុងពេលឆាប់ៗនេះ ដែលមានលោក សាន់ យូ ប្រធានក្រុមការងារចម្រុះខេត្តជាអ្នកសម្របសម្រួលផងដែរ៕