(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ បានផ្ញើសារអបអរសាទរអ្នកជំងឺកូវីដ១៩ ចុងក្រោយ និងអ្នកកើតជំងឺទាំង១២២នាក់ នៅក្នុងប្រទេសកម្ពុជា ដែលទទួលបានការព្យាបាលជាសះស្បើយ ខណៈកម្ពុជាមិនមានអ្នកឆ្លងជំងឺនេះថ្មីបន្ថែមទៀតនោះទេ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន នៅតែបន្ដអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដប្រុងប្រយ័ត្នខ្ពស់ មានអនាម័យជាប់ជាប្រចាំ គឺត្រូវពាក់ម៉ាស លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជេលសម្លាប់មេរោគឆ្លងផ្សេងៗ ហើយត្រូវរក្សាគម្លាតសុវត្ថិភាព ព្រោះក្រែងជំងឺនេះផ្ទុះឡើងជាថ្មី ខណៈពិភពលោកមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបង្ហោះនៅលើ Facebook៖

«សុខសប្បាយជាទេបងប្អូនជនរួមជាតិ? សូមអបអរសាទរក្មួយស្រីដែលជាអ្នកជំងឺកូវីដ-១៩ចុងក្រោយ ដែលបានព្យាបាលជាសះស្បើយនៅថ្ងៃទី១៦ ឧសភានេះ ដែលសរុបទាំងអស់មានចំនួន១២២នាក់។ នៅពេលនេះប្រទេសយើង ក៏មិនមានអ្នកឆ្លងជម្ងឺកូវីដ-១៩ថ្មីថែមទៀតដែរ។

ពិតមែនតែយើងពុំមានករណីថ្មីក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ មានអនាម័យជាប់ជាប្រចាំ គឺត្រូវពាក់ម៉ាស ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជេលសម្លាប់មេរោគឆ្លងផ្សេងៗ ហើយបន្តរក្សាគម្លាតឆ្ងាយពីគ្នា និងកុំចេញក្រៅផ្ទះបើគ្មានការចាំបាច់អ្វីទេនោះ។

នៅពេលនេះ ប្រទេសជិតខាងយើង និងពិភពលោកទាំងមូលក៏កំពុងបន្តរាតត្បាតដោយជំងឺកូវីដ-១៩ ដែលជាក្តីបារម្ភដ៏ធំបំផុត ហើយមកទល់ពេលនេះ ក៏មិនទាន់មានថ្នាំព្យាបាលជំងឺកូវីដ១៩ នៅឡើយដែរ។ សូមអរគុណដែលបងប្អូនជនរួមជាតិ ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទាំងអស់គ្នា»