(ក្រចេះ)៖ លោក ធឹង រិទ្ធី ស្មៀនសង្កាត់អូរឬស្សី ក្រុង-ខេត្តក្រចេះ បានបដិសេធការចោទថា លោកថ្លើមធំហ៊ានយកគ្រឿងចក្រទៅឈូសឆាយលើដីមានទំនាស់មួយកន្លែង ស្ថិតនៅភូមិកាប៉ួ សង្កាត់អូរឫស្សី ក្រុងក្រចេះ។
លោក ធឹង រិទ្ធី បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះថា លោកក្រៅពីស្មៀនសង្កាត់ លោកមានមុខរបរចាក់លូលក់ និងស៊ីឈ្នួលដាក់លូ ហើយ កាលពីថ្ងៃទី១១ ខែឧសភា លោកបានទៅស៊ីឈ្នួលកាយដី ដាក់លូលើដីលោក ឡូយ សុផាត អតីតអភិបាលខេត្តក្រចេះ ហើយដីលោក ឡូយ សុផាត មានលិខិតលក់ទិញត្រឹមត្រូវ ហើយគាត់បានជួលឲ្យគេអាស្រ័យផល ១៦ឆ្នាំមកហើយ (ធ្វើស្រែ)។
លោកបន្តទៀតថា លោកបានទៅកាយដីនោះបានមួយព្រឹក មិនទាន់បានដាក់លូផង ស្រាប់តែមានសារព័ត៌មានមួយចំនួន បានចុះផ្សាយលោកថា ថ្លើមធំត្រឹមស្មៀនសង្កាត់សោះ ហ៊ាន លួចយកគ្រឿងចក្រ ទៅកាយលើដីមានទំនាស់ដោះស្រាយមិនទាន់ចប់។
លោកបញ្ជាក់ទៀតថា «ដីនោះមិនមែនដីរបស់លោកទេ លោកគ្រាន់ស៊ីឈ្នួលតែប៉ុណ្ណោះ ហើយការចុះផ្សាយពីលោក ក៏មិនបានសួរនាំលោកផងដែរ៕