(ពោធិ៍សាត់)៖ ជនសង្ស័យ ២នាក់ប្តីប្រពន្ធ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួន ក្រោយពេលពួកគេធ្វើសកម្មភាព លួចកាច់កម៉ូតូ របស់ប្រជាពលរដ្ឋ ពេលជិះទៅចូលរួមក្នុង អាពាហ៍ពិពាហ៍សាច់ញាតិ។ ក្រោយពេលឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ពួកគេពិតជាបានប្រព្រឹត្ត ដូចជនរងគ្រោះបានប្តឹងសមត្ថកិច្ចពិតប្រាកដមែន។

ករណីឃាត់ខ្លួននេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ខណៈដែលពួកគេ បាននាំគ្នាជិះម៉ូតូខាងលើមកបុណ្យបងប្អូន នៅចំណុចភូមិព្រៃស្រគុំ ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ ហួរ សុខវី ភេទស្រី អាយុ៤១ឆ្នាំ (ជាប្រពន្ធ) និងឈ្មោះ វី អៀង ភេទប្រុស អា យុ៥៦ឆ្នាំ (ជាប្តី) ពួកគេបច្ចុប្បន្នរស់នៅភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១៥៖០០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ មានករណីបាត់ម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ស៊េរី ២០១៤ ពាក់ស្លាកលេខ 1D-9985 ជាកម្មសិទ្ធិរបស់ឈ្មោះ ណុប សុខន ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិព្រៃស្រគុំ ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ខណៈពេលដែលជិះទៅចូលរួមក្នុងកម្មពិធីអាពាពិពាហ៍បងប្អូននសាច់ញ្ញាតិ នៅភូមិបឹងចក ឃុំស្យា ស្រុកកណ្តៀង។

ក្រោយមកជនរងគ្រោះជាម្ចាស់ម៉ូតូ បានដាក់ពាក្យបណ្តឹង និងរាយការណ៍ជូនសមត្ថកិច្ច និងឈានដល់ការស៊ើបអង្កេត ឃាត់ខ្លួនបានមុខសញ្ញា (ពីរនាក់ត្រូវជាប្តីប្រពន្ធ) នៅវេលាម៉ោង និងទីតាំងកើតហេតុខាងលើ។

ក្រោយឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យ និងឆែកឆេរ នៅក្រោមពូកម៉ូតូ ដោយរកឃើញមានសោរម៉ូតូ ចំនួន០៧ និងទុលេវីស្ស ចំនួន០២ដើម រួចក៏ចាត់បញ្ជូនជនសង្ស័យ (ពីរនាក់ត្រូវជាប្តីប្រពន្ធ) មកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តៀង ដើម្បីធ្វើការសាកសួរ និងបំពេញបែបបទ ចាត់ការតាមនីតិវិធី៕