(ភ្នំពេញ)៖ គិតថ្ងៃត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ កម្ពុជាបានព្យាបាលអ្នកជំងឺកូវីដឱ្យជាសះស្បើយអស់ទាំង ១២២ នាក់ហើយ ប៉ុន្តែមិនមែនមានន័យថាកម្ពុជារួចផុតទុក្ខភ័យពីការឆ្លងជំងឺនេះនោះឡើយ ពោលស្ថានភាពប្រទេសនៅតែស្ថិតក្នុងភាពផុយស្រួយ និងអាចមានរលកទី២នៃការឆ្លងជំងឺកូវីដ ប្រសិនបើប្រជាពលរដ្ឋគ្រប់គ្នាបន្ធូរដៃក្នុងការអនុវត្តវិធានអនាម័យប្រកបដោយការប្រុងប្រយ័ត្នខ្ពស់។

នេះគឺជាការផ្សព្វផ្សាយរបស់លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ក្នុងពេលលោកដឹកនាំមន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខកុមារកំព្រានៅអង្គការបេសកកម្មសុខុមាលភាពសង្គមកម្ពុជា (ប.ស.ក) ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ១០ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០។

ថ្លែងក្នុងពិធីនេះ លោក គុណ ញឹម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព ដោយបានទប់ស្កាត់ការឆ្លងរាតត្បាតក្នុងសហគមន៍ និងបានព្យាបាលអ្នកជំងឺទាំង ១២២ នាក់ ឱ្យជាសះស្បើយទាំងស្រុង និងពុំមានតួលេខអ្នកឆ្លងថ្មីក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។

ប៉ុន្តែស្ថានការណ៍នៃការរីករាលដាលជំងឺនេះស្ថិតក្នុងភាពផុយស្រួយនៅឡើយទេ ដែលទាមទារឱ្យពលរដ្ឋគ្រប់រូប រួមទាំងកុមារកំព្រា និងបុគ្គលិកទាំងអស់ក្នុងអង្គការ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការអនាម័យផ្ទាល់ខ្លួននានា ដែលបានណែនាំដោយក្រសួងសុខាភិបាល។

នាឱកាសនោះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាក៏នាំមកជូនអង្គការបេសកកម្មសុខុមាលភាពសង្គមកម្ពុជា (ប.ស.ក) ផងដែរ សម្រាប់ចែកជូនដល់កុមារចំនួន ៥៨ រូប នាយកគ្រប់គ្រង និងបុគ្គលិកបម្រើការក្នុងអង្គការចំនួន ១៣ រូប ជាគ្រឿងឧបភោគបរិភោគ និងសម្ភារសម្អាត និងថែរក្សាអនាម័យ រួមមាន៖ អង្ករ ១០ បាវ មី ២ កេសធំ ត្រីខ ១ កេសធំ ទឹកស៊ីអ៉ីវ ៥ យួរ ទឹកត្រី ៥ យួរ ប្រេងឆា ៥ លីត្រ ស្ករស ២ បាវ (៥០ គីឡូក្រាម) ភេសជ្ជៈ ១០ កេស សាប៊ូម្សៅ ២ កេស សាប៊ូដុំលាងដៃ ១ កេស សាប៊ូម្សៅ ៣ កញ្ចប់ ទឹកបរិសុទ្ធ ២០ កេស ភេសជ្ជៈ ១០ កេស ទឹកដោះស្រស់ ៤ កេស ទឹកដោះគោខាប់ ១ កេស ប្រេងខ្យល់ និងប្រេងកូឡា ១ កេស ក្រមា ៧០ អាល់កុល ១ កាន (ស្មើនឹង ៣០ លីត្រ) ម៉ាស់ ៥០០ បន្ទះ ប្រដាប់វាស់សីតុណ្ហភាព ១ គ្រឿង ព្រមទាំងថវិកាមួយចំនួនផងដែរ

លោក គុណ ញឹម បានបន្តថា ការឧបត្ថម្ភថ្ងៃនេះជាផ្នែកមួយនៃការចូលរួមទ្រទ្រង់ដល់កិច្ចដំណើរការ ក៏ដូចជាការចូលរួមលើកទឹកចិត្តដល់បុគ្គលិកស្ម័គ្រចិត្ត និងកុមារកំព្រាដែលកំពុងបំពេញភារកិច្ច និងស្នាក់នៅអង្គការបេសកកម្មសុខុមាលភាពសង្គមកម្ពុជា (ប.ស.ក) ដោយអាចដោះស្រាយការខ្វះខាត និងតម្រូវការជាមូលដ្ឋានផ្សេងៗរបស់ ប.ស.ក បានមួយគ្រា ជាពិសេសក្នុងគ្រាដ៏លំបាកនៃការរាតត្បាតជំងឺកូវីដ ១៩ ដែលបាននិងកំពុងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជា និងពិភពលោកទាំងមូល៕