(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានសម្រេចផ្អាកធ្វើជាបណ្ដោះអាសន្ន ការចេញផ្សាយសេចក្ដីជូនព័ត៌មានប្រចាំថ្ងៃ និងការធ្វើសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ចាប់ពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០នេះតទៅ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា «ក្រសួងសូមជម្រាបជូន សាធារណជនទាំងអស់ ឲ្យបានជ្រាបថា ការចេញផ្សាយសេចក្ដីជូនព័ត៌មានប្រចាំថ្ងៃ និងការធ្វើសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ត្រូវបានផ្អាកធ្វើជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃអាទិត្យទី១៧ ខែឧសភា ឆ្នាំ២០២០នេះតទៅ»។
ក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា នៅពេលខាងមុខនេះ ប្រសិនបើមានរកឃើញ ករណីវិជ្ជមានកូវីដ-១៩ថ្មី ឬការវិវត្តន៍ថ្មី ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ក្រសួងនឹងជម្រាបជូនដំណឹង ជូនសាធារណជនទាំងអស់ ឲ្យបានជ្រាបជាមិនខានឡើយ។
ក្រសួងសុខាភិបាល សូមបញ្ជាក់ជូនថា ការផ្អាកជូនព័ត៌មាន និងការផ្អាកធ្វើសន្និសីទសារព័ត៌មាននេះ មិនមែនជាការបង្ហាញពីការចម្លងវីរុសកូវីដ-១៩ នៅកម្ពុជា ត្រូវបានបញ្ចប់ជាស្ថាពរនោះឡើយ។
ក្រសួងបន្តថា ថ្វីត្បិតតែករណីជំងឺកូវីដ-១៩ ទី១២២ បានព្យាបាលជាសះស្បើយ និងមិនមានការរកឃើញករណី វិជ្ជមានវីរុសកូវីដ-១៩ថ្មី ក៏ពិតមែន តែហានិភ័យនៃការចម្លង វីរុសកូវីដ-១៩នេះ នៅតែមានចំពោះមុខយើងទាំងអស់គ្នានៅឡើយទេ ល្គិកណាសាកលលោក និងប្រទេសជិតខាងក្នុងតំបន់ នៅតែមានកំណើន នៃករណីឆ្លងថ្មី ប្រទេសកម្ពុជា នៅតែប្រឈមទៅនឹងហានិភ័យ នៃការចម្លងជំងឺកូវីដ-១៩។ ដូច្នេះហើយ បុគ្គលគ្រប់រូបត្រូវតែបន្ត ការប្រុងប្រយ័ត្ន និងតាមដានសុខភាពផ្ទាល់ខ្លួនជាចាំបាច់ ជាពិសេសបងប្អូនដែលចល័ត ឬធ្វើបម្លាស់ ទីនៅតាម ច្រកចេញ-ចូលអន្តរជាតិ និងច្រករបៀង ឬតាមព្រំដែននានា ដែលត្រូវតែអនុវត្តន៍ប្រកាន់ខ្ជាប់នូវវិធានការការពារចាំបាច់ ដើម្បីសុខភាពផ្ទាល់ខ្លួន មិនមាន វីរុសកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗទៀត។
សូមជម្រាបថា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសថា អ្នកជំងឺកូវីដ១៩ម្នាក់ ចុងក្រោយគេ ពោលគឺអ្នកជំងឺ ទី១២២ បានជាសះស្បើយ ដែលបានធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសគ្មានអ្នកជំងឺកូវីដ១៩ (ជាសះស្បើយ១០០ភាគរយ)។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ទី១២២ ដែលជាសះស្បើយ ជាស្រ្តីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ រស់នៅភូមិប៉ាលេឡៃ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រសួងបានបញ្ជាក់ថា នៅពេលនេះកម្ពុជា មិនមានអ្នកជំងឺកូវីដ១៩ព្យាបាលទៀតឡើយ នៅទូទាំងប្រទេស៕