(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសហការី បានដាក់សំណើសុំកិច្ចសហការពីទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត។

យោងតាមការផ្សព្វផ្សាយរបស់ក្រសួងយុត្តិធម៌ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន ឲ្យដឹងថា សំណើនេះបានធ្វើឡើងក្នុងឱកាសដែល លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមទាំងសហការី បានចូលជួបពិភាក្សាការងារជាមួយ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅរសៀលថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២ នៅទីស្តីការអង្គភាពប្រឆាំងអំពើពុករលួយ។

ក្រសួងយុត្តិធម៌ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឯកឧត្តម កើត រិទ្ធ រួមទាំងសហការី បានចូលជួបពិភាក្សាការងារជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង អំពីយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត ដែលនឹងប្រកាសដំណើរការនៅដើមសប្តាហ៍ក្រោយនេះ និងស្នើសុំកិច្ចសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងដំណើរការនៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត»

សូមបញ្ជាក់ថា លោក កើត រិទ្ធ នឹងប្រកាសបើកយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត នៅវេលាម៉ោង ៨៖៣០ព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ខាងមុខនេះ នាទីស្តីការក្រសួងយុត្តិធម៌។ ក្រោយពិធីប្រកាសបើកយុទ្ធនាការនេះ លោកនឹងធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញអំពីគោលបំណង និងវិធានការមួយចំនួននៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ បានសម្រេចបង្កើតគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រា ការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ដែលមានភារកិច្ច រួមមាន៖

១៖ ដឹកនាំ និងសម្របសម្រួលការងាររួមលើការអនុវត្ត យុទ្ធនាការ ដោះស្រាយបញ្ហាកកស្ទះ សំណុំរឿងនៅតាមសាលាដំបូង និងអយ្យការ អមសាលាដំបូងរាជធានីខេត្ត
២៖ ដាក់ចេញនូវគោលការណ៍ណែនាំ វិធាននានា និងផែនការសកម្មភាព ចាំបាច់ដើម្បីអនុវត្តយុទ្ធនាការ ឲ្យមានប្រសិទ្ធភាព សំដៅរួមចំណែកលើកម្ពស់សមត្ថភាព ស្ថាប័នក្នុងការបម្រើសេវាយុត្តិធម៌ឲ្យបានល្អប្រសើរ ក៏ដូចជារួមចំណែកកាត់បន្ថយភាពចង្អៀតណែននៅពន្ធនាគារ
៣៖ ដាក់ចេញនូវដំណោះស្រាយបញ្ហាប្រឈមនានាដែលកើតចេញពីការអនុវត្តយុទ្ធនាការ
៤៖ តាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធនាការ៕