(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលម៉ាសមុខ១០,០០០បន្ទះ ជែលលាងដៃ១,០០០ដប និងទឹកអាល់កុលលាងដៃ១៨០លីត្រ ពីណាហ្គាវើលដ៍ បេះដូងសប្បុរស ដែលជាផ្នែកទំនួលខុសត្រូវការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍។

ឧត្តមសេនីយ៍ទោ ជា សណ្តាប់ តំណាងលោកឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ បានទទួលសម្ភារការពារទាំងនេះ ។

នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានឲ្យដឹងថា «ក្នុងនាមជាក្រុមហ៊ុន ដែលមានទំនួលខុសត្រូវមួយ ណាហ្គាវើលដ៍បានចូលរួមឧបត្ថម្ភ សម្ភារការពារទាំងនេះ ដល់នគរបាលជាតិ»

លោកបន្ដថា សម្ភារទាំងនេះ នឹងត្រូវប្រើប្រាស់ដោយមន្ត្រីរបស់ពួកគេ និងសហគមន៍ដែលមានតម្រូវការជាចាំបាច់បំផុត។ យើងត្រូវធ្វើការជាមួយគ្នា និងធានាថា ប្រជាពលរដ្ឋគ្រប់រូប ទទួលបានការការពារ ហើយយើងអាចបង្កើតឲ្យមានការផ្លាស់ប្តូរមួយ ពោលគឺរក្សាសហគមន៍របស់យើងឲ្យមានសុវត្ថិភាព។

ឧត្តមសេនីយ៍ទោ ជា សណ្តាប់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសរបស់ក្រុមហ៊ុនណាហ្គាវើលដ៍។ លោកថា ជំងឺនេះ បានប៉ះពាល់ដល់គ្រប់វិស័យ នៅក្នុងសង្គម ហើយយើងស្វាគមន៍ការឧបត្ថម្ភទាំងអស់ ពីវិស័យឯកជន ដើម្បីការពារសហគមន៍ ដែលយើងបម្រើ និងការពារ។

ក្នុងពិធីប្រគល់ នាពេលថ្មីៗនេះ លោក Pern Chen ក៏បានចែករំលែកព្រឹត្តិបត្រព័ត៌មាន ការងារសង្គមប្រចាំត្រីមាស ដែលបង្ហាញអំពីសកម្មភាពសង្គមថ្មីៗ និងសកម្មភាព ក្នុងកំឡុងពេលជំងឺរាតត្បាតនេះ ដល់លោកឧត្តមសេនីយ៍ទោ និងក្រុមការងារផងដែរ៕