(ភ្នំពេញ)៖ ស្រ្តីម្នាក់ឈ្មោះ លាន វ៉ារី ដែលពាក់ព័ន្ធអំពើរឆបោក និងចេញសែកគ្មានសាច់ប្រាក់ជាង ៦ម៉ឺនដុល្លារ ត្រូវបានកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីម៉ោង១២ថ្ងៃត្រង់ទី១៦ ខែឧសភា ឆ្នាំ២០២០ នៅក្នុងបុរីពិភពថ្មីចំការដូង២ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
ការឃាត់ខ្លួនស្ត្រីសង្ស័យរូបនេះ ធ្វើឡើងតាមដីការបញ្ជារបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អ៊ុច រចនា។ សមត្ថកិច្ចអាវុធហត្ថ បាននិងកំពុងកសាងសំណុំរឿង និងត្រៀមបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់។
មន្រ្តីអាវុធហត្ថបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ជនសង្ស័យ លាន វ៉ារី រស់នៅបច្ចុប្បន្នផ្ទះលេខ៦៣ ផ្លូវលេខ២៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ស្រ្តីរូបនេះ ត្រូវបានជនរងគ្រោះតាមរយៈមេធាវីរបស់ខ្លួនប្តឹងចោទពីបទ «ឆបោក និងចេញមូលប្បទានបត្រគ្នានសាច់ប្រាក់នូវចំនួនទឹកប្រាក់ជាង ៦ម៉ឺនដុល្លារ»។
បើតាមសមត្ថកិច្ចរាជអាវុធហត្ថ ក្រោយសំណុំរឿងកសាងរួចរាល់ហើយ កម្លាំងអាវុធហត្ថនឹងបញ្ជូនស្ត្រីជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការ បើកការស៊ើបសួរ និងចោទប្រកាន់តាមផ្លូវច្បាប់៕