(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានលើកឡើងថា ទោះបីពេលនេះ អ្នកជំងឺ COVID-19 បានជាសះស្បើយអស់ហើយក៏ដោយ តែសូមបងប្អូន ប្រជាពលរដ្ឋ កុំមានការធ្វេសប្រហែសនឹងជំងឺ COVID-19 ហើយចូលស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល ដោយយកចិត្តទុកដាក់ថែរក្សាសុខភាព កុំមាន ការធ្វេសប្រហែសឲ្យសោះ បើទោះបីជាមួយរយៈចុងក្រោយនេះ ក្រសួងរកមិនឃើញករណីអ្នកឆ្លងថ្មីក៏ដោយ ត្រូវបន្តស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការបង្កា និងទប់ស្កាត់ការរីករាលដាលជាសកល នៃវីរុសប្រភេទថ្មី COVID-19។
លោក ថេង សុថុល បានលើកឡើងបែបនេះ ក្នុងពេលអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាល ផ្សព្វផ្សាយបិទខិតបណ្ណពីការបង្ការជំងឺ Covid-19 ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ដែលរស់នៅតាមបណ្តោយប្រឡាយលូបឹងត្របែក ស្ថិតក្នុងភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ។
លោក ថេង សុថុល ក៏បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវតែបន្តយកចិត្តទុកដាក់ ថែរក្សាសុខភាព កុំមើលស្រាលចំពោះស្ថានភាព នៃជំងឺឆ្លងជាដាច់ខាត បើទោះបីជា រយៈកាលចុងក្រោយនេះ ក្រសួងសុខាភិបាល មិនមានរកឃើញអ្នកជំងឺឆ្លងថ្មីក៏ដោយ ហើយត្រូវស្តាប់ការចាក់ផ្សព្វផ្សាយតាម មេក្រូ នៅក្នុងភូមិសង្កាត់នាសព្វថ្ងៃនេះ ត្រូវថែរក្សាអនាម័យ និងបរិស្ថានកន្លែងស្នាក់នៅ ត្រូវប្រកាន់ភ្ជាប់ការរស់នៅស្អាត ហូបស្អាត ជាពិសេសអនាម័យចំពោះកុមារតូចៗផងដែរ។
លោកអភិបាលខណ្ឌចំការមន បានបន្ថែមទៀតថា ដើម្បីចូលរួមបង្ការ ទប់ស្កាត់នូវវីរុស COVID-19 នេះ សូមឲ្យប្រជាពលរដ្ឋជឿជាក់ ដោយទុកចិត្តមកលើ ការដឹកនាំ និងធ្វើទៅតាមការណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន និងសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ពីវិធានការក្នុងការការពារនៃការឆ្លងមេរោគ COVID-19 នេះ។
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសថា អ្នកជំងឺ COVID-19 ម្នាក់ចុងក្រោយគេ ពោលគឺអ្នកជំងឺទី១២២ បានជាសះស្បើយ ដែលធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសគ្មានអ្នកជំងឺកូវីដ១៩ ទៀតទេ។
ក្នុងឱកាសចុះសំណេះសំណាល អភិបាលខណ្ឌចំការមន លោក ថេង សុថុល ក៏បាននាំយកអំណោយបន្តិចបន្តួចសំរាប់ ជូនប្រជាពលរដ្ឋប្រមាណ៦០គ្រួសារ ដែលក្នុងមួយគ្រួសារ ទទួលបានអង្ករ ស្ករស ទឹកត្រី អំបិល ទឹកត្រី សាប៊ូ ម៉ាស ផងដែរ៕