(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ក្នុងឱកាសអបអរសាទរ ទិវាខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃបដិសន្ធិកងកម្លាំងនគរបាលជាតិ បានក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវត្រួតពិនិត្យកែលម្អ និងអប់រំសីលធម៌ វិន័យ អាកប្បកិរិយា និងមនសិការវិជ្ជាជីវៈរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជា។

ក្នុងសារលិខិតអបអរសាទរផ្ញើជូនកងកម្លាំងនគរបាលជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានលើកទឹកចិត្ត និងសំណូមពរកងកម្លាំងនគរបាលជាតិគ្រប់ផែនជំនាញ គ្រប់ថ្នាក់នៅទូទាំងប្រទេស បន្ដនូវវីរភាពអង់អាចក្លាហាន លើកកម្ពស់ស្មារតីស្នេហាជាតិ។

នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ទៀតថា នគរបាលជាតិទាំងអស់ត្រូវបន្ដរួមគ្នារក្សាឲ្យបាននូវសន្ដិភាព ការពារឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងប្ដេជ្ញាមិនឲ្យមានរចនាសម្ព័ន្ធ និងសកម្មភាពបដិវត្តន៍ពណ៌ កើតមានសារជាថ្មីលើកទឹកចិត្តកម្ពុជាជាដាច់ខាត។

អគ្គស្នងការនគរបាលជាតិរូបនេះ ក៏បានណែនាំឲ្យនគរបាលទាំងអស់ បន្ដស្មារតីប្រុងប្រយ័ត្ន អប់រំក្រុមគ្រួសារ ញាតិសន្ដានឲ្យអនុវត្តបានខ្ជាប់ខ្ជួន តាមវិធានរក្សាអនាម័យ បង្ការ ទប់ស្កាត់ និងប្រឆាំងជំងឺឆ្លង COVID-19 តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងលើកកម្ពស់ស្មារតីសហការ សម្របសម្រួល គាំទ្រដល់សកម្មភាពរបស់គណៈកម្មការជាតិប្រយុទ្ធប្រឆាំង COVID-19 គ្រប់លំដាប់ថ្នាក់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង COVID-19 ការពារសុខមាលភាពខ្លួនយើង ក្រុមគ្រួសារ និងប្រជាពលរដ្ឋរបស់យើងទាំងមូល៕