(សៀមរាប)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយក្រុងសៀមរាប ខេត្តសៀមរាប បានអំពាវនាវដល់សមាជិក សមាជិការបក្ស និងប្រជាពលរដ្ឋទាំងអស់ នីក្នុងក្រុង-ខេត្តសៀមរាប ឱ្យបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងឺឆ្លងដ៏កាចសាហាវវីរុស កូវីដ១៩ នេះកុំបីធ្វេសប្រហែស ក្នុង១វិនាទីណាឡើយ។

ការអំពាវនាវបែបនេះរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងត្រីមាសទី១ និងដាក់ទិសដៅបន្តត្រីមាសទី២ ឆ្នាំ២០២០ របស់ក្រុមការងារថ្នាក់កណ្ដាល ចុះជួយក្រុងសៀមរាប ខេត្តសៀមរាប។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់ជូនថា វិធានការការពារ និងទប់ស្កាត់ជំងឺកូវីដ១៩នេះ មិនមែនធ្វើតែត្រឹម ក្នុងរយៈពេលនេះទេ គឺត្រូវអនុវត្តឱ្យបានជាប្រចាំ និងជារៀងរហូតទៅ បើទោះណា នៅប្រទេសកម្ពុជាយើង ពុំមានការកើនឡើងនៃការរីករាលដាលជំងឺឆ្លងកូវីដ១៩នេះ ដូចបណ្ដាប្រទេសនៅក្នុងសហគមន៍អាស៊ាន និងនៅក្នុងពិភពលោកក៏ដោយ ក៏យើងនៅតែប្រើវិធានការថែរក្សាសុខភាពនេះ ឱ្យបានជាប់ជាប្រចាំ នឹងរហូតទៅ ព្រោះជំងឺនេះយើងមិនអាចសន្និដ្ឋានបាន ដោយមាត់និយាយតគ្នា នឹងភ្នែកទទេបានទេ ហើយជំងឺនេះ ក៏មិនទាន់មានថ្នាំព្យាបាល និងវាក់សាំងការពារនៅឡើយ។ និងម្យ៉ាងទៀត វិធានការការពារនេះ វាមិនគ្រាន់តែការពារសម្រាប់ជំងឺឆ្លងវីរុសកូវីដ១៩ ប៉ុណ្ណោះទេ តែវាក៏អាចការពាររាងកាយយើងគ្រប់គ្នា ពីជំងឺដង្កាត់ផ្សេងៗ បានយ៉ាងមានប្រសិទ្ធភាពផងដែរ។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់ជូនដល់សមាជិក សមាជិកាបក្ស និងប្រជាពលរដ្ឋ ក្នុងក្រុងសៀមរាប យ៉ាងច្បាស់ថា សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទាំងអស់ក្នុងក្រុងសៀមរាប សូមជឿលើការដឹកនាំប្រទេស របស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយសូមកុំជឿលើ ការឃោសនា បោកប្រាស់ណាមួយ ដែលនាំឱ្យប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្តរាយ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឱ្យសម្តេចប្រធាន សម្តេចអនុប្រធាន និងសម្តេចប្រធានកិត្តិយសគណៈបក្សប្រជាជនកម្ពុជា ជាពិសេសសម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងារថ្នាក់កណ្ដាល របស់គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តសៀមរាប បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលទាំងឡាយដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់គណៈបក្សប្រជាជនកម្ពុជា និងការខិតខំរបស់សមាជិក សមាជិកាបក្សទាំងអស់ដែលក្នុងរយៈពេលពេញ ១ត្រីមាសកន្លងមកនេះ បានខិតខំយកអស់ពីកម្លាំងកាយចិត្ត ក្នុងការកសាងសមិទ្ធផលជាច្រើន សំរាប់បម្រើឱ្យសង្គមជាតិ ពិសេសបានយកចិត្តទុកដាក់ ពង្រឹងប្រៀបការពារជាតិ ការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងការចូលរួមផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ ឱ្យយល់ដឹងអំពីវិធានការ ការពារ និងទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវ វីរុសកូវីដ១៩ ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អ ចាប់តាំងពីខេត្តរបស់យើងមានអ្នកឆ្លងវីរុសកូវីដ១៩ ពីមានចំនួនច្រើនរហូតទទួលបានការព្យាបាល បានជាសះស្បើយ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានក្រើនរំលឹកដល់ប្រធាន អនុប្រធាន និងសមាជិក ក្រុមការងារថ្នាក់កណ្ដាលចុះជួយសង្កាត់ទាំង១២ របស់ក្រុងសៀមរាប និងសមាជិកក្រុមការងារចាស់ ដែលមានស្រាប់ទាំងអស់ ឱ្យបន្តចុះជួយផ្សព្វផ្សាយអប់រំ អំពីវិធានការនានា តាមការណែនាំ របស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដល់សមាជិកសមាជិការ និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួនបន្តទៀត ពិសេសត្រូវពង្រឹងសុវត្ថិភាព ក្នុងមូលដ្ឋានភូមិ-ឃុំ មានសុវត្ថិភាព ដោយបំបាត់ឱ្យអស់ក្រុមបងតូចបងធំ ការជួញដូរគ្រឿងញៀន បទល្មើសព្រៃឈើ ចោរលួចចោប្លន់ និងភាពអណាធិបតេយ្យនានា ដែលកើតមានឡើងក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ ព្រមទាំងបន្តអប់រំឱ្យប្រជាពលរដ្ឋ យល់ដឹង និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដោយចាប់ផ្ដើមពីសមាជិកសមាជិកាបក្សយើងម្នាក់ៗឡើងទៅ ដើម្បីជាគំរូល្អដល់ប្រជាពលរដ្ឋទូទៅ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានក្រើនរំឮកដល់មន្ត្រី ត្រូវប្រព្រឹត្តិតែអំពើល្អ សុច្ចរិត ចេះជួយគ្នាក្នុងគ្រាលំបាក ត្រូវមានចិត្តស្មោះត្រង់ចំពោះបក្ស ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន ហើយត្រូវចេះជួយប្រជាជន ដោះស្រាយរាល់ទុក្ខលំបាកជូនប្រជាជន គ្រប់កាលៈទេសៈ ដែលប្រទេសជាតិ និងពិភពលោកទាំងមូលកំពុងទទួលរងនូវផលប៉ះពាល់ អំពីការរីករាលដាលនៃជំងឺឆ្លងដ៏កាចសាហាវ វីរុសកូវីដ ១៩ នាពេលបច្ចុប្បន្ន និងទៅអនាគត៕