(ភ្នំពេញ)៖ គម្រោងកម្មវីធី និងការគាំទ្រការអភិវឌ្ឍផ្សេងៗ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់សមាជិកជាប្រទេសកំពុងអភិវឌ្ឍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក មានទំហំរហូត ដល់៣៣.៧៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩ ដែលនេះ បង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ទៅនឹងទស្សនវិស័យរបស់ខ្លួន ដើម្បីសម្រេចបានតំបន់ ដែលមានវិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព។
តាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា របាយការណ៍ប្រចាំ ឆ្នាំ២០១៩ របស់ ADB ចេញផ្សាយថ្ងៃនេះ ផ្តល់នូវព័ត៌មាន ស៊ីជម្រៅនៃលទ្ធផលប្រតិបត្តិការ និងហិរញ្ញវត្ថុរបស់ ADB ក្នុងឆ្នាំ២០១៩ ដែលគ្របដណ្តប់ពេញមួយឆ្នាំដំបូង នៃការអនុវត្តយុទ្ធសាស្រ្តរួម រយៈពេលវែងរបស់ ADB ហៅថា យុទ្ធសាស្រ្ត២០៣០។
ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី លោក Masatsugu Asakawa បានថ្លែងថា «ខ្ញុំមានការលើកទឹកចិត្ត ដោយការខិតខំរបស់យើងក្នុងឆ្នាំ២០១៩។ ខ្ញុំមានជំនឿចិត្តលើអ្វី ដែលយើងសម្រេចបានកន្លងមក ក្នុងឆ្នាំ២០២០»។ លោកបន្ដថា «យើងនឹងបន្តពីសមិទ្ធផលសម្រេចបាន ដើម្បីធានាធ្វើការងារបន្ថែម ដែលស្រប ហើយឆ្លើយតបនឹងតម្រូវការសមាជិកយើង ខណៈដែលពួកគេទប់ទល់ និងងើបឡើងវិញ ពីការរាតត្បាតនៃ COVID-19»។
ដើម្បីឆ្លើយតបនឹង COVID-19 កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំនេះ ADB បានអនុម័តកញ្ចប់ថវិកា២០ពាន់លានដុល្លា ដើម្បីផ្តល់ហិរញ្ញប្បទាន សម្រាប់សកម្មភាព ក៏ដូចជាកម្មវិធីនានា ជួយសមាជិកជាប្រទេសកំពុងអភិវឌ្ឍ ដោះស្រាយផលប៉ះពាល់ដោយ ជំងឺរាតត្បាតនេះ។ ការគាំទ្រថ្មីៗ ក្នុងឆ្នាំ២០១៩ រួមមាន៖ កម្ចី ជំនួយ ការវិនិយោគ និងកិច្ចធានាប្រមាណ ២១.៦៤ពាន់លានដុល្លា ពីធនធានផ្ទាល់របស់ ADB ដើម្បីជួយផែនការអភិវឌ្ឍន៍ និងកំណើន នៃសមាជិកដែលជាប្រទេសកំពុងអភិវឌ្ឍ។
ការផ្តល់មូលនិធិ ក្នុងឆ្នាំ២០១៩ (ដែលជាសូចនាករគន្លឹះ សម្រាប់ការអនុវត្តគម្រោង ប្រកបដោយ ជោគជ័យ) មានចំនួនដល់ ១៦,៤៧ពាន់លានដុល្លា គឺកើនឡើង១៦,១% ពីឆ្នាំ២០១៨។ ប្រតិបត្តិការផ្នែកឯកជន របស់ADB ក្នុងឆ្នាំ២០១៩ កើនដល់៣ពាន់លានដុល្លា ដែលជាឆ្នាំទីពីរជាប់ៗគ្នា នៃកម្រិតខ្ពស់នេះ ហើយវាបង្ហាញផែនការ ពង្រីកការវិនិយោគវិស័យឯកជន ក្នុងផ្នែក និងក្នុងប្រទេសអភិវឌ្ឍន៍ បង្គួរថ្មីៗ។
សហហិរញ្ញប្បទាន មានចំនួនដល់១១.៨៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩ ក្នុងនោះ ប្រតិបត្តិការផ្នែក ឯកជនរបស់ ADB មាន៦.៩៨ពាន់លានដុល្លារ នៃចំនួនសហហិរញ្ញប្បទានសរុប។ ហិរញ្ញប្បទាន លើផ្នែកអាកាសធាតុនៃ ADB ក្នុងឆ្នាំ២០១៩ កើនដល់កម្រិតខ្ពស់បំផុតគឺ ៦.៥៥ពាន់លានដុល្លារ។
ADB សម្រេចបានគោលដៅរបស់ខ្លួន មួយឆ្នាំមុនកាលកំណត់ ក្នុងការបង្កើនទ្វេដងនូវការវិនិយោគ ប្រចាំឆ្នាំក្នុងផ្នែកអាកាសធាតុ ដែលកាលពីឆ្នាំ២០១៤ មានត្រឹមតែ៣ពាន់លានដុល្លារប៉ុណ្ណោះ។ នេះបង្ហាញការប្តេជ្ញាចិត្តខ្ពស់របស់ ADB សម្រាប់សកម្មភាពទាក់ទងនឹងបំរែបំរួលអាកាសធាតុ។ យុទ្ធសាស្រ្ត២០៣០ កំណត់គោលដៅ ដើម្បីសម្រេចបាន ហិរញ្ញប្បទាន លើផ្នែកអាកាសធាតុ សរុបឲ្យបាន៣៥ពាន់លានដុល្លា ត្រឹមឆ្នាំ២០២៤ និង៨០ពាន់លានដុល្លា ត្រឹមឆ្នាំ២០៣០។
ADB ក៏កំពុងឈានទៅសម្រេចគោលដៅយុទ្ធសាស្ត្រ២០៣០ របស់ខ្លួន ក្នុងការលើកកម្ពស់សមភាព យេនឌ័រ យ៉ាងហោចណាស់ ៧៥% នៃប្រតិបត្តិការរបស់ខ្លួន។
របាយការណ៍ប្រចាំឆ្នាំ របស់ ADB ក្នុងទម្រង់ ឌីជីថល មានផ្ទុកនូវមាតិកា multimedia ដ៏សំបូរបែប។ ដើម្បីបរិស្ថានមេត្រី វាត្រូវបានបោះផ្សាយ១០០% តាម online។ សូមមើល www.adb.org/ar2019/digital។
ធនាគារអភិវឌ្ឍន៍អាស៊ីប្តេជ្ញា សម្រេចឲ្យបាននូវវិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាពសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ដើម្បីលុបបំបាត់ភាពទីទាល់ក្រ។ បង្កើតឡើងនៅឆ្នាំ១៩៦៦ ADB ជាស្ថាប័នគ្រប់គ្រង ដោយសមាជិកចំនួន៦៨ ដែលក្នុងនោះ៤៩ មកពីតំបន់នេះ៕