(រតនគិរី)៖ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឱ សំណាង អនុប្រធាននាយកដ្ឋានបុគ្គលិក ជាតំណាងនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក និងស្នងការនគរបាលខេត្តរតនគិរី លោកឧត្តមសេនីយ៍ទោ យិន ចំណាន បានដឹកនាំកម្លាំងចំណុះស្នងការដ្ឋាន ចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកប្រាក់សមាគមមិត្តនគរបាលជាតិកម្ពុជា ប្រគល់ជូន ក្រុមគ្រួសារសព លោកវរសេនីយ៍ឯក មុំ គិរីបុត្តា ស្នងការរងនគរបាលខេត្តរតនគិរី ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ដោយជម្ងឺបេះដូង។

ថវិការឧបត្ថម្ភរួមមាន៖

*ទី១៖ ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ៦,០០០,០០០រៀល
*ទី២៖ ថវិកាឧបត្ថម្ភពីអគ្គស្នងការនគរបាលជាតិ ចំនួន ៥,០០០,០០០រៀល
*ទី៣៖ ថវិកាឧបត្ថម្ភពីឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរង ចំនួន ២០០$
*ទី៤៖ ថវិកាឧបត្ថម្ភពីកងកម្លាំងស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចំនួន ៣,០០០,០០០រៀល។

ថវិកាសរុបចំនួន ១៤,០០០,០០០៛ និង២០០$ បានធ្វើការប្រគល់ជូនដល់គេហដ្ឋានគ្រួសារសព ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានផ្តល់កិត្តិយសបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី ជូនសពលោកវរសេនីយ៍ឯក មុំ គិរីបុត្តា ជាកិច្ចបច្ឆាមរណៈផងដែរ។

នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ បានសោកស្ដាយ និងចូលរួមរំលែកទុក្ខជូនក្រុមគ្រួសារសពផងដែរ៕