(បន្ទាយមានជ័យ)៖ លោក លី សារី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ រួមនិងអនុសាខាស្រុកមង្គលបូរី អាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បាននាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅចូលរួមបុណ្យសពក្មេងប្រុស ហុង គឹមសាង អាយុ១ខួប ៤ខែ ដែលបានលង់ទឹករណ្តៅ សម្រាប់ស្រោចដំណាំជម្រៅប្រហែលកន្លះម៉ែត្រ កាលពីរសៀលម៉ោង៣ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នៅភូមិផ្លូវដំរីលើ ឃុំសឿ ស្រុកមង្គលបូរី។
ក្នុងឱកាសនោះដែរ លោក លី សារី បានសម្តែងនូរការសោកស្តាយ ចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារកុមារាដែលលង់ទឹក ដែលបានបាត់បង់កូន ជាទីស្រលាឡាញ់ក្នុងមួយពព្រីចភ្នែក។ ជាមួយនឹងការចូលរួមរំលែកទុក្ខក្រោយពីបានទទួលព័ត៌មាននេះ ភ្លាមលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ក៏បានចាត់ឱ្យក្រុមការងារ តាមរយៈលោកផ្ទាល់នាំយកអង្ករ និងគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីចូលរួមរំលែកទុក្ខជាមួយក្រមគ្រួសារនៃសព។
ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះកូន ចៅតូចៗ កុំឱ្យលេងទឹកក្រែងកើតមានដូចករណីខាងលើនេះ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសរដូវទឹកជំនន់ក៏ជិតឈានមកដល់ និងសូមបងប្អូនប្រុងប្រយ័ត្នឱ្យមែនទែនចំពោះកូន ឬចៅតូចៗ៕