(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋក្រីក្រចំនួន១៨ភូមិ ក្នុងឃុំចំណោម ស្រុកមង្គលបូរី សរុបចំនួន៧០គ្រួសារ ទទួលបានអំណោយពីនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រី តាមរយៈលោក លី សារី អភិបាលរងខេត្តតំណាងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។
នាឱកាសនោះ ក៏មានការចូលរួមជាអធិបតីពី លោក សាំង សាវ៉ាត ទីប្រឹក្សានាយឧត្តមសេនីយ៍ កែ គឹមយ៉ាន លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី មេឃុំ មេភូមិផងដែរ។ ពិធីនេះ ធ្វើឡើងនៅសាលាឃុំចំណោម ស្ថិតនៅភូមិចំណោម ស្រុកមង្គលបូរី នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។
លោក លី សារី បានថ្លែងថា ដោយមានលារគិតគូរខ្ពស់ពីថ្នាក់ដឹកនាំ ពិសេស នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកស្រី តាមរយៈលោក បាននាំយកអំណោយ មកចែកជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីជួយដល់បងប្អូនបានដោះស្រាយមួយគ្រារ សម្រាប់ដោះស្រាយបញ្ហាប្រចាំថ្ងៃ។
លោកបានបញ្ជាក់ថា ចូលយើងត្រូវបន្តប្រុងប្រយ័ត្ន ឲ្យបានខ្ពស់គ្រប់ៗគ្នា គ្រប់ក្រុមគ្រួសាររួមគ្នា បន្តប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ដោយត្រូវចងចាំជានិច្ច ជាមួយការអនុវត្តអនាម័យឲ្យបានជាប្រចាំ ចៀសវាងពីការឆ្លងមេរោគផ្សេងៗ ពិសេសកូវីដ-១៩ បើទោះបីជាកម្ពុជា មានអ្នកជាសះស្បើយ អស់ក៏ពិតមែន តែពិភពលោកកំពុងប្រឈម និងការរីករាលដាលខ្លាំង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់។
ជាមួយគ្នានោះ លោក សាំង សាវ៉ាត ក៏បានជំរុញដាស់តឿនបន្ថែម សូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ជាមួយនឹងជំងឺឆ្លង កូវីដ-១៩ដ៏កាចសាហាវនេះ ជាពិសេស បងប្អូនមិនត្រូវមើលស្រាលចំពោះជំងឺកូវីដ-១៩នេះ ដាច់ខាត ហើយការមើលស្រាល និងមិនយកចិត្តទុកដាក់អំពីជំងឺនេះ គឺអាចប្រឈមនិងការឆ្លងពីជំងឺនេះ និងសូមរក្សាអនាម័យល្អ ដូចជាឧស្សាហ៍លាងដៃជាមួយសាប៊ូនិងទឹកស្អាត ឬអាល់កុល ឬទឹកជែលលាងដៃ ឲ្យបានញឹកញាប់។
សម្រាប់អំណោយសម្ភារដែលយកទៅប្រគល់ជូន បងប្អូនដែលមានជីវភាពខ្វះខាត ចាស់ជរា នាពេលនោះរួមមាន៖ អង្ករ២០គីឡូក្រាម, ទឹកស៊ីអ៊ីវ, ទឹកត្រី, ទឹកសុទ្ធ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត៕