(ភ្នំពេញ)៖ លោក អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជាបានឲ្យដឹងថា ចំណូលរបស់ប្រៃសណីយ៍កម្ពុជា នៅរយៈពេល៤ខែដំបូងឆ្នាំ២០២០នេះ បានធ្លាក់ចុះយ៉ាងគំហុក ហើយការធ្លាក់ចុះនេះដោយជំងឺកូវីដ១៩។
ថ្លែងឲ្យដឹងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News លោក អោក បូរ៉ា បានឲ្យដឹងថា «នៅកំឡុងខែមករា និងកុម្ភៈ វិស័យប្រៃសណីយ៍កម្ពុជា មិនទទួលរងផលប៉ះពាល់ខ្លាំងប៉ុន្មានោះទេ ប៉ុន្ដែចាប់ពីខែមីនា រហូតដល់ខែឧសភានេះ វិស័យប្រៃសណីយ៍ទទួលរងផលប៉ះពាល់ខ្លាំងមែនទែន ដោយសារតែបញ្ហាជំងឺកូវីដ១៩ ដែលប៉ះពាល់ខ្លាំងលើអាកាសចរណ៍គ្រប់ប្រទេសទាំងអស់ ដែលតម្រូវឲ្យប្រទេសនីមួយៗបិទ មិនឲ្យមានការហោះហើរចេញចូល ដែលនេះធ្វើឲ្យប៉ះពាល់ខ្លាំងជាងគេ លើវិស័យទេសចរណ៍ ចំណែកឯប្រៃសណីយ៍កម្ពុជា ក៏ទទួលរងផលប៉ះពាល់ខ្លាំងផងដែរ មិនមែនតែកម្ពុជានោះទេ ប្រៃសណីយ៍ទូទាំងពិភពលោកក៏រងផលប៉ះពាល់ដូច្នេះដែរ»។
លោកបានបន្ដថា ប្រៃសណីយ៍កម្ពុជាបានសហការគ្នា ជាដៃគូជាមួយប្រទេសចំនួន១៩២ លើពិភពលោក ហើយទីផ្សារធំជាងគេរបស់ប្រៃសណីយ៍ គឺអឺរ៉ុប, អាមេរិក, អូស្រ្ដាលី, កូរ៉េ, ជប៉ុន។ ជាក់ស្ដែងបច្ចុប្បន្ននេះប្រទេសអ្នកមានទាំងនោះ កំពុងរងផលប៉ះពាល់ពីជំងឺកូវីដ១៩នេះផងដែរ។
លោកបានបន្ថែមថា «ចំពោះផលប៉ះពាល់នេះខ្ញុំគិតថា ជាការប៉ះពាលធ្ងន់ធ្ងរ ចំពោះវិស័យប្រៃសណីយទាំងលើសកលលោក និងប្រៃសណីយ៍កម្ពុជា។ ចំពោះបញ្ញើរបស់ប្រៃសណីយ៍កម្ពុជា ពឹងផ្អែកស្ទើរជាង៩០ភាគរយ គឺបញ្ញើអន្ដរជាតិ ដែលយើងផ្ញើទៅប៉ែកអឺរ៉ុប, អាមេរិក, អូស្រ្ដាលី និងកូរ៉េ ពេលកម្ពុជាផ្ញើចេញក៏បានលុយ ពេលដៃគូផ្ញើមកក៏បានលុយ ប៉ុន្ដែពេលនេះយើងបាត់បង់ចំណូលទាំងចេញទាំងចូលតែម្ដង ហើយខ្ញុំក៏មិនដឹងទេ ថាពេលណាធូរស្បើយមកវិញទេ»។
លោកបញ្ជាក់ទៀតថា «ងាកមកមើលចំណូលរបស់ប្រៃសណីយ៍កម្ពុជាវិញ បានធ្លាក់ចុះយ៉ាងកំហុក ក្នុងរយៈពេល៤ខែចាប់ពីខែមករា-មេសា ឆ្នាំ២០២០នេះ បើងាកទៅមើលចំណូលប្រៃសណីយ៍ កាលពីឆ្នាំ២០១៩រយៈពេលដូចគ្នា កម្ពុជារកចំណូលបានរហូតដល់៤លាន១៩ម៉ឺនដុល្លារ ប៉ុន្ដែឆ្នាំនេះចំណូលបានតែ២លាន១៦ម៉ឺនដុល្លារប៉ុណ្ណោះ ដែលធ្លាក់ចុះ៤៨.២៤ភាគរយ។ ចំណូលទាំងនេះយើងពឹងផ្អែករហូតដល់៩០ភាគរយពីអន្ដរជាតិ ប៉ុន្ដែប្រសិនបើអាកាសចរណ៍ នៅតែមិនដំណើរការប្រៃសណីយ៍កម្ពុជានឹងជួបហានីភ័យ ហើយខ្ញុំមិនអាចស្មានបានទេថា ពេលណាដំណើរការឡើងវិញ»៕