(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៣ទៀត សរុបទុនវិនិយោគជាង១៩លានដុល្លារ ដែលអាចបង្កើតការងារ ជាច្រើនរយកន្លែង។
តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ «វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនចំនួន៣ ដូចខាងក្រោម៖
* ទី១៖ LUCKY UNIQUE ENTERPRISE CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ២.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន៥៥៤កន្លែង។
* ទី២៖ RAINBOW SUNWOOD MANUFACTURING CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ សម្ភារតុបតែងសម្រាប់រថយន្ត (ស្រោមពូក កម្រាល ក្រណាត់គ្រប់រថយន្ត -ល-) ដែលមានទីតាំងវិនិយោគស្ថិត នៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៨៨កន្លែង។
* ទី៣៖ HONG FENG KNITTING CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបន្ទាយតូច ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ១៤.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៨៦កន្លែង៕