(កណ្ដាល)៖ មកទល់ពេលនេះ មានប្រជាពលរដ្ឋប្រមាណ ៣ លាននាក់ហើយកំពុងរស់នៅក្នុងរាជធានីភ្នំពេញ ហើយឱ្យតែដល់ពេលចុងសប្ដាហ៍ ឬពេលរដូវបុណ្យទានម្ដងៗ ពួកគេតែងចេញពីរាជធានីទៅកាន់តំបន់ទេសចរណ៍តាមបណ្ដាខេត្តនានា ដើម្បីស្វែងរករមណីយភាពបង្កើនអារម្មណ៍ស្រស់ស្រាយលម្អជីវិតរស់នៅ ខណៈអ្នកខ្លះទៀតក៏ចូលចិត្តសម្រាកលម្ហែកាត់បន្ថយភាពស្ត្រេសស្មុគស្មាញផងដែរ ប៉ុន្តែអ្វីដែលជាចំណុចចាំបាច់ និងជាចំណោទបញ្ហាផងនោះ គឺពេលវេលាខ្លី ទីទេសចរណ៍នៅឆ្ងាយ។
ទោះជាយ៉ាងណា បញ្ហានេះមិនមែនជាឧបសគ្គទៀតនោះទេសម្រាប់ភ្ញៀវទេសចរគ្រប់គ្នា លោកអ្នកអាចមកទស្សនាកម្សាន្តបាននៅរមណីយដ្ឋានទេសចរណ៍ ភូមិផ្កាត្រកួន ដែលនៅជិតបង្កើយនឹងរាជធានីភ្នំពេញ។ ភូមិផ្កាត្រកួន មានទីតាំងស្ថិតនៅភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ដោយលោកគ្រាន់តែធ្វើដំណើរតាមផ្លូវព្រែកប្រា ខណ្ឌច្បារអំពៅ ឬធ្វើដំណើរតាមផ្លូវ ៦០ ម៉ែត្រ ឆ្លងស្ពានព្រែកសំរោង ហើយបន្តដំណើរតាមផ្លូវបណ្ដោយទន្លេបាសាក់ត្រើយខាងកើតប្រមាណជា ២០ នាទី លោកអ្នកនឹងមកដល់វត្តឫស្សីជ្រោយនៅខាងស្ដាំដៃ និងខ្លោងទ្វារចូលភូមិផ្កាត្រកួននៅខាងឆ្វេងដៃ បត់តាមខ្លោងទ្វារចូលប្រមាណ ៥ នាទីទៀតប៉ុណ្ណោះ អ្នកនឹងបានឃើញរមណីយដ្ឋានភូមិផ្កាត្រកួន។
ពពកដេរដាសពេញនុភាល័យ ខ្យល់បក់ផាត់ផាយរហើយរំភើយ បុប្ផាស្គុះស្គាយរីករាយប្រិមប្រិយ រុក្ខាខ្ពស់ទាបលាស់ស្លឹកចុងមែក លម្អធរណីបង្អួតសម្ញែងសម្រស់ឆើតឆោមមួយអន្លើ។ ចូលទៅក្នុងបន្តិច លោកអ្នកនឹងឃើញបឹងតូចមួយរងទឹកថ្លាឈ្វេង ឯនាយមាត់បឹងដើមដូងសំយ៉ាបស្លឹករេរាំតាមខ្យល់ ស្វាគមន៍វត្តមានអ្នកទេសចរឱ្យបញ្ចេញនូវស្នាមញញឹមពព្រាយរសាត់បាត់អស់ក្ដីទុក្ខ មើលជិតបន្តិចទើបដឹងថាជានារីក្រមុំរួមជុំគ្រួសារវង់ភក្ត្រពិតជាតិខេមរាមិនអាចបំភ្លៃ។
ស្ពានឈើឫស្សីសណ្ដូកកាត់លើផ្ទៃបឹង សម្លឹងយូរបន្តិចទើបឃើញត្រកួនដុះលូតប៉ប្រះទឹក ទោះបីមិនទាន់ដល់រដូវចេញផ្កា តែវារីរុក្ខជាតិទាំងនេះហាក់ឆក់យកចិត្តទេសចរឱ្យបេតីប្រតិព័ទ្ធមុនបាត់ទៅហើយ ធ្វើឱ្យអារម្មណ៍សែនសោមន្សសុខសាន្ត ក្រោមមេឃស្រឡះពណ៌ខៀវខ្ចី ស្របពេលពិធីបុណ្យចូលឆ្នាំខ្មែរកន្លងផុតទៅ។
ជិះកង់កម្សាន្តទៅកាន់ភូមិផ្កាត្រកួន ក៏ជាជម្រើសល្អសម្រាប់ភ្ញៀវទេសចរដែលចូលចិត្តហាត់កីឡាបំប៉ះសុខភាព ដ្បិតផ្លូវទៅកាន់រមណីយដ្ឋានទេសចរណ៍មួយនេះ ក៏មានភាពងាយស្រួលផងដែរ។
ផ្ទះខ្មែរក្បឿងក្រហមលំនាំខ្មែរសម័យឧដុង្គលង្វែក តម្រៀបស្មើជួរបង្អួតខ្សែនេត្រាអស់ភ្ញៀវទេសចរពីត្រើយម្ខាងបឹងដ៏ស្រស់ប្រិមប្រិយ អមដោយសួនផ្កាច្បារដំណាំចម្រុះពណ៌ប្រពៃ លម្អផ្ទះបុរាណខ្មែរយើងឱ្យកាន់តែមានភាពទាក់ទាញគួរឱ្យចង់រស់នៅ ភូមិផ្កាត្រកួន មិនត្រឹមតែជាទីទេសចរណ៍ដ៏រីករាយប៉ុណ្ណោះទេ តែក៏មានសេវាលក់ដីឡូតិ៍ជូនប្រជាពលរដ្ឋ ដែលចង់បានដីផ្ទាល់ខ្លួនទុកគ្រាន់សង់ផ្ទះសម្រាកលម្ហែកាយពេលទំនេរពីការងារ ឬនៅពេលចូលនិវត្តន៍ជាដើម ខណៈគម្រោងរៀបចំកែលម្អកំពុងបន្តធ្វើជាបន្តបន្ទាប់៕
សូមទស្សនាវីដេអូដូចតទៅ៖