(ភ្នំពេញ)៖ ចាប់ពីមានការរាតត្បាតជំងឺកូវីដ១៩ (COVID-19) រហូតដល់បំណាច់ខែមេសា គ្រឹះស្ថានអប់រំជាច្រើន ត្រូវបានបិទទ្វា និងប៉ះពាល់ដល់ការសិក្សា របស់សិស្ស-និស្សិត ប្រមាណជា១.២៩ប៊ីលាននាក់ ឬ៧៣.៨០% នៅប្រទេសចំនួន១៨៦ ទូទាំងសកលលោក (UNSCO, 2020)។
កម្ពុជា ក៏កំពុងទទួលរងនូវផលប៉ះពាល់នេះដែរ ដោយគ្រឹះស្ថានសិក្សាគ្រប់កម្រិត និងគ្រប់ប្រភេទ ត្រូវបានប្រកាសឲ្យបិទទ្វារ ចាប់ពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ដើម្បីកាត់បន្ថយការជួបជុំផ្ទាល់ រវាងគ្រូបង្រៀន និងសិស្ស-និស្សិត ក៏ដូចជាការចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺនេះ ចូលក្នុងសហគមន៍ (MoEYS, 2020a)។
ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកកម្ពស់ដល់ការសិក្សាតាមអនឡាញ នៅតាមគ្រឹះស្ថានអប់រំគ្រប់កម្រិត និងគ្រប់ប្រភេទ ដោយណែនាំដល់ សិស្ស-និស្សិត អាណាព្យាបាល និងគ្រឹះស្ថានអប់រំ សម្រាប់រៀបចំការបង្រៀន និងការវាយតម្លៃតាមកាលវិភាគ ដើម្បីឲ្យសិស្ស-និស្សិតអាចបន្តការសិក្សា និងទទួលបាន សញ្ញាបត្រ ដែលទទួលស្គាល់ជាផ្លូវការ ពីការសិក្សានេះ (MoEYS, 2020b)។
ដើម្បីឆ្លើយតបនឹងសេចក្តីប្រកាសទាំងនេះ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា (AIB) បានធ្វើការយ៉ាងមមាញឹក និងយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការរៀបចំ កែសម្រួល វិធីសាស្ត្របង្រៀន ឧបករណ៍ និងសម្ភារឧបទេស សម្រាប់បង្វែរការសិក្សាដោយផ្ទាល់ ទៅជាការសិក្សាតាមអនឡាញវិញ។
ចាប់តាំងពីចុងខែមីនា ឆ្នាំ២០២០មក វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានផ្តល់ការសិក្សាតាមអនឡាញ ដល់សិស្ស-និស្សិតទាំងអស់ ដែលមាន និងសិក្ខាកាម មកពីធនាគារ អេស៊ីលីដា ភីអិលស៊ី និងស្ថាប័ន ឬក្រុមហ៊ុនផ្សេងៗ ទៀត។
លោក សោ សុភា ប្រធានអនុគណៈកម្មាធិការស្រាវជ្រាវ និងវិភាគសេដ្ឋកិច្ចកម្ពុជា វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានឲ្យដឹងថា ការសិក្សាតាមអនឡាញនៅ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា មានភាពងាយស្រួល និងអាចដំណើរការ ដោយរលូនប្រកបដោយប្រសិទ្ធភាព ដោយសារតែ៖
១៖ សេវាអ៊ីនធើណិតគ្របដណ្តប់យ៉ាងទូលំទូលាយ ជាមួយនឹងតម្លៃ និងល្បឿនសមស្រប (ទំហំ10GB មានតម្លៃ1$ ដំណើរការដោយប្រព័ន្ធ 3G 4G 4.5G ឬ LTE) ដែលអាចទទួលយកបានពីអ្នកប្រើប្រាស់គ្រប់មជ្ឈដ្ឋាន (MPTC, 2016; ITC, 2017)។ AIB បានបំពាក់នូវបណ្តាញអ៊ីនធើណិតល្បឿនលឿន ដើម្បីរក្សានិរន្តរភាព និងប្រសិទ្ធភាពនៃប្រតិបត្តិការប្រចាំថ្ងៃ ក៏ដូចជាការសិក្សាតាមអនឡាញ។
២៖ ឧបករណ៍វៃឆ្លាត (Smart Phones, Tablets, Laptops, Computers, Smart TVs ជាដើម) ដែលសំបូរបែប មានច្រើនម៉ូតច្រើនម៉ាក ទាំងថ្មីទាំងប្រើរួច មានតម្លៃសមស្រប និងអាចរកទិញបានតាមទីផ្សារទូទាំងប្រទេស។ និស្សិតនៅ AIB មានទូរសព្ទវៃឆ្លាតចំនួន១០០% និងកុំព្យូទ័រយួរដៃប្រហែល៧០%។
៣៖ ប្រព័ន្ធគ្រប់គ្រងការសិក្សា (LMS) នាពេលបច្ចុប្បន្ននេះ មានច្រើនជម្រើសសម្រាប់អ្នកប្រើប្រាស់ ដែលដាក់ឲ្យទាញយកដោយបង់ថ្លៃ និងមិនបង់ថ្លៃសេវា។
AIB បាននិងកំពុងប្រើប្រាស់កម្មវិធី GoToMeeting និង Zoom សម្រាប់ការបង្រៀន ការធ្វើបទបង្ហាញ និងការជជែកពិភាក្សាដោយផ្ទាល់ ឬមិនផ្ទាល់តាមអនឡាញ, កម្មវិធី Google Classroom សម្រាប់ការវាយតម្លៃលទ្ធផលសិក្សារបស់និស្សិត (ឯកសារ កិច្ចការ លំហាត់ សំណួរ ការប្រឡង ជាដើម)។
កម្មវិធី URM សម្រាប់ការកត់ត្រា និងការរាយការណ៍វត្តមាននិស្សិតជូនអាណាព្យាបាល និងភាគីពាក់ព័ន្ធ ក៏ដូចជាផ្សាយលទ្ធផលសិក្សាដល់និស្សិត ហើយកម្មវិធី Telegram សម្រាប់ទំនាក់ទំនង និងការផ្ញើឯកសារសិក្សា (មេរៀន រូបភាព សំឡេង វីដេអូ ជាដើម) ចំណែកឯបណ្ណាល័យអេឡិចត្រូនិកវិញ ត្រូវបានប្រើសម្រាប់ ការរក្សាទុកឯកសារ សៀវភៅ សំឡេង រូបភាព និង វីដេអូ -ល-។ ដែលទាក់ទងនឹងការបង្រៀន និងការសិក្សា។
លោក សោ សុភា បន្ដទៀតថា ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង គ្រូបង្រៀន-ហ្វឹកហ្វឺន និងបុគ្គលិករបស់ AIB បានឯកភាពគ្នា ជាធ្លុងមួយក្នុងការរៀបចំ៖
១៖ កែសម្រួលផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព ព្រមទាំងគោលការណ៍ប្រតិបត្តិ នីតិវិធី និងសេចក្តីណែនាំ សម្រាប់បន្តប្រតិបត្តិការ ក្នុងបរិបទនៃការរីករាតត្បាត ជំងឺកូវីដ១៩ ដើម្បីសម្រេចបាននូវផែនការអាជីវកម្ម។
២៖ វគ្គហ្វឹកហ្វឺន សិក្ខាសាលា និងកិច្ចប្រជុំជាបន្តបន្ទាប់ សម្រាប់ក្រុមគ្រូបង្រៀន ថ្នាក់គ្រប់គ្រង និងបុគ្គលិក ដើម្បីចែករំលែក ហ្វឹកហ្វឺន និង/ឬជជែកពិភាក្សាទាក់ទង នឹងការរៀបចំ ការបង្រៀន ការវាយតម្លៃ និងការសម្របសម្រួលនិស្សិតតាមអនឡាញ។
៣៖ បង្កើតបន្ថែមនូវគណៈកម្មការរៀបចំកែលម្អ និងអភិវឌ្ឍវេទិកាឌីជីថល ក៏ដូចជាគណៈកម្មការបច្ចេកទេស ដែលមានសមាសភាពចូលរួមពីក្រុមបច្ចេកទេសនៅ AIB និងក្រុមហ៊ុនមេ (ធនាគារ អេស៊ីលីដា ភីអិលស៊ី) ដើម្បីគាំទ្រដល់ថ្នាក់គ្រប់គ្រង គ្រូបង្រៀន បុគ្គលិក និងនិស្សិត ក្នុងការផ្តល់សេវាកម្មអប់រំតាមប្រព័ន្ធអេឡិចត្រូនិក។
៤៖ កែសម្រួលកម្មវិធីសិក្សាលម្អិត បំពាក់ឧបករណ៍ និងអភិវឌ្ឍសម្ភារឧបទេសបន្ថែមសម្រាប់ការបង្រៀន។
៥៖ ជូនដំណឹងដល់និស្សិត ស្តីពី ការត្រៀមរៀបចំនូវឧបករណ៍ និងសម្ភារឧបទេសសម្រាប់ការសិក្សា។
៦៖ បន្តតាមដាន លើកទឹកចិត្ត គាំទ្រ និងស្តាប់និស្សិត ដើម្បីធ្វើឲ្យការសិក្សាតាមអនឡាញកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់ ដូចនឹងការសិក្សាក្នុងថ្នាក់ផ្ទាល់ដែរ។
ដើម្បីរក្សានិរន្តរភាព និងប្រសិទ្ធភាពនៃការសិក្សាតាមអនឡាញនេះ លោក សោ សុភា បានផ្តល់អនុសាសន៍មួយចំនួន ដូចខាងក្រោម៖
១៖ ក្រសួងអប់រំ យុវជន និងកីឡា គួរបន្តរក្សាការទទួលស្គាល់ការសិក្សាតាមអនឡាញនេះ ដូចនៅបណ្តាប្រទេសជឿនលឿនលើសកលលោក ទោះបីការរាតត្បាតនៃជំងឺកូវីដ១៩ត្រូវបានបញ្ចប់ក្តី។
២៖ គ្រប់ភាគីគប្បីបន្តធ្វើការ សហការ និងគាំទ្រគ្នា ដើម្បីទទួលបានអត្ថប្រយោជន៍ពីការសិក្សាតាមអនឡាញ និងអភិវឌ្ឍវាបន្តទៀតឱ្យកាន់តែទាន់សម័យ ស្របតាមតម្រូវការជាក់ស្តែង។
៣៖ គ្រប់ភាគីពាក់ព័ន្ធគួរបន្តសិក្សាស្វែងរក និងបំពាក់នូវឧបករណ៍សម្ភារឧបទេសចាំបាច់ ព្រមទាំងហ្វឹកហ្វឺនគ្រូបង្រៀន អំពីការប្រើប្រាស់ឧបករណ៍សម្ភារឧបទេសនោះ ជាពិសេស គឺការបង្រៀន និងការវាយតម្លៃនិស្សិត សម្រាប់ការសិក្សានេះ ដើម្បីធានាការផ្តល់សេវាកម្មអប់រំរបស់ខ្លួនប្រកបដោយគុណភាពខ្ពស់បំផុត។
៤៖ ភាគីពាក់ព័ន្ធទាំងអស់គួរតែបន្តផ្សព្វផ្សាយ និងផ្តល់ការអប់រំតាមមធ្យោបាយនេះបន្ថែមលើការសិក្សាក្នុងថ្នាក់ផ្ទាល់ សម្រាប់អ្នកសិក្សា ដែលនៅតែមានតម្រូវការ ទោះបីក្រសួងអប់រំប្រកាសឱ្យស្ថាប័នទាំងអស់បើកដំណើរការជាធម្មតាវិញក្តី បន្ទាប់ពីការរីករាតត្បាតជំងឺនេះត្រូវបានបញ្ចប់។
៥៖ គ្រប់ភាគីពាក់ព័ន្ធគួរស្វែងរក សិក្សាបន្ថែម និងនាំយកអត្ថប្រយោជន៍ពីការសិក្សាតាមអនឡាញ ដើម្បីជាមូលដ្ឋានសម្រេចចិត្ត និងកែលម្អនូវគុណភាពការងារ និងសេវាកម្មឱ្យអស់ពីលទ្ធភាព ដើម្បីបង្កើននូវអត្ថប្រយោជន៍ជាអតិបរមា ក៏ដូចជាការប្រកួតប្រជែងជាមួយនឹងគូប្រកួតប្រជែងក្នុងស្រុក តំបន់ និងសកលលោក។
លើសពីនេះ គួរយកអត្ថប្រយោជន៍ទាំងនោះ ជាមូលដ្ឋានក្នុងការរៀបចំផែនការ និងប្រតិបត្តិការអាជីវកម្ម ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយនិរន្តរភាព។
ឯកសារយោង Subcommittee of Cambodia Economic Research and Analysis. (2020). Online Learning at ACLEDA Institute of Business during COVID-19. From http://acleda-aib.edu.kh/tc/eng/business-news៕