(ភ្នំពេញ)៖ លោក មូន ចេ អ៉ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារ ចំពោះមរណភាព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។
តាមលិខិតផ្លូវការរបស់លោក មូន ចេអ៉ីន ដែលបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចូលរួមរំលែកទុក្ខ ដោយសេចក្ដីសោកស្ដាយស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះដំណឹងមរណភាពដ៏ក្រៀមក្រំ នៃមាតាក្មេករបស់សម្ដេចតេជោ។
ខ្ញុំសូមបួងសួង សូមសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារ ព្រមទាំងប្រជាជនកម្ពុជា ជម្នះបាននូវមរណទុក្ខ ចំពោះការបាត់បង់បុគ្គលឆ្នើមដ៏សំខាន់មួយរូប។
ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ចំពោះទំនាក់ទំនងកាន់តែស៊ីជម្រៅ របស់ប្រទេសទាំងពីរ ក្រោមចំណាប់អារម្មណ៍ដ៏វិសេសវិសាលរបស់សម្ដេចតេជោ។ ខ្ញុំសូមជូនពរ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារ សូមប្រកបដោយសេចក្ដីសុខចម្រើន និងសុភមង្គល និងសូមឱ្យព្រះរាជាណាចក្រកម្ពុជា បន្តនូវការរីកចម្រើនប្រកបដោយចីរភាព»។
សូមជម្រាបថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតា មាតាក្មេក ជីដូន បានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង២និង១២នាទី ទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ៕